
រាជធានីភ្នំពេញ៖ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអំពាវនាវឱ្យលោក ខាលឡេដ អ៊ែល-អ៊ីណានី Khaled El-Enany អគ្គនាយកអង្គការយូណេស្កូ ជួយបញ្ចេញសំឡេងឱ្យលឺជាងមុន ដើម្បីទប់ស្កាត់ទង្វើសាហាវឃោរឃៅរបស់យោធាថៃ វាយប្រហារលើប្រាសាទព្រះវិហារដែលជាតំបន់បេតិកភណ្ឌពិភពលោកបន្ថែមទៀត។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សារវាងប្រមុខការទូតកម្ពុជា ជាមួយអគ្គនាយកអង្គការយូណេស្កូ ដែលត្រូវបានផ្សាយនៅព្រឹកថ្ងៃទី១២មេសា ឆ្នាំ២០២៦...។

ក្នុងជំនួបពិភាក្សាការងារនៅរដ្ឋធានីប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី៩មេសា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការខូចខាតដែលបណ្ដាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ។ ជាពិសេស ការទម្លាក់គ្រាប់បែក និងការបាញ់អាវុធធុនធ្ងន់មកលើប្រាសាទព្រះវិហារ និងតំបន់ជុំវិញ បានបង្កឱ្យសហគមន៍មូលដ្ឋាននៅជុំវិញប្រាសាទត្រូវភៀសសឹកដោយបង្ខំ និងរងទុក្ខវេទនាចំពោះការបាត់បង់ទ្រព្យសម្បត្តិ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក ប្រាក់ សុខុន បានធានាអះអាងចំពោះមុខអគ្គនាយកអង្គការយូណេស្កូថា៖ «កម្ពុជា ពុំបានប្រើប្រាស់ប្រាសាទព្រះវិហារក្នុងគោលបំណងយោធាទេ ប៉ុន្តែពិតជាមានមន្រ្តីសន្តិសុខការពារប្រាសាទនេះ ជាផ្នែកមួយនៃការទទួលខុសត្រូវរបស់កម្ពុជា»។

លោក ប្រាក់ សុខុន បានគូសបញ្ជាក់ពីជំហររបស់កម្ពុជា លើការការពារបេតិកភណ្ឌវប្បធម៌របស់កម្ពុជា និងបានអំពាវនាវឱ្យអង្គការយូណេស្កូ បញ្ចេញសំឡេងកាន់តែខ្លាំងជាងមុន ក្នុងការទប់ស្កាត់ការវាយប្រហារបន្ថែមទៀតទៅលើតំបន់បេតិកភណ្ឌពិភពលោក។ ទោះបីជាយ៉ាងណា លោកបានថ្លែងអំណរគុណដល់អង្គការយូណេស្កូ ចំពោះការបញ្ជូនអ្នកជំនាញប្រឹក្សាយោបល់អន្តរជាតិទាន់ពេលវេលា ដើម្បីវាយតម្លៃ ការត្រៀមខ្លួនក្នុងការផ្ដល់ជំនួយសង្គ្រោះបន្ទាន់។ ឆ្លៀតក្នុងឱកាសនេះ លោកបានរំលេចអំពីព្រឹត្តិការណ៍សំខាន់ៗរបស់កម្ពុជា រួមមាន៖ ខួបលើកទី៧៥ នៃសមាជិកភាពកម្ពុជានៅក្នុងអង្គការយូណេស្កូ និងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅខែវិច្ឆិកា ឆ្នាំ២០២៦ និងបានអញ្ជើញអគ្គនាយកអង្គការយូណេស្កូ ចូលរួមកិច្ចប្រជុំកំពូលនេះ និងព្រឹត្តិការណ៍ដទៃទៀតដែលពាក់ព័ន្ធនឹងអាណត្តិរបស់អង្គការយូណេស្កូ។

ជាការឆ្លើយតប លោក ខាលឡេដ អ៊ែល-អ៊ីណានី បានសម្ដែងការពេញចិត្តចំពោះកិច្ចសហការដ៏យូរអង្វែងរវាងកម្ពុជា និងអង្គការយូណេស្កូ ហើយលោកមានក្ដីរីករាយនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំនេះ។ អគ្គនាយកអង្គការយូណេស្កូ បន្ថែមថា លោកបានជួបជាមួយអ្នកជំនាញដែលទើបត្រឡប់មកពីកម្ពុជា ហើយបន្ថែមពីការបញ្ជូនអ្នកជំនាញ អង្គការយូណេស្តូ នឹងផ្តល់ថវិកាបន្ទាន់មួយចំនួន ដើម្បីគាំទ្រដល់ការអភិរក្សសម្បត្តិបេតិកភណ្ឌ និងកំពុងសហការជាមួយសម្ព័ន្ធអន្តរជាតិសម្រាប់ការការពារបេតិកភ័ណ្ឌ លើបញ្ហានេះ។ លោក ខាលឡេដ អ៊ែល-អ៊ីណានី បានបង្ហាញការប្ដេជ្ញាចិត្តនៅចំពោះមុខលោក ប្រាក់ សុខុន ជុំវិញការអភិរក្សបេតិកភណ្ឌវប្បធម៌ និងគាំទ្រដល់ប្រទេសកម្ពុជា តាមរយៈជំនាញបច្ចេកទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ សូមជម្រាបថា ប្រាសាទព្រះវិហាររបស់កម្ពុជា បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារយោធាថៃបានបាញ់ផ្លោងគ្រាប់ធុនធ្ងន់ជាច្រើនប្រភេទមកចំប្រាង្គប្រាសាទ បណ្ដាលឱ្យប្រាង្គប្រាសាទរងការខូចខាតចំនួន៥៦២ទីតាំង៕






