
មជ្ឈិមបូព៌ា៖ បន្ទាប់ពីបើកការវាយប្រហារសងសឹកគ្នាទៅវិញទៅមកយ៉ាងសាហាវ រហូតហៀបនឹងផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បែរជាព្រមព្រៀងគ្នាជាថ្មី កាលពីថ្ងៃទី២៨មិថុនាម្សិលមិញ ដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ ដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន...។

មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកម្នាក់បានឱ្យដឹងថា ភាគីទាំងសងខាង បានយល់ព្រមថយក្រោយម្នាក់មួយជំហាន ដោយអនុញ្ញាតឱ្យនាវាពាណិជ្ជកម្មអន្តរជាតិ អាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្ទយុទ្ធសាស្ត្រហ័រមូស្សដោយសេរីឡើងវិញ ខណៈកិច្ចចរចាផ្នែកបច្ចេកទេសនឹងត្រូវរៀបចំឡើងសាជាថ្មី នៅថ្ងៃអង្គារសប្តាហ៍នេះ ក្នុងប្រទេសកាតា។ ការងាកមកប្រើផ្លូវការទូតឡើងវិញនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីស្ថានការណ៍បានឡើងកម្តៅខ្លាំងកាលពីព្រឹកថ្ងៃអាទិត្យ ដោយសារអ៊ីរ៉ង់បានបាញ់ស្រោចមីស៊ីល និងដ្រូនលើមូលដ្ឋានទ័ពសហរដ្ឋអាម៉េរិកនៅកូវ៉ែត និងបារ៉ែន ដើម្បីឆ្លើយតបនឹងការដែលសហរដ្ឋអាម៉េរិកទម្លាក់គ្រាប់បែកលើទឹកដីខ្លួន រហូតធ្វើឱ្យលោក ដូណាល់ ត្រាំ ចេញមុខព្រមានកម្ទេចរបបដឹកនាំអ៊ីរ៉ង់ ឱ្យរលាយបាត់ពីផែនទីពិភពលោក។

ទោះជាយ៉ាងណា កិច្ចព្រមព្រៀងសន្តិភាព១៤ចំណុច ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៧ ខែមិថុនា ដើម្បីបញ្ចប់ជម្លោះដែលបានផ្ទុះឡើងតាំងពីចុងខែកុម្ភៈនោះ នៅតែមានភាពផុយស្រួយខ្លាំង។ លោក មេហ៍ឌី ហ្វាហ្សាអ៊ីលី Mehdi Fazaeili មន្ត្រីជាន់ខ្ពស់តំណាងឱ្យការិយាល័យមេដឹកនាំកំពូលអ៊ីរ៉ង់ បានថ្លែងប្រាប់ទូរទស្សន៍រដ្ឋថា មូលហេតុដែលនាំឱ្យមានការរអាក់រអួលកន្លងមក គឺដោយសារតែអ៊ីរ៉ង់ត្រូវការផ្ទៀងផ្ទាត់មើលថា តើខ្លួនអាចមានសិទ្ធិចូលប្រើប្រាស់កញ្ចប់ថវិកាដែលត្រូវបានបង្កកឡើងវិញ ស្របតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែរឬទេ? ស្របពេលជាមួយគ្នានេះ ប្រទេសអ៊ីស្រាអែលក៏បានប្រកាសថា ខ្លួនបានបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធក្រោមដីរបស់ក្រុមយុទ្ធជនហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់ដដែល ដែលទង្វើនេះត្រូវបានភាគីអ៊ីរ៉ង់ចាត់ទុកថា ជាការគំរាមកំហែងដល់ស្ថិរភាពនៃបទឈប់បាញ់ជារួមផងដែរ៕




