ប៉ះទង្គិចគ្នាទ្រង់ទ្រាយធំក្នុងគុកប្រទេសស្រីលង្កា, ស្លា.ប់១៩នាក់ របួ.សជាង១០០នាក់

រដ្ឋធានីកូឡុំបូ៖ របាយការណ៍បឋមបង្ហាញថា យ៉ាងហោចណាស់ មានមនុស្ស១៩នាក់បាត់បង់ជីវិត និងជាង១០០នាក់ទៀតរងរបួស ដោយសារការប៉ះទង្គិចគ្នាដ៏សាហាវក្នុងពន្ធនាគារមួយនៃប្រទេសស្រីលង្កា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ។

មន្ទីរពេទ្យក្រុង ណេហ្កូមបូ (Negombo) ស្ថិតនៅប៉ែកខាងជើងរដ្ឋធានីកូឡុំបូ បានទទួលសាកសពឆ្មាំពន្ធនាគារ៤នាក់ និងសាកសពអ្នកជាប់ឃុំ១៥នាក់។ នេះបើតាមលោកស្រី ភូស្បា ហ្កាំលែត (Pushpa Gamlath) ប្រធានមន្ទីរពេទ្យក្រុង ណេហ្កូមបូ ប្រាប់សារព័ត៌មាន AFP ហើយត្រូវបានចុះផ្សាយបន្តដោយសារព័ត៌មាន Al Jazeera។

លោកស្រី បន្តថា មន្ទីរពេទ្យ ក៏បានទទួលអ្នកជាប់ឃុំជាង១០០នាក់ដែលត្រូវរបួស ឱ្យទៅព្យាបាល។ មូលហេតុនៃការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំក្នុងពន្ធនាគារក្រុង ណេហ្កូមបូ នេះ និងការប្រើប្រាស់អាវុធអ្វីខ្លះនោះ មិនទាន់ត្រូវបានផ្សព្វផ្សាយនោះទេ៕


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


