ថ្ងៃខួប១៨ឆ្នាំ ប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ទឹកភ្នែកប្រជាជាតិខ្មែរហូរ ក្រោយសំណង់កេរដូនតាត្រូវយោធាថៃឈ្លានពានបំផ្លាញខ្ទេចខ្ទី
S
Soriya Sou
10 ម៉ោងមុន

ក្រុងព្រះវិហារ៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ស្អែកនេះ ជាខួប១៨ឆ្នាំ ដែលប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) និងជាថ្ងៃដែលប្រជាជាតិខ្មែរគ្រប់ស្រទាប់វណ្ណៈធ្លុះធ្លាយបេះដូង ព្រោះតែសម្បត្តិបេតិកភណ្ឌជាតិមួយនេះរងការបំផ្លិចបំផ្លាញពីសំណាក់យោធាថៃឈ្លានពាន កាលពីចុងឆ្នាំ២០២៥…។

ប្រសាទព្រះវិហារ របស់កម្ពុជា មុនត្រូវបានយោធាថៃបំផ្លាញ។
ប្រសាទព្រះវិហារ របស់កម្ពុជា មុនត្រូវបានយោធាថៃបំផ្លាញ។

ខួបឆ្នាំនេះ មិនដូចឆ្នាំមុនៗឡើយ! ពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ បានប្រារព្ធពិធីអបអរសាទរគម្រប់ខួប១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ទាំងទឹកភ្នែក។ ទឹកភ្នែកក៏ព្រោះតែប្រាសាទកេរដូនតាមួយនេះ រងនូវការខូចខាតយ៉ាងដំណំ ដោយសារស្នាដៃយោធាថៃឈ្លានពានទម្លាក់គ្រាប់បែកបំផ្លាញខ្ទេចខ្ទី។ កាលពីថ្ងៃទី៥កក្កដា អាជ្ញាធរជាតិព្រះវិហារ បានរៀបចំពិធីអបអរសាទរខួប១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្រោមប្រធានបទ «ការអភិរក្ស វិនាសកម្ម និងការស្តារឡើងវិញ» នៅបរិវេណសារមន្ទីរធម្មជាតិសកល សម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ក្រោមវត្តមាន លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការចូលរួមពីតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា តំណាងទូតនៃបណ្តាប្រទេសជាសមាជិកគណៈកម្មាធិការ ICC-Preah Vihear ព្រមទាំងមន្រ្តីពាក់ព័ន្ធ និងប្រជាពលរដ្ឋខ្មែរប្រមាណ៥០០នាក់។

ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា បានប្រារព្ធពិធីនេះឡើងទាំងក្ដីឈឺចាប់បំផុត ដោយគ្មានថ្ងៃជាសះស្បើយបាន ព្រោះថា សមិទ្ធផលនៃកិច្ចការអភិរក្ស និងការអភិវឌ្ឍ ដែលកម្ពុជាបានខិតខំប្រឹងប្រែងសម្រេចបានជាមួយដៃគូអន្តរជាតិ រយៈពេល១៨ឆ្នាំមកនេះ ត្រូវបានយោធាថៃបំផ្លាញអស់ទាំងស្រុង ព្រមទាំងបានបន្សល់ទុកនូវការខូចខាតថ្មីធ្ងន់ធ្ងរដល់ ប្រាសាទព្រះវិហារ សរុប៥៦២កន្លែង និងបង្ខំឱ្យប្រជាជនប្រមាណជាង១ម៉ឺន៦ពាន់នាក់ ដែលរស់នៅតំបន់បេតិកភណ្ឌពិភពលោកមួយនេះ ភៀសខ្លួនចេញពីលំនៅឋានថែមទៀតផង។ មិនមែនត្រឹមតែប៉ុណ្ណេះ យោធាថៃ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ អគារ សម្លាប់ជនស៊ីវិល ឈ្លានពានកាន់កាប់ទឹកដីខ្មែរជាច្រើនទីតាំង ដោយគ្មានខ្លាចញញើតច្បាប់អន្តរជាតិ។ នឹកដល់ពេលយោធាថៃ បំផ្លាញប្រាង្គប្រាសាទ ទឹកភ្នែកប្រជាជនខ្មែរបានហូរស្រក់ដោយមិនដឹងខ្លួន និងឈឺចាប់ សោកស្ដាយ ជាពន់ពេក។ មិនគួរថៃជាប្រទេសស៊ីវីល័យមួយ បែរមកឈ្លានពានប្រទេសកម្ពុជាម្ដងហើយម្ដងទៀត និងអាចលើកដៃបំផ្លាញប្រាសាទខ្មែរ ដោយគ្មានស្រណោះ។

ប្រសាទព្រះវិហារ​ ក្រោយពេលយោធាថៃទម្លាក់គ្រាប់បំផ្លាញ។
ប្រសាទព្រះវិហារ​ ក្រោយពេលយោធាថៃទម្លាក់គ្រាប់បំផ្លាញ។

តែទោះជាយ៉ាងណា ទោះបីប្រជាជនខ្មែរកំពុងយំស្ដាយស្រណោះ អាឡោះអាល័យសម្បត្តិបេតិកភណ្ឌមនុស្សជាតិមួយនេះក៏ដោយ ក៏កម្ពុជាត្រូវបន្តដំណើរទៅមុខដោយស្មារតីសាមគ្គី ឯកភាពជាតិ ពង្រឹងខឿនការពារជាតិឱ្យកាន់តែរឹងមាំ អភិវឌ្ឍសេដ្ឋកិច្ចជាតិដោយការខិតខំប្រឹងប្រែងទាំងរដ្ឋ និងរាស្ត្រ ពួតដៃគ្នាជាធ្លង់មួយបំបាត់និទ្ទណ្ឌភាពសង្គម លុបបំបាត់អំពើពុករលួយ ដើម្បីរុញច្រាននាវាកម្ពុជាឱ្យក្លាយជាអារិយប្រទេស ដូចសម័យអតីតកាលដ៏រុងរឿងនៃចក្រភពខ្មែរ។ បច្ចុប្បន្ន រាជរដ្ឋាភិបាល បាននិងកំពុងតតាំងជាមួយថៃ តាមរយៈកិច្ចចរចាដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ ទោះបីយោធាឈ្លានពានមួយនេះ គឃ្លើន កោងកាច សាហាវព្រៃផ្សៃយ៉ាងណា ក៏ប្រមុខរាជរដ្ឋាភិបាលសម្រេចដោយស្រាយជម្លោះដោយភាពអត់ធ្មត់ខ្ពស់បំផុត ដើម្បីបញ្ជៀសសង្គ្រាមប្រដាប់អាវុធ ខណៈអាជ្ញាធរពាក់ព័ន្ធ ក៏បានអនុវត្តផែនការសង្គ្រោះបន្ទាន់ ប្រាសាទព្រះវិហារ ស្របតាមអនុសាសន៍របស់អ្នកជំនាញការអង្គការយូណេស្កូ និង ICC-Preah Vihearផងដែរ។

ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជសារសម្ដែងនូវហឫទ័យកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាជាតិកម្ពុជាទាំងអស់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បច្ចុប្បន្ន ក្នុងការការពារ និងថែរក្សាប្រាសាទព្រះវិហារ ព្រមទាំងយុទ្ធសាស្ត្ររួមបញ្ចូលគ្នា រវាងមនសិកាស្នេហាជាតិ ផ្អែកលើច្បាប់អន្តរជាតិ ដើម្បីធានានូវសម្បត្តិបេតិកភណ្ឌដូនតាមួយនេះ ស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជាជានិរន្តរ៍ ក្រោយពីជម្លោះតាមព្រំដែន។ ជាមួយគ្នានេះ ក៏មានការធ្វើប្រតិបត្តិការបន្ទាន់នូវការបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោម, ការទល់ទ្រសង្គ្រោះរចនាសម្ព័ន្ធប្រាសាទពីការដួលរលំបន្តទៀត, ការប្រមូលបំណែកថ្ម និងចម្លាក់រក្សាទុកសម្រាប់អភិរក្ស និងការជួសជុល, ការថតឯកសារ 3D ប្រាសាទទាំងមូល និងការស្តារប្រព័ន្ធផ្លូវទឹកបុរាណឡើងវិញ។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាការពារបូរណភាពទឹកដី និងសម្បត្តិវប្បធម៌នានា ស្របតាមច្បាប់អន្តរជាតិ ជាពិសេស នឹងបន្តកិច្ចការអភិរក្ស ជួសជុលប្រាសាទព្រះវិហារឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗ។ លោកស្រីបានអំពាវនាវដល់ដៃគូជាតិ និងអន្តរជាតិទាំងអស់ សូមបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអនុវត្តបេសកកម្មនេះឱ្យបានជោគជ័យ។ សូមជម្រាបថា ក្នុងពេលបង្កសង្រ្គាមឈ្លានពានកម្ពុជាចំនួន២លើក នៅឆ្នាំ២០២៥ ភាគីថៃ បានប្រើប្រាស់អាវុធធន់ធ្ងន់បាញ់ផ្លោង ទម្លាក់គ្រាប់ជាច្រើនលើទីតាំងប្រាសាទព្រះវិហារ ធ្វើឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរស្ទើរលែងសល់រូបរាងទៅហើយ។ ការខូចខាតយ៉ាងធ្ងន់ធ្ងរនេះ តម្រូវឱ្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវចំណាយពេលរាប់សិបឆ្នាំ និងថវិកាច្រើនសន្ធឹកសន្ធាប់ ដើម្បីជួសជុលឡើងវិញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត