
រាជធានីបាងកក៖ ស្ថានការណ៍នៅតាមបណ្ដោយព្រំដែនថៃ-ភូមា បាននិងកំពុងឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីការវាយប្រហារគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលរបបសឹកភូមា និងក្រុមកងកម្លាំងចម្រុះប្រឆាំងរបបផ្ដាច់ការ ដែលរួមមានកងទ័ពរំដោះជាតិការ៉ែន និងក្រុមកងកម្លាំងការពារប្រជាជន ជាង១០០០នាក់ បានបន្តអូសបន្លាយរហូតមកទល់នៅថ្ងៃទី៥កក្កដានេះ នៅចំណុចភូមិមិនឡាប៉ាន (Minlapan) ស្រុកម្យ៉ាវ៉ាឌី(Myawaddy) ចំពីមុខភូមិសាស្ត្រស្រុកម៉ែសត ខេត្តតាក ប្រទេសថៃ។

សង្រ្គាមដ៏កៀកកិតនឹងរបងព្រំដែននេះ បានជះឥទ្ធិពល និងបង្កការភ័យខ្លាចដល់ពលរដ្ឋថៃ បន្ទាប់ពីមានគ្រាប់ប្លោង និងគ្រាប់កាំភ្លើងយន្តជាច្រើនគ្រាប់ បានហោះផ្លោងធ្លាក់ចូលមកក្នុងទឹកដីថៃជាបន្តបន្ទាប់។ សមរភូមិនោះ បានប្រើប្រាស់ទាំងអាវុធធុនស្រាល, កាំភ្លើងយន្ត, ដ្រូនអត្តឃាត និងកាំភ្លើងធំ ដែលក្នុងនោះ មានគ្រាប់កាំភ្លើងត្បាល់ខ្នាត៦០មីលីម៉ែត្រ មួយគ្រាប់ បានហោះមកធ្លាក់ និងផ្ទុះក្បែរផ្ទះរបស់ប្រជាពលរដ្ឋថៃមួយ ដោយបន្សល់ទុកនូវបំណែកគ្រាប់ទម្លុះដំបូលផ្ទះ។ ក្រៅពីគ្រាប់កាំភ្លើងធំ គ្រាប់កាំភ្លើងយន្តធុន៧,៦២មីលីម៉ែត្រ ក៏បានបាញ់ស្រោចលើផ្ទះរបស់ស្ត្រីម្នាក់ទៀត ដូចទឹកភ្លៀង ធ្វើឱ្យអ្នកនៅក្នុងផ្ទះរត់ប្រសាចរកកន្លែងគេចគ្រាប់ តែមិនមាននរណាម្នាក់រងរបួសឡើយ។

ជាការឆ្លើយតប អាជ្ញាធរសន្តិសុខថៃ បានសម្រេចបិទច្រកព្រំដែនទាំងអស់ក្នុងតំបន់នោះដោយគ្មានកំណត់ ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ឬការលួចលាក់រត់ពន្ធស្បៀងអាហារ និងគ្រឿងបរិក្ខារយកទៅគាំទ្រភាគីជម្លោះណាមួយ។ ទោះបីជាកន្លងមក កងកម្លាំងកិច្ចការពិសេសថៃ និងគណៈកម្មាធិការព្រំដែនថៃ-ភូមា ធ្លាប់បានបើកកិច្ចពិភាក្សា និងព្រមានទៅកាន់ភាគីភូមា ជុំវិញផលប៉ះពាល់លើពលរដ្ឋថៃហើយក៏ដោយ ក៏សម្រែកកាំភ្លើងធំ និងអាវុធធន់ធ្ងន់ នៅតែលាន់ឮរំពងឆ្លងដែនមកដល់ទឹកដីថៃដដែល បង្ខំឱ្យកងទ័ពភូមិន្ទថៃ ត្រូវដាក់ពង្រាយកម្លាំងត្រៀមលក្ខណៈប្រយុទ្ធជាប្រចាំ ខណៈសង្រ្គាមនេះត្រូវបានគេព្យាករថា នឹងអូសបន្លាយពេលយូរទៅមុខទៀត៕





