
រដ្ឋធានីប៉េកាំង៖ ចិនប្រកាសនៅថ្ងៃសៅរ៍ទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ ពីការចាប់ផ្តើមប្រតិបត្តិការល្បាតនៃកងកម្លាំងឆ្មាំសមុទ្ទនៅភាគខាងកើតកោះតៃវ៉ាន់ ខណៈសកម្មភាពនេះបានធ្វើឱ្យក្រុងតៃប៉ិខឹងសម្បាជាខ្លាំង និងបង្កការព្រួយបារម្ភដល់បណ្តាប្រទេសលោកខាងលិចមួយចំនួន។ កងឆ្មាំសមុទ្ទចិនបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នឹងបន្តពង្រឹងការល្បាតនេះ ស្របតាមអ្វីដែលចិនហៅថា «ដែនទឹកស្ថិតក្រោមយុត្តាធិការរបស់ចិន»។

ជាការឆ្លើយតប កងឆ្មាំសមុទ្ទតៃវ៉ាន់បានប្រតិកម្មថា ខ្លួនបានដាក់ពង្រាយនាវាឃ្លាំមើលរួចរាល់ ហើយនឹងប្រើប្រាស់រាល់វិធានការចាំបាច់ទាំងអស់ ដើម្បីបណ្តេញនាវាចិន ដែលចូលមកយាយីដែនទឹករបស់ខ្លួន។ នេះជាលើកទី២ហើយក្នុងរយៈពេលប្រហែលមួយខែ ដែលចិន បានបញ្ជូននាវាឆ្មាំសមុទ្ទទៅកាន់ដែនទឹកក្បែរឆ្នេរភាគខាងកើតនៃកោះតៃវ៉ាន់។ ចំណាត់ការនេះ កំពុងជំរុញឱ្យមានជម្លោះការទូតរវាងសហរដ្ឋអាម៉េរិក បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ឱ្យចូលរួមផងដែរ។

កាលពីពេលថ្មីៗនេះ ភាគីតៃវ៉ាន់បានបញ្ជាក់ថា ប្រសិនបើចាំបាច់ នាវាឆ្មាំសមុទ្ទតៃវ៉ាន់នឹងធ្វើអន្តរាគមន៍ភ្លាមៗ។ រហូតមកទល់ពេលនេះ ចិនមិនទទួលស្គាល់ការទាមទារអធិបតេយ្យភាពណាមួយដោយតៃវ៉ាន់ឡើយ ហើយចាត់ទុកកោះនេះ ជាទឹកដីរបស់ចិនទាំងស្រុង។ ផ្ទុយទៅវិញ តៃវ៉ាន់បានអះអាងថា ចិនគ្មានសិទ្ធិមកទាមទារអធិបតេយ្យភាព ឬយុត្តាធិការណាមួយលើកោះ ឬដែនទឹករបស់តៃវ៉ាន់ឡើយ៕



