រដ្ឋមន្រ្តីអប់រំ៖ កម្ពុជាកំពុងផ្លាស់ប្ដូរពីសេដ្ឋកិច្ចផ្អែកលើកម្លាំងពលកម្ម ទៅជាសេដ្ឋកិច្ចផ្អែកលើចំណេះដឹង
S
Soriya Sou
10 ម៉ោងមុន

រាជធានីភ្នំពេញ៖ បច្ចុប្បន្ន កម្ពុជាកំពុងផ្លាស់ប្ដូរពីសេដ្ឋកិច្ចផ្អែកលើកម្លាំងពលកម្មទៅជាសេដ្ឋកិច្ចផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលត្រូវការជាចាំបាច់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូ ដែលមានបទពិសោធដូចជាប្រទេសជប៉ុន។ នេះជាប្រសាសន៍ លោកឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ​ ក្នុងពេលថ្លែងបាឋកថាលើវិទិការសាធារណៈស្ដីពី «អនាគតរបស់កម្ពុជា និងភាពជាដៃគូកម្ពុជា-ជប៉ុន» ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការវិនិយោគរវាងប្រទេសទាំងពី...។

ថ្លែងចេញពីក្រុងអ៊ីវ៉ាគី ខេត្តហ្វូគូស៊ីម៉ា ប្រទេសជប៉ុន កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន លើកឡើងថា ក្នុងរយៈពេលជាងបីទសវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើការរក្សាសន្តិភាព កំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការកែទម្រង់វិស័យអប់រំ។ កម្ពុជាមានប្រជាជនវ័យក្មេងប្រមាណ៦០ភាគរយ មានអាយុក្រោម៣៥ឆ្នាំ ជាធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់គាំទ្រការវិនិយោគលើឧស្សាហកម្ម បច្ចេកវិទ្យា វិស្វកម្ម បញ្ញាសិប្បនិម្មិត (AI) និងសេដ្ឋកិច្ចឌីជីថល។ រាជរដ្ឋាភិបាល ក៏កំពុងបន្តកែទម្រង់កម្មវិធីអប់រំ និងពង្រឹងការតភ្ជាប់រវាងគ្រឹះស្ថានឧត្តមសិក្សា និងវិស័យឯកជន ដើម្បីផលិតធនធានមនុស្សដែលឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារការងារ។ រដ្ឋមន្រ្តីអប់រំ ក៏បានបង្ហាញពីការប្ដេជ្ញារបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបន្តកែលម្អសិទ្ធិ និងសុខុមាលភាពកម្មករ ការលើកកម្ពស់ជំនាញវិជ្ជាជីវៈ និងការបង្កើតកម្លាំងពលកម្មដែលឆ្លើយតបនឹងតម្រូវការរបស់ឧស្សាហកម្មទំនើប ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។ 

លោកឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន អះអាងថា ជប៉ុន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់កម្ពុជា ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការស្វែងរកសន្តិភាព ការកសាងប្រទេស និងការអភិវឌ្ឍធនធានមនុស្ស។ លោកបានឆ្លៀតឱកាសអញ្ជើញវិនិយោគិនជប៉ុនបន្តស្វែងយល់ពីឱកាសពង្រីកការវិនិយោគនៅកម្ពុជា ជាពិសេស លើវិស័យបច្ចេកវិទ្យា ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដូចជា៖ វិស័យកែច្នៃកសិផល កសិកម្មទំនើប ថាមពលបៃតង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ខណៈកម្ពុជាបានបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងអនុវត្តគោលនយោបាយលើកទឹកចិត្តការវិនិយោគ ដូចជាការផ្ដល់អត្ថប្រយោជន៍ផ្នែកពន្ធ ការសម្រួលនីតិវិធី និងការកាត់បន្ថយរបាំងរដ្ឋបាល ដើម្បីបង្កើតបរិយាកាសវិនិយោគ ដែលមានភាពប្រកួតប្រជែង អំណោយផល និងងាយស្រួលសម្រាប់វិនិយោគិនបរទេស។ 

លោក អ៊ីវ៉ាគី មីតស៊ីហ៊ីដិ (IWAKI Mitsuhide) អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន បានស្វាគមន៍ និងថ្លែងអំណរគុណលោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ដែលបានធ្វើឱ្យអ្នកចូលរួមយល់កាន់តែច្បាស់ពីសក្ដានុពល និងទិសដៅអភិវឌ្ឍរបស់កម្ពុជា ដោយសង្ឃឹមយ៉ាងមុតមាំថា វេទិកានេះ នឹងរួមចំណែកជំរុញឱ្យមានវិនិយោគិនជប៉ុនកាន់តែច្រើន ស្វែងរកឱកាសវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការនានាជាមួយកម្ពុជាបន្ថែមទៀត ដើម្បីបង្កើតផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត