
មជ្ឈិមបូព៌ា៖ តម្លៃប្រេងឆៅពិភពលោក បានហក់ឡើងវិញនៅក្នុងការជួញដូរដំបូង នាព្រឹកថ្ងៃទី១កក្កដានេះ បន្ទាប់ពីមានព័ត៌មានថា ភាគីអ៊ីរ៉ង់បានបដិសេធមិនព្រមជួបចរចាផ្ទាល់ជាមួយក្រុមបេសកជនពិសេសរបស់សហរដ្ឋអាម៉េរិក។ ការបដិសេធរបស់អ៊ីរ៉ង់ ត្រូវគេមើលឃើញថា កំពុងបង្កើតសម្ពាធ និងភាពរកាំរកូសបន្ថែមទៀតដល់កិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្ន។

នៅក្នុងទីផ្សារជួញដូរអន្តរជាតិ តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើងដល់៧៣,៤ដុល្លារ ក្នុងមួយបារ៉ែល ខណៈប្រេងឆៅប្រភេទ West Texas Intermediate របស់សហរដ្ឋអាម៉េរិក បានហក់ឡើងដល់៧០,១៣ដុល្លារ ក្នុងមួយបារ៉ែល។ ភាពតានតឹងនេះបានកើតឡើងបន្ទាប់ពីកូនប្រសាររបស់លោក ដូណាល់ ត្រាំ គឺលោក ជេរេដ ខូស្នឺ (Jared Kushner) រួមជាមួយបេសកជនពិសេស លោក ស្ទីវ វីដខូហ្វ (Steve Witkoff) បានធ្វើដំណើរទៅដល់រដ្ឋធានីដូហា ប្រទេសកាតា ដើម្បីបើកកិច្ចចរចាថ្នាក់ជាន់ខ្ពស់ ប៉ុន្តែអ្វីដែលធ្វើឱ្យគេស្រឡាំងកាំងនោះ គឺក្រុមការងារអាម៉េរិក នឹងត្រូវជួបពិភាក្សាជាមួយតែភាគីកាតា ជាម្ចាស់ផ្ទះ និងជាអ្នកសម្របសម្រួលប៉ុណ្ណោះ មិនមែនជាការជួបមុខគ្នាផ្ទាល់ជាមួយមន្ត្រីអ៊ីរ៉ង់ឡើយ។

ភាពទាល់ច្រកនេះ បានធ្វើឱ្យប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ចាប់ផ្តើមពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិ លោក ភិត ហេកសិត (Pete Hegseth) អំពីលទ្ធភាពនៃការវាយប្រហារយោធាពេញទំហំឡើងវិញ។ បញ្ហាដ៏ស្រួចស្រាលនាពេលនេះ គឺការគ្រប់គ្រងច្រកសមុទ្ទហ័រមូស្ស ដោយភាគីអ៊ីរ៉ង់បានអះអាងថា ខ្លួន និងប្រទេសអូម៉ង់ មានអធិបតេយ្យភាពពេញលេញលើច្រកសមុទ្ទយុទ្ធសាស្ត្រនេះ ហើយនឹងចាប់ផ្តើមប្រមូលលុយថ្លៃឆ្លងកាត់ ពីនាវាពាណិជ្ជកម្មទាំងអស់នៅពាក់កណ្តាលខែសីហាខាងមុខ។ ភ្លាមៗនោះ អនុប្រធានាធិបតីអាម៉េរិក លោក ជេឌី វ៉ាន (J.D. Vance) បានចេញមុខវាយបកវិញយ៉ាងម៉ឺងម៉ាត់ថា សហរដ្ឋអាម៉េរិកនឹងរារាំងដាច់ខាតមិនឱ្យអ៊ីរ៉ង់ធ្វើបែបនោះឡើយ ចំពេលដែលវិបត្តិសង្រ្គាមមួយនេះកំពុងបង្កើតឱ្យមានសម្ពាធអតិផរណាសកល និងជះឥទ្ធិពលដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាម៉េរិកនាខែវិច្ឆិកាខាងមុខផងដែរ៕



