សូមកុំទទួលទាន! ទឹកកាធំ មិនមែនជាភេសជ្ជៈ តែជាគ្រឿងញៀនដែលអាចបង្កហានិភ័យសុខភាពរយៈពេលវែង
ហាក់ អ៊ីឌី
13 ម៉ោងមុន

ក្រុងបាត់ដំបង៖ នៅមួយរយៈចុងក្រោយនេះ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្តជាប់ព្រំដែន បាននិងកំពុងពេញនិយមទទួលទានទឹកម្យ៉ាងឈ្មោះ«ទឹកកាធំ ឬទឹកកន្ឋំ» ផលិតចេញពីស្លឹករុក្ខជាតិមួយប្រភេទ ដែលថៃហៅថា(កាធំ)។ ទឹករុក្ខស្លឹកជាតិនេះមានសារធាតុញៀនម្យ៉ាងដែលអាចនឹងបង្កគ្រោះថ្នាំក់ផ្នែកសុខភាព ប្រសិនជាយើងទទួលទានវាជាប្រចាំ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជំនាញ...។

រូបភាព ស្លឹកកន្ថុំ ឬ ក្រាក់ធំ ដែលយកមកដាំស្លរចម្រាញ់ធ្វើជាទឹកភេសជ្ជៈ 
រូបភាព ស្លឹកកន្ថុំ ឬ ក្រាក់ធំ ដែលយកមកដាំស្លរចម្រាញ់ធ្វើជាទឹកភេសជ្ជៈ 

បើតាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា កាលពីពេលកន្លងទៅ កម្លាំងសមត្ថកិច្ចផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន បានបើកការឆ្មក់បង្ក្រាបទីតាំងផលិតទឹករុក្ខជាតិនេះ និងទឹក​ដែលបានផលិតច្រកដបលក់ចែក​ចាយ ព្រមទាំងក្រសោបបានមនុស្សប្រុសស្រីចំនួន២០​នាក់ យកមកកាន់ស្នង​ការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាក​សួរកត់កំណត់ហេតុ។ បន្ទាប់ពីធ្វើការសាក​សួររួច សមត្ថកិច្ចនគរបាល បានធ្វើការអប់រំណែនាំ ដោយមិនអនុញ្ញាតឱ្យមានការផលិតទឹករុក្ខជាតិកាធំនេះ លក់ចែកចាយបន្តទៀតទេ ហើយអ្នកទទួលទាន ក៏ត្រូវបញ្ឈប់ជាបន្ទាន់ដែរ ព្រោះទឹករុក្ខជាតិមួយប្រភេទនេះ អាចបង្កទៅជាញៀន នៅពេលផឹកវាជាប្រចាំ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព។ 

សូមជម្រាបថា ទឹកស្លឹកកាធំនេះ ត្រូវបានក្រុមក្មេងៗទំនើង និងយុវជនមួយចំនួន លួចនាំចូលពីប្រទេសជិតខាង យកមកផលិតចម្រាញ់ធ្វើជាទឹកភេសជ្ជៈ ហើយលក់ចែកចាយក្នុងមូលដ្ឋានរបស់ពួកគេ។ ហើយអ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះ គឺពួកគេមិនមែនយកទឹកស្លឹកឈើសុទ្ធនោះទៅទទួលទានទេ ប៉ុន្តែបានយកទៅច្នៃលាយឡំជាមួយសារធាតុផ្សេងៗ ដូចជា ទឹកកូកាកូឡា ថ្នាំក្អកប្រភេទស៊ីរ៉ូ និងសារធាតុគីមីផ្សេងទៀត ដើម្បីបង្កើតជាសមាសធាតុផ្សំថ្មីមួយ ធ្វើឱ្យអ្នកទទួលទានមានអារម្មណ៍វង្វេងវង្វាន់ ស្កប់ស្កល់ ឬស្វាហាប់ខុសធម្មតា។ មិនត្រឹមតែប៉ុ​ណ្ណោះ ការរីករាលដាលនៃទឹកស្លឹកកាធំនេះ មិនត្រឹមតែបំផ្លាញសុខភាព និងអនាគតរបស់យុវជនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឫសគល់មួយដែលបង្កឱ្យមានអសន្តិសុខនៅក្នុងសង្គមផងដែរ។

សមត្ថកិច្ចបានឱ្យដឹងបន្តថា យុវជនដែលវង្វេងនឹងរសជាតិទឹកស្លឹកកាធំកែច្នៃនេះ ងាយនឹងប្រមូលផ្តុំគ្នា បង្កើតជាក្រុមក្មេងស្ទាវ បង្កភាពអនាធិបតេយ្យ ដេញវាយកាប់ចាក់គ្នា ឬបើកបរម៉ូតូក្នុងល្បឿនលឿន បង្កគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានផងដែរ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត