ថៃដាក់ខេត្តចំនួន៥៥ ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់ និងការបាក់ដីធ្ងន់ធ្ងរ
N
Nary Vann
14 ម៉ោងមុន

រាជធានីបាងកក៖ អាជ្ញាធរប្រទេសថៃ បានដាក់ខេត្តចំនួន៥៥នៅទូទាំងប្រទេស ឱ្យស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន និងប្រុងប្រយ័ត្នខ្ពស់ រហូតដល់ថ្ងៃទី៦ ខែកក្កដា ដោយសារតែឥទ្ធិពលដ៏ពុះកញ្ជ្រោលនៃព្យុះទីហ្វុង ម៉ៃសាក់(Maysak) ដែលនឹងបង្កឱ្យមានភ្លៀងធ្លាក់ពីកម្រិតខ្លាំងទៅខ្លាំងបំផុត គ្រោះទឹកជំនន់ភភ្លាមៗ ជំនន់ទឹកភ្លៀង និងការបាក់ដី។

រូបភាព៖ The Nation
រូបភាព៖ The Nation

នាយកដ្ឋានបានបញ្ជាក់ថា បើទោះបីជាគន្លងព្យុះនេះមិនបោកបក់មកលើប្រទេសថៃចំៗក៏ដោយ ប៉ុន្តែឥទ្ធិពលរបស់វា បានទៅជំរុញឱ្យប្រព័ន្ធសម្ពាធទាបនៅភាគខាងជើង និងភាគសាន ព្រមទាំងខ្យល់មូសុងនិរតី បង្កើនកម្លាំងកាន់តែខ្លាំង ដែលនឹងរុញច្រានឱ្យមានភ្លៀងធ្លាក់យ៉ាងគំហុកខ្លាំង។ ការធ្លាក់ភ្លៀងគំហុកនេះ អាចនឹងបង្កឱ្យមានគ្រោះទឹកជំនន់ឆាប់រហ័ស ទឹកជំនន់ធ្លាក់ពីលើភ្នំ ជ័យជន់លិចតំបន់ទំនាប និងគ្រោះបាក់ដីនៅតាមបណ្តាខេត្តគោលដៅទាំង៥៥ រាប់ចាប់តាំងពីភាគខាងជើង១៧ខេត្ត, ភាគឦសាន១៥ខេត្ត, ភាគកណ្តាល១៥ខេត្ត និងភាគខាងត្បូងចំនួន៨ខេត្ត ដោយអាជ្ញាធរកំពុងតាមដានយ៉ាងដិតដល់បំផុត ចំពោះតំបន់ណាដែលមានកម្រិតទឹកភ្លៀងហក់ឡើងហួស៩០មីលីម៉ែត្រ ក្នុងរយៈពេល២៤ម៉ោង។

រូបភាព៖ The Nation
រូបភាព៖ The Nation

ក្រៅពីបញ្ហាជំនន់ទឹកភ្លៀង អាជ្ញាធរក៏បានព្រមានពីបាតុភូតខ្យល់កន្ត្រាក់ និងរលកសមុទ្ទខ្ពស់ៗ នៅតាមឆ្នេរខេត្តរៈណង(ระนอง), ផាំងង៉ា(พังงา), ភូកេត និងខេត្តក្របី ដោយរលកសមុទ្ទអាន់ដាម៉ាន់ផ្នែកខាងលើ អាចហក់ឡើងខ្ពស់ពី២ ទៅ៣ម៉ែត្រ និងអាចហួសពី៣ម៉ែត្រនៅពេលមានភ្លៀង និងផ្គររន្ទះ។ ភ្លាមៗ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទទួលបានបទបញ្ជាឱ្យត្រៀមលក្ខណៈសង្គ្រោះ២៤ម៉ោងលើ២៤ម៉ោង សម្រុកបើកផ្លូវទឹកដើម្បីពន្លឿនការបង្ហូរ និងរៀបចំជម្រកបណ្តោះអាសន្នសម្រាប់ជម្លៀសពលរដ្ឋ ព្រមទាំងបានណែនាំឱ្យបិទតំបន់ទេសចរណ៍ទឹកធ្លាក់ និងរូងភ្នំជាបណ្តោះអាសន្ន ប្រសិនបើស្ថានភាពវិវត្តទៅរកភាពគ្រោះថ្នាក់ខ្លាំង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត