
រាជធានីបាងកក៖ អាជ្ញាធរការពារព្រំដែនថៃ ទើបតែបានបើកប្រតិបត្តិការបង្ក្រាប និងបាញ់តតាំងគ្នាយ៉ាងក្ដៅគគុកជាមួយក្រុមជួញដូរគ្រឿងញៀនឆ្លងដែន នៅតំបន់ភាគខាងជើង ដោយបានបាញ់សម្លាប់ជនសង្ស័យ៤នាក់ និងរឹបអូសបានថ្នាំញៀនរាប់សែនគ្រាប់។ ករណីបង្រ្កាបជាបន្តបន្ទាប់នៅតាមខ្សែបន្ទាត់ព្រំដែនធម្មជាតិនេះ បានស្តែងឱ្យឃើញកាន់តែច្បាស់ពីវិបត្តិដ៏រ៉ាំរ៉ៃ ដែលប្រទេសថៃកំពុងរងគ្រោះថ្នាក់ខ្លាំង ដោយសារតែការធ្លាក់ខ្លួនក្លាយជាមជ្ឈមណ្ឌលឆ្លងកាត់ដ៏សំខាន់ សម្រាប់ក្រុមម៉ាហ្វៀគ្រឿងញៀនអន្តរជាតិ ចែកចាយបន្តទៅកាន់ទីផ្សារពិភពលោក។

យោងតាមរបាយការណ៍ពីសមត្ថកិច្ច កងកម្លាំងសមត្ថកិច្ចចម្រុះរបស់ប្រទេសថៃ បានបើកប្រតិបត្តិការស្ទាក់ចាប់ក្រុមឧក្រិដ្ឋជនមួយក្រុម មានសមាជិកប្រហែលពី១០ទៅ១៥នាក់ ដែលបានលួចលាក់នាំគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់។ ការប្រឈមមុខដាក់គ្នា បានប្រែទៅជាការបាញ់ប្រហារទៅវិញទៅមកប្រមាណ៥នាទីយ៉ាងក្ដៅគគុក មុនក្រុមជួញដូរគ្រឿងញៀនភៀសខ្លួនគេចចេញពីកន្លែងប៉ះទង្គិច បណ្ដាលឱ្យជនសង្ស័យ៤នាក់ស្លាប់នៅនឹងកន្លែង ខណៈសមាជិកដទៃទៀតបានរត់គេចខ្លួនបាត់អស់ ដោយបន្សល់ទុកនូវវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទយ៉ាបា ចំនួន៧៦០ ០០០គ្រាប់, ហេរ៉ូអ៊ីន១១កញ្ចប់ទម្ងន់៣,៨៥គីឡូក្រាម និងថ្នាំញៀនម៉ាទឹកកកទម្ងន់២៥,៦គីឡូក្រាម។

គួររំឭកថា មួយរយៈពេលថ្មីៗនេះ ប្រទេសថៃ បាននិងកំពុងវឹកវរនឹងរឿងអាស្រូវគ្រឿងញៀនឆ្លងដែនធំៗ ដែលទើបតែផ្ទុះឡើងក្ដៅៗ។ ជាក់ស្តែង កាលពីថ្ងៃទី២៥ ខែមិថុនា អាជ្ញាធរអូស្ត្រាលី ទើបតែបានចាប់ខ្លួនបុគ្គលិកបម្រើការលើយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ Thai Airways នៅព្រលានយន្តហោះមែលប៊ន ជាមួយថ្នាំញៀនហេរ៉ូអ៊ីនជាង១គីឡូក្រាម និងការចាប់ខ្លួនស្ត្រីជនជាតិបារាំងម្នាក់ទៀត នៅព្រលានយន្តហោះភឺត ក្រោយលួចដឹកគ្រឿងញៀនហោះហើរចេញពីប្រទេសថៃដូចគ្នា។ វិបត្តិធ្លាយធ្លុះទាំងតាមព្រំដែនគោក និងតាមព្រលានយន្តហោះអន្តរជាតិធំៗ បានបង្កើតជាសម្ពាធនយោបាយយ៉ាងខ្លាំង ដល់រាជរដ្ឋាភិបាលរាជធានីបាងកក និងបានបង្ខំឱ្យលោកនាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរកុល ត្រូវបញ្ជាកោះហៅប្រជុំបន្ទាន់ជាអាសន្ន ដើម្បីរឹតបន្តឹងប្រព័ន្ធសន្តិសុខជាតិឡើងវិញ មុនពេលមុខមាត់ប្រទេសឈ្លានពានទឹកដីកម្ពុជាមួយនេះ ត្រូវរលាយខូចខាតកាន់តែធំនៅលើឆាកអន្តរជាតិ៕




