ប្រជាជនអ៊ីរ៉ង់រាប់លាននាក់សម្រុកចូលរួមបុណ្យសពអតីតមេដឹកនាំកំពូលទាំងឈឺចាប់ និងទាមទារឱ្យសងសឹកអាម៉េរិក
N
Nary Vann
9 ម៉ោងមុន

រដ្ឋធានីតេហេរ៉ង់៖ ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ បានសម្រុកណែនណាន់តាន់តាប់ទៅកាន់បរិវេណទីលានអធិដ្ឋាន ក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីបុណ្យសពផ្លូវការរបស់អតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាស អាលី ខាមេណី (Ali Khamenei) និងសមាជិកគ្រួសារ ដែលបានបាត់បង់ជីវិតនៅក្នុងការវាយប្រហារតាមអាកាសរួមគ្នារវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល កាលពីខែកុម្ភៈ...។

ពិធីបុណ្យសពដែលត្រូវបានពន្យារពេលដោយសារភ្លើងសង្រ្គាមនេះ ត្រូវបានរៀបចំឡើងយ៉ាងធំធេងរយៈពេលពេញមួយសប្តាហ៍ បន្ទាប់ពីភាគីជម្លោះបានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងបទឈប់បាញ់បណ្ដោះអាសន្ន។ មឈូសរបស់លោក ខាមេណី ត្រូវបានដាក់តម្កល់ក្រោមទូកញ្ចក់នៅទីវាលក្រៅអគារ រួមជាមួយមឈូសរបស់កូនស្រី កូនប្រសារប្រុស កូនប្រសារស្រី និងចៅស្រីវ័យទើបតែ១៤ខែរបស់លោក ខណៈកូនប្រុសរបស់លោក គឺ លោក ម៉ូចតាបា (Mojtaba) ដែលត្រូវជាអ្នកបន្តវេនដឹកនាំកំពូលថ្មី នៅមិនទាន់បង្ហាញខ្លួនជាសាធារណៈនៅឡើយទេ ដោយសារមានព័ត៌មានថា លោកបានរងរបួសធ្ងន់នៅក្នុងការវាយប្រហារតាមអាកាសកាលនោះដែរ។

នៅក្នុងទិដ្ឋភាពដ៏ក្រៀមក្រំនោះ មហាជនដែលស្លៀកពាក់ពណ៌ខ្មៅកាន់ទុក្ខ បានសម្ដែងនូវភាពឈឺចាប់យ៉ាងខ្លាំង តាមរយៈការយំសោកបោកខ្លួន និងស្រែកទាមទារឱ្យមាន «ការសងសឹក» ជូនមេដឹកនាំរបស់ពួកគេវិញ។ សម្រែកដាក់បណ្តាសាខ្លាំងៗថា «Death to America» បានលាន់ឮរំពងពេញបរិវេណពិធី ខណៈពលរដ្ឋម្នាក់បានប្រកាសក្តែងៗថា អ៊ីរ៉ង់មានគំនុំឈាមជួរជាតិជាមួយសហរដ្ឋអាម៉េរិក ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរ មិនអាចត្រឡប់មករកភាពល្អប្រសើរបានឡើយ ទោះបីជាមានការចរចាសន្តិភាពក៏ដោយ។ ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហើបថា កិច្ចចរចាសន្តិភាពត្រូវបានផ្អាករយៈពេលមួយសប្តាហ៍ ដើម្បីទុកពេលឱ្យពិភពអ៊ីស្លាមរៀបចំពិធីនេះ។

លោក ត្រាំ បាននិយាយបែបចំអកថា៖«ស្របពេលដែលមេដឹកនាំអ៊ីរ៉ង់ទាំងអស់មកជុំគ្នាបែបនេះ វ៉ាស៊ីនតោនអាចកម្ទេចពួកគេទាំងអស់ដោយការវាយប្រហារតែម្ដងចប់ក៏បាន ប៉ុន្តែយើងមិនធ្វើបែបនោះទេ ព្រោះបើធ្វើអ៊ីចឹង យើងនឹងគ្មានដៃគូសម្រាប់ចរចាឡើយ»។ លោក ត្រាំ ក៏បានសម្ដែងការភ្ញាក់ផ្អើលដែលឃើញពលរដ្ឋអ៊ីរ៉ង់យំសោក ដោយលោកគិតថា ពលរដ្ឋស្អប់លោក ខាមេណី ហើយថាទឹកភ្នែកទាំងនោះអាចជា «ទឹកភ្នែកក្លែងក្លាយ»។ ការលើកឡើងនេះ បានធ្វើឱ្យស្ថានទូតអ៊ីរ៉ង់ប្រចាំប្រទេសអាមេនី វាយបកវិញភ្លាមៗនៅលើបណ្តាញសង្គម X ថា លោក ត្រាំ មិនយល់ពីតម្លៃនៃការគោរពនេះទេ ព្រោះលោកជាមនុស្សគ្មានទាំងអារ្យធម៌ ប្រវត្តិសាស្ត្រ និងកិត្តិយស។ តាមផែនការ សពរបស់លោក ខាមេណី នឹងត្រូវដង្ហែឆ្លងកាត់ទីក្រុងសក្ការជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់ មុនពេលនាំយកទៅបញ្ចុះនៅក្នុងទីក្រុង Mashhad នាចុងសប្តាហ៍ក្រោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត