ព្រះសង្ឃសកម្មជួយដឹកស្បៀងជូនវីរកងទ័ព និងជនភៀសសឹក ពេលនេះធ្លាក់ខ្លួនអាពាធធ្ងន់

ក្រុងសិរីសោភ័ណ៖ ព្រះតេជគុណ ព្រះភិក្ខុ ណុប ភីរៈ ហៅព្រះអង្គអ្នកតាភ្នំ គង់នៅវត្តស្វាយថ្មី ហៅវត្តតាហី ខេត្តបន្ទាយមានជ័យ ដែលសកម្មនឹងការចុះជួយទុក្ខធុរៈវីរកងទ័ពជួរមុខ ក៏ដូចជាជួយសម្រួលការលំបាកនានាដល់ជនភៀសសឹក ដែលបានរត់គេចចេញពីសង្គ្រាមឈ្លានពានរបស់ថៃ មកជ្រកកោនបណ្តោះអាសន្នក្នុងវត្តតាហី ពេលនេះ បានធ្លាក់ព្រះកាយអាពាធធ្ងន់ ត្រូវបាននិមន្តទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យហើយ...។

ព្រះតេជគុណ ព្រះភិក្ខុ ណុប ភីរៈ ហៅព្រះអង្គអ្នកតាភ្នំ គង់នៅវត្តស្វាយថ្មី ហៅវត្តតាហី   
ព្រះតេជគុណ ព្រះភិក្ខុ ណុប ភីរៈ ហៅព្រះអង្គអ្នកតាភ្នំ គង់នៅវត្តស្វាយថ្មី ហៅវត្តតាហី   

ភ្នាក់ងារ SBM News ប្រចាំខេត្តបន្ទាយមានជ័យ លោក ឈុន មករា បានធ្វើកិច្ចសម្ភាសផ្ទាល់ជាមួយព្រះតេជគុណ ព្រះភិក្ខុ ណុប ភីរៈ នៅឯមន្ទីរពេទ្យ នារសៀលថ្ងៃចន្ទទី០៦ ខែកក្ដដា ឆ្នាំ២០២៦នេះ ខណៈដែលព្រះភិក្ខុ ណុប ភីរៈ កំពុងសឹងព្យួសេរ៉ូមនៅឡើយ។ ព្រះអង្គមានព្រះថេរដីកាថា កំលុងពេលដែលព្រះអង្គនិមន្តដឹកស្បៀងជូនវីរកងទ័ពជួរមុខ ក៏មានសត្វមូសវាខាំព្រះអង្គផង ត្រូវថ្ងៃក្ដៅ ហាលខ្យល់ហាលភ្លៀងផង និងមានជំងឺផ្សេងៗមកបៀតបៀនព្រះកាយផងដូចជា ឡើងជាតិអាស៊ីត, ឡើងជាតិស្ករ, លើសជាតិខ្លាញ់ និងចុងក្រោយមានជំងឺគ្រុនឈាមព្រោះតែមូសវាខាំផងដែរ។ ដោយមានអការធ្វើទុក្ខក្នុងព្រះកាយខ្លាំង ព្រះអង្គក៏បានសម្រេចនិមន្តមកព្យាបាលជំងឺនៅមន្ទីរពេទ្យតែម្ដង ពេលនេះ អាការរោគរបស់ព្រះអង្គបានធូរស្បើយច្រើនដែរហើយ ទើបអាចក្រោកគង់ផ្តល់ថេរដីកាខ្លះៗជូនកិច្ចសម្ភាសនេះបាន ហើយប្រហែលជាសឹងសម្រាកព្យាបាលមួយរយៈខ្លីទៀត ព្រះអង្គអាចនិមន្តទៅវត្តវិញ និងបន្តបេកកកម្មការងារជួយសង្គម ពិសេសការចុះជួយបងៗ ពុកៗ វីរកងទ័ពជួរមុខយើងបន្តទៀត មិនថ្វីទេញោម! នេះជាព្រះថេរដីកាព្រះអង្គអ្នកតាភ្នំដ៏ល្បីល្បាញក្នុងបណ្តាញសង្គម។

ជាមួយគ្នា ព្រះភិក្ខុ ណុប ភីរៈ មានថេរដីការបន្តថា អាត្មាភាពសូមថ្លែងអំណរគុណដល់ពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយ ថ្នាក់ដឹកនាំក្នុងជួររដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំដទៃទៀត ដែលបានសាកសួរសុខទុក្ខបារម្ភពីសុខភាពព្រះអង្គ ព្រមទាំងបានប្រគេននូវបច្ច័យ៤ ដែលមានដូចជាគ្រឿងឧបភោគចង្ហាន់ បច្ច័យជាថវិកា ជួយទំនុកបម្រុងដល់អាត្មាភាព ដែលបង្ហាញពីការយកចិត្តទុកដាក់ អាណិតស្រឡាញ់អាត្មាភាព ក្នុងពេលដែលអាត្មាភាពអាពាធនេះ។ ក្រោយអាពាធជាសះស្បើយ ព្រះអង្គនឹងបន្តបេកកកម្មការងារបិណ្ឌបាតចតុបច្ច័យ សម្ភារ គ្រឿងបរិភោគ ចុះជួយទំនុកបម្រុងកងទ័ពជួរមុខបន្តទៀត ព្រោះនៅមានកិច្ចការជាច្រើនដែលព្រះអង្គត្រូវធ្វើជាមួយវីរកងទ័ពជួរមុខ។ ព្រះតេជគុណ ព្រះភិក្ខុ ណុប ភីរៈ មានព្រះថេរដីកាថា ជំងឺប៉ុណ្ណេះមិនលំបាកដូចវីរកងទ័ពយើង ជួបការលំបាកនៅសមរភូមិមុខឡើយ ដូច្នេះ ព្រះអង្គមិនយល់ថា អាពាធប៉ុណ្ណឹង អាចបង្អាក់ដំណើរការនិមន្តរបស់ព្រះអង្គទៅជួបវីរកងទ័ពជួរមុខបានឡើយ ដូច្នេះ សូមពុទ្ធបរិស័ទ ញាតិញោមទាំងអស់កុំបារម្ភ! អាត្មាភាពនៅតែអាចធ្វើកិច្ចការងារជាមួយញាតិញោម ក្នុងបុព្វហេតុជួយជាតិយើងទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរថា ព្រះតេជគុណ ព្រះភិក្ខុ ណុប ភីរៈ ហៅព្រះអង្គអ្នកតាភ្នំ ព្រះអង្គតែងតែបង្ហាញព្រះភក្ត្រនៅសមរភូមិជួរមុខ ដោយបាននាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារចាំបាច់នានា ទៅឧបត្ថម្ភគាំទ្រដល់វីរកងទ័ពដែលកំពុងឈរជើងការពារទឹកដី ក៏ដូចជាបានជួយជ្រោមជ្រែង យ៉ាងសស្រាក់សស្រាំដល់ប្រជាពលរដ្ឋ និងជនភៀសសឹកដទៃទៀត ដែលជួបការលំបាកនាពេលកន្លងមក។ ដំណឹងនៃអាពាធរបស់ព្រះអង្គក្នុងពេលនេះ បានធ្វើឱ្យពុទ្ធបរិស័ទ កងទ័ពជួរមុខ និងអ្នកដែលធ្លាប់ទទួលបានការជួយសង្គ្រោះពីព្រះអង្គ បង្ហាញក្ដីបារម្ភជាខ្លាំង ខណៈមហាជនជាច្រើនបាននិងកំពុងបួងសួងសុំឱ្យព្រះអង្គឆាប់ជាសះស្បើយពីរោគាព្យាធិទាំងនេះ ដើម្បីព្រះអង្គបានបន្តសកម្មភាពមនុស្សធម៌ ជួយកិច្ចការសង្គមជាតិបន្តទៀត៕
រាយការណ៍ព័ត៌មានដោយ៖ ឈុន មករា

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត