
រដ្ឋធានីតេហេរ៉ង់៖ បន្ទាប់ពីការវាយប្រហាររួមគ្នារបស់អ៊ីស្រាអែល និងអាម៉េរិកលើអ៊ីរ៉ង់រៀងស្ងប់ស្ងាត់ របបបព្វជិតដែលកំពុងកាន់អំណាចនៅប្រទេសអ៊ីស្លាមមួយនេះ បានប្រកាសរៀបចំពិធីកាន់ទុក្ខ និងដង្ហែសពទ្រង់ទ្រាយធំពេញមួយសប្តាហ៍ ជូនចំពោះមេដឹកនាំកំពូលរបស់ខ្លួន នោះគឺ លោក អាយ៉ាតូឡា អាលី ខាមេណី (Ayatollah Ali Khamenei) ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររួមគ្នាយ៉ាងសាហាវពីសំណាក់កងទ័ពសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល នៅក្នុងការបើកឆាកនៃសង្រ្គាមនៅមជ្ឈិមបូព៌ា។

ពិធីបុណ្យសពថ្នាក់ជាតិដ៏អធិកអធមនេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងរបស់រដ្ឋាភិបាលអ៊ីរ៉ង់ ក្នុងការកៀងគរអ្នកគាំទ្ររាប់លាននាក់ឱ្យទៅកាន់ទីក្រុងធំៗ រួមមាន៖ រដ្ឋធានីតេហេរ៉ង់, គុម (Qom), ម៉ាសហាដ (Mashhad) និងទីក្រុងសក្ការក្នុងប្រទេសអ៊ីរ៉ាក់ ជាដើម ដើម្បីបង្ហាញកម្លាំងជាតិនិយម និងបញ្ជាក់ទៅកាន់ពិភពលោកថា ស្មារតីបដិវត្តន៍ឥស្លាមរបស់ខ្លួន នៅតែរឹងមាំមិនអាចរំលាយបានឡើយ។ ចំពេលមានវិបត្តិសង្រ្គាមដ៏ក្ដៅគគុកនេះ អ៊ីរ៉ង់បានឈានចូលដល់របត់ប្រវត្តិសាស្ត្រថ្មីមួយ តាមរយៈការប្រកាសតែងតាំង លោក ម៉ូចតាបា (Mojtaba) កូនប្រុសរបស់លោក ខាមេណី ឱ្យឡើងកាន់តំណែងជាមេដឹកនាំកំពូលទី៣ នៃសាធារណរដ្ឋឥស្លាមមួយនេះ។ គួរកត់សម្គាល់ផងដែរ លោក ម៉ូចតាបា ដែលបានរងរបួសធ្ងន់នៅក្នុងការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ មិនទាន់បង្ហាញមុខជាសាធារណៈនៅក្នុងរូបភាពថ្មីណាមួយឡើយ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគអន្តរជាតិបានលើកឡើងថា នៅពីក្រោយរូបភាពនៃការកាន់ទុក្ខដ៏ក្រៀមក្រំ ដែលរៀបចំដោយរដ្ឋអ៊ីរ៉ង់នេះ ហាក់ផ្ទុយស្រឡះពីអារម្មណ៍ពិតរបស់សាធារណជន ព្រោះប្រជាជនវ័យក្មេងភាគច្រើន បានបង្ហាញភាពនឿយណាយនឹងការគាបសង្កត់ និងទណ្ឌកម្មសេដ្ឋកិច្ចដែលចងជើងពួកគេរាប់ទសវត្សរ៍។ របាយការណ៍ផ្ទៃក្នុងទម្លាយថា ភ្លាមៗបន្ទាប់ពីដំណឹងនៃការស្លាប់របស់លោក ខាមេណី ត្រូវបានផ្សព្វផ្សាយ មានប្រជាពលរដ្ឋមួយចំនួននៅក្នុងរដ្ឋធានីតេហេរ៉ង់ បានលួចស្រែកហ៊ោ និងសប្បាយក្នុងចិត្តដោយលួចលាក់។ ជាចុងក្រោយ ថ្នាក់ដឹកនាំយោធាអ៊ីរ៉ង់ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ថា រដ្ឋធានីតេហេរ៉ង់នឹងបើកការវាយប្រហារដោយគ្មានមេត្តា ប្រសិនបើសហរដ្ឋអាម៉េរិក ឬអ៊ីស្រាអែល ហ៊ានឆ្មក់វាយប្រហារម្ដងទៀត ក្នុងអំឡុងពេលពិធីបុណ្យសពកំពុងប្រព្រឹត្ត៕




