
រាជធានីភ្នំពេញ៖ ស្ថិតក្នុងរដូវប្រាំងឆ្នាំ២០២៦ តំបន់ជាច្រើននៅទូទាំងប្រទេសកម្ពុជា នឹងគ្មានភ្លៀងធ្លាក់ទាល់តែសោះ ចាប់ពីថ្ងៃទី៣០មីនា រហូតដល់ថ្ងៃទី១មេសា ឆ្នាំ២០២៦។ នេះបើតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម…។

ក្រសួងបញ្ជាក់ថា៖«របបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្ទចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្ទកម្ពុជា មានឥទ្ធិពលមកលើប្រទេសកម្ពុជា»។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ តំបន់វាលទំនាប អាចកើនកម្តៅចាប់ពី២៤ទៅ៣៦អង្សាសេ។ ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម តាកែវ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ឡើយ។

ក្នុងពេលជាមួយគ្នា នៅឯតំបន់ខ្ពង់រាបវិញ សីតុណ្ហភាពមធ្យមពី ២៥ទៅ៣៥អង្សាសេស ខេត្តឧត្តរមានជ័យ ប៉ៃលិន កំពង់ស្ពឺ រតនគិរី ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ គ្មានភ្លៀងធ្លាក់ដូចគ្នា។ ដោយឡែក តំបន់មាត់សមុទ្ទ មានសីតុណ្ហភាពមធ្យមអប្បបរមា ២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥អង្សាសេស។ ខេត្តព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០ភាគរយ។ ក៏ប៉ុន្តែក្រសួងថា ខេត្តកោះកុង ពុំមានភ្លៀងធ្លាក់ទេ។

គួរជ្រាបថា ផ្អែកទៅលើបាតុភូតសកល និងស្ថានភាពវិវត្តនៃសីតុណ្ហភាពរដូវប្រាំងឆ្នាំ២០២៦ បានចូលមកដល់ចាប់ពីខែមករាមក ក្រសួងធនធានទឹកអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវប្រើប្រាស់ទឹកដោយសន្សំសំចៃកម្រិតខ្ពស់ ជាពិសេស តំបន់ជនបទដែលស្ថិតនៅឆ្ងាយពីប្រភពទឹក ព្រោះការប្រែប្រួលអាកាសធាតុសកល និងការកើនឡើងកម្ដៅនៃភពផែនដី ធ្វើឱ្យប្រទេសកម្ពុជាប្រឈមនឹងការខ្វះខាតទឹកនៅក្នុងរដូវប្រាំង៕



