មន្រ្តីជាន់ខ្ពស់បារាំង នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច
S
Soriya Sou
10 ម៉ោងមុន

រាជធានីភ្នំពេញ៖ បន្ទាប់ពីមានកិច្ចប្រជុំកម្រិតខ្ពស់ជាច្រើន ក្នុងក្របខ័ណ្ឌនៃការជំរុញទំនាក់ទំនងទ្វេភាគីរវាងបារាំង និងកម្ពុជា លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេល២ថ្ងៃ…។

ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសព័ត៌មានកាលនៅព្រឹកថ្ងៃ៦កក្កដានេះថា លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៩ និងទី១០ ខែកក្កដា។ ទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា ព្រមទាំងបង្កើនការវិនិយោគរបស់បារាំង នៅក្នុងប្រទេសកម្ពុជាផងដែរ។ ដំណើរទស្សនកិច្ចនេះ ក៏ជាផ្នែកមួយនៃការត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចរបស់លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង មកកាន់ប្រទេសកម្ពុជា នាខែវិច្ឆិកាខាងមុខ។

ក្នុងកំលុងពេលបំពេញទស្សនកិច្ច២ថ្ងៃនៅកម្ពុជា លោក នីកូឡា ហ្វ័ររីស្យេ នឹងមានជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនយោបាយកម្ពុជាជាច្រើនរូប រួមមាន៖ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ជាងនេះ លោកក៏នឹងមានជំនួបសំណេះសំណាលជាមួយសហគមន៍ធុរកិច្ចរឹងមាំបារាំងនៅកម្ពុជា ដែលមានបណ្តាញក្រុមហ៊ុនយ៉ាងតិច២០០ក្រុមហ៊ុនចូលរួម។ សម្រាប់ព័ត៌មាននៃដំណើរទស្សនកិច្ចរបស់ លោក នីកូឡា ហ្វ័ររីស្យេ នៅប្រទេសកម្ពុជា ដោយមានការរៀបចំធ្វើសន្និសីទកាសែតនៅស្ថានទូតបារាំង SBM News នឹងបន្តធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ទៀតនៅពេលក្រោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត