
មជ្ឈិមបូព៌ា៖ ស្ថានការណ៍សង្រ្គាមនៅតំបន់ឈូងសមុទ្ទហ័រមូស្ស បាននិងកំពុងផ្ទុះឡើងជាថ្មីយ៉ាងកាចសាហាវ ដោយសារសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បើកការវាយប្រហារសងសឹកគ្នាទៅវិញទៅមក ព្រមទាំងបានចោទប្រកាន់គ្នាពីបទរំលោភលើកិច្ចព្រមព្រៀងបណ្តោះអាសន្ន ដែលទើបតែបានចុះហត្ថលេខាមិនទាន់បានពីរសប្តាហ៍ផង ដើម្បីបញ្ចប់សង្រ្គាមរ៉ាំរ៉ៃរយៈពេល៤ខែកន្លងមក...។

យ៉ាងណា យោធាអាសហរដ្ឋម៉េរិក បានឱ្យដឹងថា ខ្លួនបានបើកការវាយប្រហារតាមអាកាសលើកទីពីរ ទៅលើគោលដៅជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៧ ខែមិថុនា ដើម្បីឆ្លើយតបទៅនឹងការដែលអ៊ីរ៉ង់ប្រើប្រាស់ដ្រូនវាយប្រហារលើនាវាដឹកប្រេង MT Kiku ដោតទង់ជាតិប៉ាណាម៉ា នៅតំបន់ច្រកសមុទ្ទហ័រមូស្ស។ បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាម៉េរិក បញ្ជាក់ថា ខ្លួនបានកម្ទេចរាល់ឧបករណ៍យោធា ប្រព័ន្ធទំនាក់ទំនង ប្រព័ន្ធការពារអាកាស និងឃ្លាំងផ្ទុកដ្រូនរបស់អ៊ីរ៉ង់ ដោយអះអាងថា សកម្មភាពនេះធ្វើឡើងដើម្បីការពារផ្លូវនាវាចរណ៍ពាណិជ្ជកម្មអន្តរជាតិ។ ភ្លាមៗបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាម៉េរិក កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានវាយបកវិញយ៉ាងចាស់ដៃ ដោយការបាញ់បង្ហោះគ្រាប់មីស៊ីលបាលីស្ទីក និងដ្រូនអត្តឃាតសំដៅទៅលើមូលដ្ឋានទ័ពអាកាសសហរដ្ឋអាម៉េរិក នៅក្នុងប្រទេសកូវ៉ែត និងទីបញ្ជាការកងនាវាទី៥របស់សហរដ្ឋអាម៉េរិកនៅក្នុងប្រទេសបារ៉ែន បង្ខំឱ្យប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសទាំងពីរ ត្រូវដំណើរការទាំងអាសន្ន។

ស្របពេលជាមួយគ្នា លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានបង្ហោះសារព្រមានធ្ងន់ៗលើបណ្តាញសង្គម Truth Social ថា រដ្ឋធានីតេហេរ៉ង់ ប្រហែលជាមិនចាំមេរៀនចាស់ ហើយលោកគំរាមថា ប្រសិនបើអ៊ីរ៉ង់នៅតែបន្តផ្គើន នោះរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់មួយនេះ «នឹងត្រូវរលាយសាបសូន្យលែងមាននៅលើផែនដី» តាមរយៈកណ្តាប់ដៃយោធាសហរដ្ឋអាម៉េរិកជាក់ជាមិនខាន។ គួរបញ្ជាក់ថា ជម្លោះប្រដាប់អាវុធនេះ បានផ្ទុះឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីភាគីទាំងពីរបានព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន១៤ចំណុច ដើម្បីបើកច្រកសមុទ្ទហ័រមូស្សឡើងវិញ ក្រោយពេលវាត្រូវបានបិទតាំងពីចុងខែកុម្ភៈ ដោយសារការវាយប្រហាររវាងសហរដ្ឋអាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលបានធ្វើឱ្យតម្លៃប្រេងពិភពលោកហក់ឡើងខ្លាំង៕




