យោធាថៃភ្នែកនៅកញ្ចឹង-ក! យន្តហោះចម្បាំងភូមា ពាំគ្រាប់បែកខ្ជាក់ទម្លាក់៣៣គ្រាប់ជាប់ព្រំដែន
ហៀប ស៊ីថេត
14 ម៉ោងមុន

រាជធានីបាងកក៖ កងទ័ពភូមា ឬមីយ៉ាន់ម៉ា បានបើកការវាយប្រហារតាមអាកាសយ៉ាងសន្ធាប់ ដោយទម្លាក់គ្រាប់បែកស្រោចលើមូលដ្ឋានទ័ពព្រៃការ៉ែន ប្រមាណ៣៣គ្រាប់ ដែលមានចម្ងាយត្រឹមតែ៣គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនថៃ ធ្វើឱ្យរាជធានីបាងកក ភ័យបុកពោះ ! បុកពោះភ័យខ្លាំង ក៏ព្រោះតែគ្រាប់ប្លោង គ្រាប់កាំភ្លើងត្បាល់ គ្រាប់កាំភ្លើងធំ ហោះរំលងព្រំដែនចូលដីថៃដូចទឹកភ្លៀង ខណៈគ្រាប់បែករមៀលធ្លាក់ពីយន្តហោះចម្បាំងទាំងនោះ ផ្ទុះឮដូចផ្គរលាន់...។

នៅថ្ងៃចន្ទទី៦កក្កដា ឆ្នាំ២០២៦ ឈុតឆាកប្រយុទ្ធគ្នារវាងកងទ័ពការ៉ែន និងកងទ័ពរដ្ឋាភិបាលភូមា បានផ្ទុះឡើងនៅទល់មុខស្រុកម៉ែសូត្រ នៃខេត្តតាក ប្រទេសថៃ។ យោធាភូមា បានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ Y-12 ទម្លាក់គ្រាប់បែកចំនួន ៣៣គ្រាប់ នៅជុំវិញមូលដ្ឋានធីឆាឡែ (သီချာလေး) ក្នុងភូមិធីឆាឡែ ឃុំវ៉ាឡែម៉ៃ ស្រុកម្យ៉ាវ៉ាឌី រដ្ឋការ៉ែន ដែលមានទីតាំងចម្ងាយប្រហែល៣គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនថៃ។ ការវាយប្រហារនេះ មានគោលបំណងបណ្តេញកងកម្លាំងជនជាតិភាគតិចការ៉ែន ដែលកំពុងឡោមព័ទ្ធមូលដ្ឋានទ័ព និងរារាំងពួកគេមិនឱ្យដណ្តើមយកមូលដ្ឋានធីឆាឡែ ជាទីតាំងយុទ្ធសាស្ត្រមួយ ដែលក្រុមការ៉ែនព្យាយាមវាយដណ្តើមកាន់កាប់ជាច្រើនលើកច្រើនសាមកហើយ នាពេលកន្លងមក ក្រោយប្រកាសឯករាជ្យ។ យ៉ាងណា នេះក៏ជាសារមួយបង្ហាញទៅដល់ភាគីថៃ ដែលជាអ្នកនៅពីក្រោយខ្នងនៃក្រុមឧទ្ទាមបំបែករដ្ឋការ៉ែន កុំឱ្យព្រហើនដាក់យោធាភូមាផងដែរ។

ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នានៅស្រុកម៉ែសូត្រ ជាក់ស្តែង នៅភូមិមីនឡាផាន់ ស្រុកម្យ៉ាវ៉ាឌី ទល់មុខភូមិហួយមហាវង្ស និងឃុំមហាវណ្ណ ស្រុកម៉ែសូត្រ កងទ័ពភូមាបានព្យាយាមវាយប្រហារ និងបណ្តេញកងទ័ពការ៉ែនចេញពីភូមិ។ យ៉ាងណា ក្រុមឧទ្ទាមបុះបែករដ្ឋការ៉ែន បានវាយបកវិញជាបន្តបន្ទាប់។ ភាគីទាំងសងខាង បានរងរបួស និងបាត់បង់ជីវិតយុទ្ធជនជាច្រើននាក់។ ទន្ទឹមនោះ ពលរដ្ឋថៃរស់នៅក្បែរព្រំដែន កំពុងបន្តដេកភ័យ និងប្រុងប្រយ័ត្នខ្ពស់ ដោយពួកគេបានត្រៀមលក្ខណៈភៀសសឹកទៅកន្លែងមានសុវត្ថិភាព ព្រោះរាល់ការប្រយុទ្ធគ្នា គ្រាប់កាំភ្លើងធំ និងគ្រាប់បែករបស់យោធាភូមា និងក្រុមឧទ្ទាម តែងតែហោះធ្លាក់ចូលភូមិថៃជារឿយៗ។ សូមជម្រាបថា កន្លងមកពលរដ្ឋថៃ បានរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារគ្រាប់កាំភ្លើងត្បាល់ និងគ្រាប់កាំភ្លើងធំ បណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិ និងឆេះផ្ទះសម្បែងអស់ជាច្រើនខ្នង។ យ៉ាងណា ភាគីថៃ បានត្រឹមទៅចរចាជាមួយយោធាភូមាប៉ុណ្ណោះ ខណៈរដ្ឋធានីណៃពិដោ ហាក់មិនខ្វល់ពីសម្តីរបស់ភាគីថៃឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត