ករណីជម្លោះបូមខ្សាច់នៅព្រៃវែង មន្ត្រីអះអាង«ក្រុមហ៊ុនមានច្បាប់» ខណៈការតវ៉ាហិង្សារបស់ពលរដ្ឋ ជាទង្វើខុសច្បាប់
ហាក់ អ៊ីឌី
7 ម៉ោងមុន

ក្រុងព្រៃវែង៖ ស្របពេលដែលវិវាទជុំវិញសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុន ចតុមុខ នៅបន្តឡើងកម្តៅ បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា រវាងប្រជាពលរដ្ឋមូលដ្ឋាន និងភាគីក្រុមហ៊ុន ពេលនេះ មន្រ្តីក្រសួងរ៉ែ និងថាមពល ចេញមុខអះអាងថា ក្រុមហ៊ុនដំណើរការដោយមានអាជ្ញាបណ្ណស្របច្បាប់ តាំងពីឆ្នាំ២០២០ មកម្ល៉េះ ខណៈការប្រើប្រាស់អំពើហិង្សារបស់ពលរដ្ឋ គឺជាទង្វើល្មើសច្បាប់...។  

ថ្លែងក្នុងសន្និសីទកាសែត​មួយ កាលពី​ថ្ងៃម្សិលមិញ លោក អ៊ឹង អៀង រដ្ឋលេខាធិការ​ក្រសួងរ៉ែ និង​ថាមពល បានឱ្យដឹងថា ទីតាំងក្រុមហ៊ុន ចតុមុខ បាន​អនុវត្ត​ស្រប​តាមបទដ្ឋានគតិយុត្ត ពិសេស​អនុវត្តអនុលោម​ភាព​ទៅតាម​អាជ្ញាបណ្ណ ដែល​ក្រសួង​បានចេញ​ជូន ហើយ​នេះមិនមែន​ជាទីតាំងថ្មី​ទេ ពោលគឺជាទីតាំង​ចាស់​ ដែលបាន​អនុវត្តចូល​៤ទៅ​៥​ឆ្នាំ​ហើយ។ ជាមួយគ្នា លោក អ៊ឹង អៀង បានសង្កត់ធ្ងន់ថា ពាក់ព័ន្ធ​ជាមួយព្រឹត្តិការណ៍ដែល​បងប្អូនប្រជាពល​រដ្ឋ បានប្រើ​អំពើហិង្សា​ទៅលើ​សាឡង់ក្រុមហ៊ុន ដែលជា​អ្នក​អនុ​វត្ត​ប្រតិបត្តិការ​​ធនធាន​រ៉ែ​របស់​ខ្លួន វាជា​អំពើ​មួយដែលពិបាក​ទទួល​យកបាន តាម​ក្របខ័ណ្ឌច្បាប់។

បន្ថែមលើនេះ លោក អ៊ឹង ឌីប៉ូឡា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ក៏បានដឹកនាំ​ក្រុមការងារ​ចុះ​ទៅពិនិត្យផ្ទាល់ជាមួយ​អាជ្ញាធរដែន​ដី រកឃើញទីតាំង​បូម​ខ្សាច់​ ស្ថិតនៅ​ក្នុង​ខេត្តកណ្តាល មិនមែន​នៅ​ខេត្តព្រៃវែង​ទេ ហើយក៏គ្មានការបាក់ច្រាំង​ទន្លេ ដូចការ​លើក​ឡើង​របស់ប្រជាពលរដ្ឋ និងប្រជានេសាទរស់​នៅភូមិថ្មី នៃ​ខេត្តព្រៃវែងនោះដែរ។ សូមជម្រាបថា កាលពីថ្ងៃទី២កក្កដា មានប្រជាពលរដ្ឋជាច្រើននាក់ លើកគ្នាជិះទូកទៅឡោមព័ទ្ធ ​​និងធ្វើការតវ៉ាជាមួយក្រុមហ៊ុនបូមខ្សាច់មួយឈ្មោះ «ចតុមុខ» រហូតឈានដល់ការយកដុំថ្មគប់ទៅលើសាឡង់ដែលកំពុងបូមនោះ ក៏ព្រោះតែក្រុមឈ្មួញសម្រុកបូមខ្សាច់ទាំងយប់ទាំងថ្ងៃ នៅក្បែរច្រាំងក្នុងតំបន់ដែលពួកគាត់រស់នៅ ធ្វើឱ្យដីច្រាំងទន្លេក្រោយផ្ទះប្រជាពលរដ្ឋបាក់ស្រុតជារឿយៗ ទើបបង្កជាក្ដីបារម្ភ និងស្នើឱ្យបញ្ឈប់ការបូមខ្សាច់នៅក្បែរច្រាំងទន្លេបន្តទៅទៀត។ ប៉ុន្តែខាងភាគីក្រុមហ៊ុន មិនព្រមបញ្ឈប់ ទើបជម្លោះពាក្យសម្តី បានផ្ទុះឡើងរហូតដល់មានការគប់ដុំថ្មដាក់សាឡង់ តែមិនចំមនុស្សឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត