
មជ្ឈិមបូព៌ា៖ សម្ព័ន្ធមិត្តនៃបណ្តាប្រទេសនាំចេញប្រេង (OPEC+) បានប្រកាសជាផ្លូវការ ពីផែនការជំរុញការបង្កើនបរិមាណផលិតកម្មប្រេងឆៅបន្ថែមចំនួន១៨៨ ០០០បារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែសីហាខាងមុខតទៅ។ ការសម្រេចចិត្តរួមគ្នារវាងសមាជិកស្នូលទាំង៧ប្រទេស រួមមាន៖ អារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ គូវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់ ធ្វើឡើង បន្ទាប់ពីទីផ្សារថាមពលសកលចាប់ផ្តើមបង្ហាញសញ្ញាងើបឡើងវិញជាបណ្តើរៗ ស្របពេលដែលវិបត្តិនៃសង្រ្គាមរវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ បាននិងកំពុងឈានទៅរកការបន្ធូរបន្ថយភាពតានតឹង។

ការដំឡើងទិន្នផលប្រេងនេះ គឺជាការកើនឡើងប្រចាំខែលើកទី៥ជាប់ៗគ្នារបស់ក្រុម OPEC+ ក្នុងគោលបំណងស្តារ និងបញ្ចេញប្រេងមកលើទីផ្សារវិញ បន្ទាប់ពីធ្លាប់បានកាត់បន្ថយការផលិតយ៉ាងគំហុក ដោយសារឥទ្ធិពលនៃការបិទខ្ទប់ច្រកសមុទ្ទយុទ្ធសាស្ត្រហ័រមូស្សពីសំណាក់អ៊ីរ៉ង់ ដែលបង្ខំឱ្យទិន្នផលផលិតកម្មសរុបរបស់ប្លុកនេះធ្លាក់ចុះពីជិត៤៣លានបារ៉ែល មកត្រឹមតែ៣៣លានបារ៉ែលក្នុងមួយថ្ងៃ កាលពីខែឧសភា។ ទោះជាយ៉ាងណា ក្រោយពេលលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេស្គៀន (Masoud Pezeshkian) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា កាលពីថ្ងៃទី១៧ ខែមិថុនា ដើម្បីបញ្ចប់សង្រ្គាម ស្ថានភាពនាវាចរណ៍តាមច្រកសមុទ្ទនេះ បានចាប់ផ្តើមមានភាពធូរស្រាល និងបើកផ្លូវឱ្យអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ អាចបញ្ចេញប្រេងរាប់សិបលានបារ៉ែល ដែលកកស្ទះត្រឡប់ចូលទីផ្សារវិញ។

យោងតាមទិន្នន័យទីផ្សារ ប្រេងឆៅប្រភេទ Brent សម្រាប់ការដឹកជញ្ជូនក្នុងខែកញ្ញា បានដាំក្បាលចុះមកត្រឹម៧២ដុល្លារក្នុងមួយបារ៉ែល ជាកម្រិតមួយទាបជាងតម្លៃកាលពីថ្ងៃទី២៧ ខែកុម្ភៈ (មួយថ្ងៃមុនពេលសង្រ្គាមផ្ទុះឡើង)ទៅទៀត បន្ទាប់ពីវាធ្លាប់បានហក់ឡើងថ្លៃកប់ពពករហូតដល់ទៅ១២៦ដុល្លារកាលពីខែមេសា។ ក្រុមអ្នកវិភាគទីផ្សារបានវាយតម្លៃថា ការធ្លាក់ថ្លៃនៃតម្លៃប្រេងនាពេលនេះ គឺឆ្លុះបញ្ចាំងពីក្តីសង្ឃឹមរបស់ពិភពលោក ចំពោះសន្តិភាពយូរអង្វែងនៅមជ្ឈិមបូព៌ា រួមផ្សំជាមួយសម្ពាធនៃការផ្គត់ផ្គង់ប្រេងលើសតម្រូវការក្នុងរយៈពេលខ្លី ដោយសារការសម្រុកនាំចេញបន្ថែមពីអាម៉េរិក រុស្ស៊ី និងការធ្លាក់ចុះនៃតម្រូវការបញ្ជាទិញពីប្រទេសចិន។ យ៉ាងណាមិញ ក្រុមប្រទេស OPEC+ បញ្ជាក់ថា ខ្លួននឹងជួបប្រជុំគ្នាម្ដងទៀតនៅថ្ងៃទី២ ខែសីហា ដើម្បីតាមដានស្ថានភាពទីផ្សារយ៉ាងដិតដល់ និងរក្សាសិទ្ធិក្នុងការកែប្រែទិន្នផលភ្លាមៗ ប្រសិនបើមានការប្រែប្រួលណាមួយកើតឡើង៕




