
រាជធានីភ្នំពេញ៖ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង (ស្គន់-កំពង់ចាម) ប្រវែងជាង៤៥គីឡូម៉ែត្រ ចាប់ផ្តើមពីស្រុកជើងព្រៃ រហូតដល់ក្រុងកំពង់ចាម សម្រេចការសាងសង់បានជិត៩០ភាគភាគរយហើយ គិតត្រឹមដើមខែមីនា ឆ្នាំ២០២៦…។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី១៨មីនានេះថា បច្ចុប្បន្ន គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម កំពុងត្រូវបានក្រុមជំនាញសម្រុកចាក់កៅស៊ូ AC, គូសគំនូសចរាចរណ៍, បំពាក់ស្លាកសញ្ញាចរាចរណ៍, ដាក់អំពូលសូឡាបំភ្លឺពេលរាត្រី។ល។ លោកបន្ថែមថា ផ្អែកលើល្បឿនសកម្មភាពការដ្ឋាន គម្រោងនេះនឹងបញ្ចប់ក្នុងឆ្នាំ២០២៦ មានន័យថា លឿនជាងផែនការគ្រោងទុក។ ស្របពេលការដ្ឋានស្ថាបនាកំពុងមមាញឹក អ្នកនាំពាក្យក្រសួងសាធារណការ បានអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) បើកបរដោយប្រុងប្រយ័ត្ន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។

ផ្លូវជាតិលេខ៧ បានចាប់ផ្តើមការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ ផ្លូវជាតិនេះមានទទឹងប្រវែង២៤,៥ម៉ែត្រ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ជួយសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្ម កសិឧស្សាហកម្ម ព្រមទាំងជួយលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ៕





