ថៃបង្កើនការគំរាមកំហែងផ្នែកយោធានៅព្រំដែនកាន់តែខ្លាំង ខណៈក្រុមមេទ័ពសម្រុកចុះទៅពង្រឹងយោធិនឈ្លានពាននៅប្រាសាទបុរាណខ្មែរ
ហៀប ស៊ីថេត
15 ម៉ោងមុន

រាជធានីបាងកក៖ ក្នុងចេតនាបង្កើនភាពតានតឹង និងការមិនគោរពបូរណភាពទឹកដីនៃប្រទេសជិតខាង មេបញ្ជាការយោធាភូមិភាគ២ និងយោធភូមិភាគ៣ របស់កងទ័ពភូមិន្ទថៃ បានបង្កើនអរិភាពនៅព្រំដែនជាមួយកម្ពុជាកាន់តែខ្លាំង តាមរយៈការចុះទៅកាន់តំបន់ព្រំដែន កាលពីថ្ងៃអាទិត្យទី៥ ខែកក្កដា ដើម្បីត្រួតពិនិត្យការដាក់ពង្រាយកម្លាំងយោធា និងលើកទឹកចិត្តឱ្យទាហានឈ្លានពានរបស់ខ្លួន បង្កការគំរាមកំហែងសន្តិសុខតាមព្រំដែន...។

លោក វីរយុទ្ធ រ័ក្សសិល្ប៍ (วีรยุทธ รักศิลป์) មេបញ្ជាការយោធភូមិភាគ២ និង លោក វរទេព ប៊ុនយ៉ា (วรเทพ บุญญา) មេបញ្ជាការយោធភូមិភាគ៣ បានចុះពិនិត្យតំបន់ប្រតិបត្តិការនៅប្រាសាទតាមាន់ធំ, ប្រាសាទតាក្របី, និងភ្នំ៣៥០ ជាកន្លែងដែលយោធាភូមិភាគ៣ ត្រូវបានដាក់ពង្រាយដើម្បីគាំទ្រដល់ប្រតិបត្តិការយោធាឈ្លានពានរបស់ខ្លួន តាមបណ្តោយព្រំដែន។ យ៉ាងណា សកម្មភាពនេះ ហាក់កំពុងបង្ហាញពីមហិច្ឆតាចង់គ្រប់គ្រងសំណង់ប្រាសាទបុរាណខ្មែរ ទឹកដីកម្ពុជា និងការចល័តទ័ពបន្ថែមទៀត ដើម្បីគំរាមកំហែងអធិបតេយ្យភាពកម្ពុជា។

មេបញ្ជាការយោធាថៃទាំង២រូបខាងលើ បានចុះមកតាមដានប្រតិបត្តិការរបស់កងកម្លាំងយោធាដែលកំពុងប្រតិបត្តិការឈ្លានពានលើបូរណភាពទឹកដីកម្ពុជា និងលើកទឹកចិត្តកងទ័ពឱ្យបន្តសកម្មភាពអរិភាពតាមបណ្តោយព្រំដែនជាមួយកម្ពុជា។ ជាមួយគ្នា បុគ្គលិកមកពីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនថៃ ដែលស្ថិតក្រោមទីបញ្ជាការដ្ឋានកងទ័ពភូមិន្ទ ក៏បានធ្វើសកម្មភាពរាវមីន ដើម្បីរុលចូលកាន់កាប់ និងរាយបន្លាលួសលើដីកម្ពុជាផងដែរ។ អ្វីដែលកាន់តែហួសចិត្តបំផុតនោះគឺ លោក វរទេព ដែលជាមេបញ្ជាការយោធភូមិភាគ៣ បានប្រើវោហារសាស្ត្រញុះញង់ ដោយប្រាប់ទៅទាហានថៃ ឱ្យបន្តបេសកកម្មវាទីរបស់ពួកគេ ដើម្បីការពារអធិបតេយ្យភាពថៃ ដែលនេះជាការបង្ហាញយ៉ាងច្បាស់អំពីមហិច្ឆតាឈ្លានពានទាំងស្រុង ព្រោះតំបន់ប្រាសាទបុរាណនិងតំបន់ដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់ គឺជាទឹកដីដូនតាខ្មែរ និងស្ថិតក្រោមច្បាប់អន្តរជាតិ។

មេបញ្ជាការយោធភូមិភាគ៣ថៃរូបនេះ ថែមទាំងបានជំរុញឱ្យយុទ្ធជនថៃ ត្រៀមខ្លួនប្រយុទ្ធគ្រប់ពេល ដែលជាសញ្ញានៃការត្រៀមបង្កជម្លោះប្រដាប់អាវុធយោធាទ្រង់ទ្រាយធំ គ្រប់ពេលវេលា។ បន្ទាប់ពីការចុះត្រួតពិនិត្យ មេបញ្ជាការយោធាថៃទាំង២រូប ក៏បានធ្វើពិធីកិច្ចសាសនានៅលើភ្នំ៣៥០ និងប្រាសាទតាក្របីផងដែរ។ គួរបញ្ជាក់ថា សកម្មភាពចុះត្រួតពិនិត្យ និងបង្កើនការត្រៀមខ្លួនជាស្រេច សម្រាប់ប្រតិបត្តិការយោធារបស់មេបញ្ជាការថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា នាពេលនេះ គឺជាការគំរាមកំហែងដល់ស្ថិរភាព បូរណភាពទឹកដីកម្ពុជា ដោយខុសច្បាប់អន្តរជាតិ និងជាការធ្វើឱ្យតំបន់អាស៊ានប្រឈមនូវភាពអសន្តិសុខផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត