យោធាថៃ បញ្ជាឱ្យបិទច្រកព្រំដែនជាមួយភូមាយ៉ាងតក់ក្រហល់វិញ ក្រោយគ្រាប់ប្លោងធ្លាក់ចំផ្ទះពលរដ្ឋ
ហៀប ស៊ីថេត
មួយថ្ងៃមុន

រាជធានីបាងកក៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ របាយការណ៍បានបង្ហាញការប្រយុទ្ធគ្នាកំពុងបន្តកើតមានឡើងរវាងកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចការ៉ែន ក្រោមការដឹកនាំរបស់សហភាពជាតិការ៉ែន និងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា ឬភូមា នៅភូមិមីនឡាផាន់ (မင်းလပန်) ស្ថិតនៅទល់មុខភូមិហួយមហាវង់ (ห้วยมหาวงศ์) ទល់មុខឃុំមហាវ៉ាន់(มหาวัน) នៃស្រុកម៉ែសត បានធ្វើឱ្យយោធាថៃភ័យស្លន់ស្លោ បញ្ជាឱ្យបិទច្រកព្រំដែនស្រុកម៉ែសូត្រជាបន្ទាន់ ក្រោយគ្រាប់កាំភ្លើងប្លោងធ្លាក់ចំផ្ទះប្រជាពលរដ្ឋខ្លួន...។

អស់រយៈពេលជិតមួយឆ្នាំមកហើយ ដែលកងទ័ពភូមាបានព្យាយាមដណ្តើមគ្រប់គ្រងតំបន់នោះត្រឡប់មកវិញ ប៉ុន្តែការប្រយុទ្ធគ្នានៅតែបន្ត និងកាន់តែខ្លាំងក្លាឡើងក្នុងអំឡុងសប្តាហ៍មុ។ ទាំងយោធាភូមា និងក្រុមប្រដាប់អាវុធការ៉ែន បានប្រើប្រាស់អាវុធធុនធ្ងន់ និងការវាយប្រហារតាមផ្លូវអាកាសយ៉ាងសាហាវ។ ថ្មីៗនេះ យោធាភូមា បានរំកិលខ្លួនទៅមុខជាបន្តបន្ទាប់ នាំឱ្យមានការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងក្លា។ ស្ថានភាពនេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋថៃ ដែលរស់នៅតាមបណ្តោយព្រំដែន ក្នុងខេត្តតាក ដោយផ្ទះសម្បែងរបស់ពួកគេបានរងការខូចខាតយ៉ាងដំណំ ដោយសារគ្រាប់កាំភ្លើងផ្លោងផ្លាតចូលទៅក្នុងទឹកដីថៃស្រស់ៗ។ ជាលទ្ធផល ប្រជាពលរដ្ឋថៃ បានជួបជុំគ្នាជាមួយទីភ្នាក់ងារសន្តិសុខ ដើម្បីស្វែងរកដំណោះស្រាយចំពោះទុក្ខលំបាករបស់ពួកគេ។ ប៉ុន្តែជំនួសឱ្យការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងការការពារព្រំដែនឱ្យមានប្រសិទ្ធភាព អាជ្ញាធរថៃ បែរជាប្រកាសបិទច្រកព្រំដែននៅក្នុងឃុំមហាវ៉ាន់ ស្រុកម៉ែសត ខេត្តតាក ដោយឯកតោភាគី គ្មានកាលកំណត់។

ក្រោយមកតំណាងភាគីថៃ បានជួបប្រជុំជាមួយភាគីភូមាជាថ្មី ប៉ុន្តែតំណាងថៃបានត្រឹមអង្គុយរៀបរាប់ពីទុក្ខលំបាកទាំងកម្សត់ និងមិនហ៊ានប្រើពាក្យសម្តីព្រហើនដាក់យោធាភូមាសូម្បីតែមួយម៉ាត់។ ចំណែកភាគីភូមាវិញ បានឆ្លើយតបបែបម៉ាត់ៗថា នេះជាបញ្ហាផ្ទៃក្នុងរបស់ភូមា ឬមីយ៉ាន់ម៉ា ហើយថែមទាំងមិនខ្វល់ពីការខូចខាតលើទឹកដីថៃនោះដែរ។ ដោយភ័យខ្លាចគ្រាប់ផ្លោងហោះចូលដីថៃ កម្ទេចផ្ទះពលរដ្ឋខ្លួនម្ដងទៀត យោធាថៃ បានសម្រេចបិទច្រកព្រំដែនទាំងអស់ដោយគ្មានកំណត់ ហើយមិនអនុញ្ញាតឱ្យនរណាម្នាក់ឆ្លងដែនចូលទៅក្នុងប្រទេសភូមាទេ រហូតទាល់តែស្ថានភាពមានភាពល្អប្រសើរឡើងវិញ។ ចំណុចនេះ បានស្តែងឱ្យឃើញពីចរិតពិតខុសគ្នាដូចមេឃ និងដីរបស់យោធាថៃ ព្រោះកន្លងមក ថៃតែងតែបង្ហាញឥរិយាបថច្រឡើសបើស ច្រឡោងខាម ក្អេងក្អាង និងឈ្លានពានព្រំដែនកម្ពុជា ប៉ុន្តែបែរជាមិនហ៊ានក្អកគ្រហែមជាមួយភូមាឡើយ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត