
មជ្ឈិមបូព៌ា៖ ស្ថានការណ៍នៅមជ្ឈិមបូព៌ា បានផ្ទុះឡើងកម្តៅខ្លាំងវិញ បន្ទាប់ពីការវាយប្រហារតាមអាកាសយ៉ាងចាស់ដៃពីសំណាក់កងទ័ពអ៊ីស្រាអែល ទៅលើភាគខាងត្បូងលីបង់ នៅថ្ងៃទី១៩មិថុនានេះ បានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់១៨នាក់ស្លាប់ និង៣៣នាក់រងរបួស។ ស្របពេលជាមួយគ្នានេះ កងទ័ពអ៊ីស្រាអែលក៏បានបាត់បង់ជីវិតទាហាន៤នាក់ផងដែរ នៅក្នុងការវាយឆ្មក់ឡោមព័ទ្ធមួយ ដោយក្រុមហេសបូឡា បានប្រើប្រាស់គ្រាប់មីស៊ីលនាំផ្លូវកម្ទេចរថក្រោះរបស់អ៊ីស្រាអែលអស់ចំនួន៣គ្រឿង។

ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើលីបង់នេះ កើតឡើងភ្លាមៗតែម្តង បន្ទាប់ពីអាម៉េរិក និងអ៊ីរ៉ង់ ទើបតែចុះកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នបាន២ថ្ងៃ។ ។ បន្ទាប់ពីដំណឹងនៃការស្លាប់របស់ទាហានត្រូវបានផ្សព្វផ្សាយ រដ្ឋមន្ត្រីសន្តិសុខជាតិរបស់អ៊ីស្រាអែល លោក Itamar Ben Gvir បានចេញសេចក្ដីថ្លែងការណ៍ដ៏រឹងត្អឹងថា៖«ដោយក្ដីគោរពចំពោះអាម៉េរិក អ៊ីស្រាអែលត្រូវតែបង្ហាញឱ្យពិភពលោកឃើញច្បាស់ថា ឈាមរបស់យើង និងសន្តិសុខរបស់ប្រជាពលរដ្ឋយើង មិនអាចយកមកធ្វើជាល្បែងចរចាបានឡើយ។ ប្រទេសលីបង់ទាំងមូលត្រូវតែឆេះខ្ទេចខ្ទី»។

ថ្មីៗនេះ អ៊ីស្រាអែល ទើបនឹងប្រកាសពង្រីក «តំបន់គ្រប់គ្រងយោធា» របស់ខ្លួននៅភាគខាងត្បូងលីបង់ ហើយការផ្ទុះអាវុធដ៏សាហាវរបស់អ៊ីស្រាអែលលើលីបង់នាពេលនេះ កំពុងបង្កើតជាមន្ទិលសង្ស័យយ៉ាងធំធេងជុំវិញប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងឈប់បាញ់របស់លោក ដូណាល់ ត្រាំ។ មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលបានបង្ហើបថា ខ្លួនកំពុងចរចាយ៉ាងតឹងសរសៃកជាមួយរដ្ឋបាលប្រធានាធិបតីអាម៉េរិក ដើម្បីសុំរក្សាកងទ័ពរបស់ខ្លួនឱ្យឈរជើងក្នុងទឹកដីលីបង់ជម្រៅ១០គីឡូម៉ែត្រ ក្នុងបេសកកម្មតាមកម្ទេចក្រុមហេសបូឡា ទោះបីជាកិច្ចព្រមព្រៀងអន្តរជាតិតម្រូវឱ្យគ្រប់ភាគីដកទ័ព និងគោរពអធិបតេយ្យភាពលីបង់ក៏ដោយ៕




