យុវជនពីរនាក់ជិះគេចពីក្រុមក្មេងស្ទាវដេញ ជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹងស្លា.ប់មួយ របួសធ្ងន់ម្នាក់
ហាក់ អ៊ីឌី
13 ម៉ោងមុន

ក្រុងសិរីសោភ័ណ៖ យុវជនម្នាក់បានដេកស្លាប់ក្នុងថ្លុកឈាម និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយជិះម៉ូតូគេចចេញពីក្រុមក្មេងស្ទាវដែលបានដេញពីក្រោយ ហើយក៏បានជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង បង្កការភ្ញាក់ផ្អើល កាលពីយប់ថ្ងៃទី០៦កក្កដា ឆ្នាំ២០២៦ នៅភូមិភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ...។

យោងតាមការបញ្ជាក់ពីគ្រួសារសព និងមិត្តភក្តិជនរងគ្រោះឈ្មោះ កៅ សៀវពី អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី៩ បានរៀបរាប់ថា ដំបូងឡើងយុជនខាងលើ ជិះម៉ូតូមួយគ្រឿងមានគ្នា២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាបតែមានក្មេងស្ទាវមួយក្រុមប្រដេញតាមជនរងគ្រោះ។ ភ្លាមនោះ.. បន្ទាប់ពីឃើញគេដេញពីក្រោយ យុវជនរងគ្រោះក៏បានបន្ថែមល្បឿនលឿនខ្លាំង និងខ្វះការប្រុងប្រយ័ត្នបូករួមនឹងអារម្មណ៍ភ័យស្លន់ស្លោផងនោះ លុះមកដល់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះក៏បានជ្រុលចង្កូតទៅបុកបង្គោលភ្លើងដែលនៅក្បែរផ្លូវពេញទំហឹង បណ្ដាលឱ្យអ្នកបើកបរស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ។ 

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានចុះទៅដល់ទីតាំងផ្ទាល់ ដើម្បីធ្វើការពិនិត្យ ធ្វើកោសល្យវិច័យ និងវាយតម្លៃជុំវិញករណីខាងលើ។ ចំណែកសពយុវជនរងគ្រោះ ត្រូវបានសមត្ថកិច្ចរៀបចំ និងប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដោយធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពនៅក្បែរនោះ និងសាកសួរស្រាវជ្រាវស្វែងរកអត្តសញ្ញាណក្រុមក្មេងស្ទាវ ដែលបានដេញតាមបង្កហេតុ ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ជាធរមាន៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត