
រាជធានីភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ប្រជាជនខ្មែរ នាំគ្នាប្រតិកម្មយ៉ាងព្រោតព្រាតទៅនឹងប្រទេសថៃ ដែលកំពុងបំផុសបំផុលឱ្យប្រជាជនថៃ បានស្គាល់ និងប្រើប្រាស់អក្សរម្យ៉ាង ដែលថៃហៅថា អក្សរខម មានលក្ខណៈដូចទៅនឹងអក្សរខ្មែរគ្មានខុសបន្តិច។ ហេតុអ្វី..សុខៗ ថៃក៏ស្រាប់តែយកអក្សរនេះមកផ្សព្វផ្សាយដល់ប្រជាជនខ្លួន? បើមើលចេតនា គឺថៃចង់យកអក្សរនេះធ្វើជារបស់ខ្លួនឯង...។

ទំព័រហ្វេសប៊ុករាជបណ្ឌិត្យសភាថៃ បានបង្ហោះពុម្ពអក្សរខមនេះ រួមមាន តួព្យញ្ជនៈ ជើងព្យញ្ជនៈ (ពី កដល់អ) ស្រៈនិស្ស័យ និងស្រៈពេញតួ ដែលដូចទៅនឹងអក្សរខ្មែរបេះបិទតែម្ដង។ មិនទាន់អស់ទេ! នៅមានវណ្ណយុត្ត និមិត្តសញ្ញាផ្សេងៗ និងតួលេខពីលេខសូន្យ ដល់លេខ៩ ដែលរាជបណ្ឌិត្យសភាថៃផ្សព្វផ្សាយភ្ជាប់មកជាមួយ ក៏ដូចនឹងវណ្ណយុត្ត និមិត្តសញ្ញា និងតួលេខរបស់ខ្មែរសុទ្ធសាធ។

រាជបណ្ឌិត្យសភាថៃ អះអាងថា បុព្វបុរសខ្លួន ធ្លាប់ប្រើអក្សរខម (ដែលដូចអក្សរខ្មែរទាំងស្រុងនេះ) សម្រាប់កត់ត្រាជាភាសាថៃ និងភាសាបាលី តាំងពីសម័យសុខោទ័យ សម័យអយុធ្យា រហូតបន្តដល់សម័យអាណាចក្ររតនកោសិន្ទ្រ៍ (សៀម៖ อาณาจักรรัตนโกสินทร์) ហើយជាទូទៅ កត់ត្រាអំពីប្រវត្តិសាស្ត្រ និងព្រះពុទ្ធសាសនា។

ក្នុងកិច្ចសម្ភាសជាមួយអង្គភាពសារព័ត៌មាន SBM News តាមទូរសព្ទនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បណ្ឌិតអក្សរសាស្ត្រខ្មែរ លោក ច័ន្ទ សំណព្វ ពន្យល់ថា អក្សរខម គឺអក្សរខ្មែរហ្នឹងឯង គ្រាន់តែថៃ មិនហ៊ានហៅថា អក្សរខ្មែរឱ្យចំ ព្រោះខ្លាចអន់ ឬខ្លាចនៅក្រោមខ្មែរ។ លោកបន្តថា អក្សរថៃពីដើម ឬពីបុរាណ គឺប្រើអក្សរខ្មែរ ហើយសូម្បីអ្នកប្រាជ្ញ និងក្រុមបញ្ញវន្តថៃ ក៏ទទួលស្គាល់ដែរថា [អក្សរខម គឺជាអក្សរខ្មែរ]។

មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បើកបង្ហាញយ៉ាងដូច្នេះថា៖«ការពិត នៅតែជាការពិត! បរទេស ក៏មានអ្នកចេះដឹងដែរ..ខ្វះអី ប្រវត្តិវិទូបារាំង អាម៉េរិកាំង គេកត់ត្រាទុកសៀម កើតរដ្ឋនៅអំឡុងសតវត្សទី១៣ ហើយខ្មែរកើតមុនសៀមតាំងពីប៉ុន្មានពាន់ឆ្នាំមុនមកហើយ ហើយទឹកដីសៀមយកតែពីខ្មែរ នរណាក៏ដឹង!»។

លោក ច័ន្ទ សំណព្វ ជំរុញឱ្យសង្គមទាំងមូល រួមគ្នាប្រើប្រាស់អក្សរសាស្ត្រជាតិឱ្យបានត្រឹមត្រូវ ចូលរួមផ្សព្វផ្សាយឱ្យទូលំទូលាយ និងលើកកម្ពស់អ្នកចេះដឹង។ មកដល់ពេលនេះ មិនទាន់មានស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដូចជា ក្រសួងអប់រំ និងក្រសួងវប្បធម៌ ចេញមកប្រតិកម្មចំពោះថៃ ដែលកំពុងផ្សព្វផ្សាយអក្សរខមនេះទេ។ អង្គភាពសារព័ត៌មាន SBM News ព្យាយាមហៅទូរសព្ទពីរបីដងទៅលោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ តែលោកមិនលើក។ ចំណែក ប្រព័ន្ធទូរសព្ទរបស់លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ ក៏មិនអាចហៅចូល។

តាមរយៈបណ្តាញសង្គម ប្រជាជនខ្មែរ បញ្ចេញប្រតិកម្មផ្សេងៗគ្នា។ អ្នកខ្លះ បារម្ភខ្លាចថៃយកអក្សរខ្មែរធ្វើជារបស់ខ្លួនបានសម្រេច។ អ្នកខ្លះ ហៅថៃ ថាជាចោរសៀម ដែលលួចសព្វគ្រប់បែបយ៉ាងពីខ្មែរ។ អ្នកខ្លះ និយាយថា មិនចេះថៃ ក៏អាចអាចអានថៃដាច់ដែរ (ដោយសារថៃប្រើអក្សរខ្មែរ)។ អ្នកខ្លះ ក្រើនរម្លឹកដល់កូនខ្មែរ ពិសេសយុវជន ឱ្យស្រឡាញ់អក្សរសាស្ត្រជាតិ រួមគ្នាអភិរក្ស ប្រើប្រាស់ឱ្យបានត្រឹមត្រូវ ហើយត្រូវចៀសវាងសរសេរតួអក្សរអង់គ្លេស ឬឡាតាំង តែសំនៀងខ្មែរ (បើសរសេរខ្មែរ ត្រូវសរសេរជាអក្សរខ្មែរ)។

កន្លងមក ថៃថែមទាំងបានសាងសង់ប្រាសាទថ្មី ដែលចម្លងចេញពីប្រាសាទអង្គរវត្តរបស់ខ្មែរទៀតផង ហើយទោះបីជាកម្ពុជា ប្រឹងតវ៉ាយ៉ាងណា ក៏ថៃនៅតែរឹងទទឹងមិនព្រមបញ្ឈប់ការសាងសង់ដែរ។ ចំពោះសម្លៀកបំពាក់ និងទម្រង់វប្បធម៌ផ្សេងៗរបស់ថៃ ក៏ស្រដៀងនឹងខ្មែរ។ បើមើលប្រវត្តិសាស្ត្រ គេនឹងដឹងច្បាស់ថា ប្រទេសថៃ កើតឡើងក្រោយប្រទេសកម្ពុជាឆ្ងាយណាស់ ដូច្នេះ សម្លៀកបំពាក់ ឬទម្រង់វប្បធម៌ទាំងនោះរបស់ថៃ គឺចម្លង ឬទទួលឥទ្ធិពលពីកម្ពុជា។

បច្ចុប្បន្ន ថៃ កំពុងឈ្លានពានទឹកដីកម្ពុជា ដូចជាស្រាស់បន្លាលួស ដាក់ទូកុងតឺនឺ សាងសង់រចនាសម្ព័ន្ធនានា ឈរជើងកាន់កាប់ប្រាសាទ និងតំបន់មួយចំនួនតាមព្រំដែនក្នុងទឹកដីកម្ពុជា។ ទង្វើដែលស្តែងចេញមកនេះ បង្ហាញឱ្យឃើញថា ថៃមិនចេះអៀនខ្មាស ដោយចង់បានរបស់ខ្មែរគ្រប់យ៉ាងតែម្ដង រាប់ចាប់តាំងពីទឹកដី ប្រាសាទ វប្បធម៌ និងសូម្បីតែអក្សរខ្មែរ៕



