លោក វ៉ាង យី ព្រមានអាម៉េរិកចំៗ ឱ្យប្រយ័ត្នសម្តី និងសកម្មភាពរឿងកោះតៃវ៉ាន់
N
Nary Vann
12 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានជំរុញ និងព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះសហរដ្ឋអាម៉េរិក ឱ្យចាត់ចែង​ និងដោះស្រាយរាល់កិច្ចការទាំងឡាយពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ«ការប្រុងប្រយ័ត្នខ្ពស់បំផុត» ក្នុងអំឡុងពេលសន្ទនាតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio)។

លោក ម៉ាកូ រូប៊ីអូ និងលោក វ៉ាង យី
លោក ម៉ាកូ រូប៊ីអូ និងលោក វ៉ាង យី

យោងតាមសេចក្តីថ្លែងការណ៍សង្ខេបផ្លូវការរបស់ក្រសួងការបរទេសចិន លោក វ៉ាង យី បានសង្កត់ធ្ងន់ចំៗថា៖«ការផ្លាស់ប្ដូរ ឬការរំកិលតែបន្តិចបន្តួចលើបញ្ហាតៃវ៉ាន់ អាចនឹងជះឥទ្ធិពលដល់ស្ថានការណ៍ជារួមទាំងមូល»។ លោកបន្ថែមថា មហាអំណាចទាំងពីរគួរតែសហការគ្នាយ៉ាងសកម្ម ដើម្បីគ្រប់គ្រងរាល់ហានិភ័យគ្រប់បែបយ៉ាង និងរួមគ្នាស្ថាបនា«ទំនាក់ទំនងដែលមានលក្ខណៈស្ថាបនា និងមានស្ថិរភាពជាយុទ្ធសាស្ត្រ» ដោយត្រូវជម្រុះចោលនូវរាល់ការរំខាន និងជម្នះឧបសគ្គនានា ដើម្បីបន្តដំណើរទៅមុខតាមទិសដៅដ៏ត្រឹមត្រូវ។

ការជជែកគ្នាតាមទូរសព្ទរវាងប្រមុខការទូតទាំងពីរ ធ្វើឡើងបន្ទាប់ពីជំនួបកំពូលជាប្រវត្តិសាស្ត្រកាលពីពាក់កណ្តាលខែឧសភា កន្លងទៅ នៅក្នុងរដ្ឋធានីប៉េកាំង រវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលកាលនោះ លោក ស៊ី បានព្រមានចំៗទៅកាន់លោក ត្រាំ ថា ការដោះស្រាយមិនបានត្រឹមត្រូវលើជម្លោះកោះតៃវ៉ាន់ អាចនឹងរុញច្រានទំនាក់ទំនងរវាងចិន និងអាម៉េរិក ឱ្យធ្លាក់ចូលទៅក្នុង «ចំណុចដ៏គ្រោះថ្នាក់បំផុត»។ បើទោះបីជាក្រសួងការបរទេសអាម៉េរិក មិនទាន់បានចេញមុខបកស្រាយជុំវិញកិច្ចសន្ទនានេះក៏ដោយ ប៉ុន្តែភាគីចិនបានបញ្ជាក់ថា លោក វ៉ាង យី និងលោក រ៉ូប៊ីអូ បានព្រមព្រៀងគ្នាក្នុងការបន្តរក្សាទំនាក់ទំនងគ្នា ទៅថ្ងៃមុខទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត