
ខេត្តមុក្តាហារ៖ ប៉ូលិសថៃបានថ្លែងនៅថ្ងៃទី២ ខែកក្កដានេះថា ព្រះសង្ឃចំនួន៨អង្គបានសុគត និង១៣អង្គទៀតរងរបួសធ្ងន់ បន្ទាប់ពីរថយន្តភីកអាប់មួយគ្រឿង បើកបុករះចូលក្បួនធម្មយាត្រាព្រះសង្ឃ ដែលកំពុងនិមន្តធុតង្គនៅក្នុងខេត្តមុក្តាហារ (มุกดาหาร) ភាគឦសានប្រទេសថៃ...។

គ្រោះថ្នាក់នេះ កើតឡើងនៅតាមដងផ្លូវក្នុងភូមិបានណាស៊ីនួន (บ้านนาศรีนวล) នៃទីរួមស្រុក ក្នុងខេត្តមុក្តាហារ។ ក្រុមអ្នកជួយសង្គ្រោះ ប៉ូលិស និងបុគ្គលិកសង្គ្រោះបន្ទាន់ បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដោយបានរកឃើញព្រះសង្ឃជាច្រើនអង្គ កំពុងគង់ដួលពេញនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវ។ ព្រះសង្ឃចំនួន៥អង្គត្រូវបានប្រកាសថា សុគតភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈព្រះសង្ឃ៣អង្គទៀតបានសុគតនៅមន្ទីរពេទ្យ។ ចំណែក ឯព្រះសង្ឃដែលរងរបួសទាំង១៣អង្គ ត្រូវបាននិមន្តទៅកាន់មន្ទីរពេទ្យក្បែរៗនោះ ដើម្បីទទួលបានការព្យាបាលសង្គ្រោះបន្ទាន់។

យោងតាមការស៊ើបអង្កេតបឋមរបស់ប៉ូលិសបានរកឃើញថា រថយន្តភីកអាប់នោះត្រូវបានបើកបរដោយអនីតិជនម្នាក់ ដែលមានអាយុទើបតែ១១ឆ្នាំប៉ុណ្ណោះ។ ក្មេងនេះ ត្រូវបានគេចោទប្រកាន់ថា បានលួចយករថយន្តរបស់ឪពុកម្តាយ ឬអាណាព្យាបាលទៅបើកបរដោយគ្មានការអនុញ្ញាត រហូតដល់បើកបុកក្បួនធម្មយាត្រាព្រះសង្ឃតែម្ដង។ ពេលនេះ អាជ្ញាធរថៃ បានគ្រប់គ្រងកន្លែងកើតហេតុ និងកំពុងប្រមូលភស្តុតាង សាកសួរប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ ដើម្បីស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះបន្ថែមទៀត៕





