រដ្ឋមន្រ្តីទេសចរណ៍ ប្ដេជ្ញាប្រែក្លាយ«តំបន់ឧទ្យានជាតិភ្នំគូលែន» ជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិឈានមុខគេនៅអាស៊ី
S
Soriya Sou
15 ម៉ោងមុន

ក្រុងសៀមរាប៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្ដេជ្ញាចិត្តរួមគ្នាជាមួយអ្នកពាក់ព័ន្ធ ប្រែក្លាយតំបន់ឧទ្យានជាតិភ្នំគូលែន ជាគោលដៅទេសចរណ៍វប្បធម៌ ជំនឿ និងធម្មជាតិ ឈានមុខគេនៅអាស៊ីអាគ្នេយ៍...។

ក្នុងពេលដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតាមទីតាំងសំខាន់ៗក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» និងដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងវិធានការគន្លឹះសម្រាប់ជំរុញការអភិវឌ្ឍទេសចរណ៍ឧទ្យានជាតិ ឆ្នាំ២០២៦-២០២៨ កាលពីពេលថ្មីៗ លោក ហួត ហាក់ បានសង្កត់ធ្ងន់ពីចក្ខុវិស័យប្រែក្លាយតំបន់ឧទ្យានជាតិមួយនេះ ជាគោលដៅទេសចរណ៍វប្បធម៌ ជំនឿ និង ធម្មជាតិឈានមុខគេនៅអាស៊ីអាគ្នេយ៍ ប្រកបដោយគុណភាព ចីរភាព និងបរិយាបន្ន និងប្រកួតប្រជែងនៅក្នុងតំបន់ បន្ទាប់ពីប្រាសាទអង្គរវត្ត ទាំងរដូវកាលបៃតង និងរដូវកាលក្ដៅផងដែរ។ លោករដ្ឋមន្រ្តីគូសរំលេចថា រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ខ្ពស់លើវិស័យទេសចរណ៍ និយាយជារួម និងនិយាយដោយឡែក ការស្ដារ និងជំរុញកំណើនទេសចរណ៍នៅខេត្តសៀមរាប ដោយបានដាក់ចេញនូវគោលនយោបាយ, ផែនការយុទ្ធសាស្ត្រ យុទ្ធនាការទស្សនាសៀមរាប, ផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥, និងវិធានការអន្តរាគមន៍ជាច្រើន ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប។ 

រាជរដ្ឋាភិបាល ក៏បានផ្តោតការយកចិត្តទុកដាក់លើការធ្វើពិពិធកម្មគោលដៅទេសចរណ៍ឱ្យសម្បូរបែប និងមានភាពទាក់ទាញ ពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សំដៅបង្កើនចំណូលដល់ប្រជាសហគមន៍ដោយផ្ទាល់។ បើតាម លោក ហួត ហាក់ សេចក្ដីព្រាងវិធានការគន្លឹះសម្រាប់ជំរុញការអភិវឌ្ឍទេសចរណ៍ឧទ្យានជាតិព្រះជ័យវរ័្មននរោត្តម «ភ្នំគូលែន» ឆ្នាំ២០២៦-២០២៨ ដែលអង្គប្រជុំលើកយកមកពិភាក្សា ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនភាពទាក់ទាញនិងការប្រកួតប្រជែងរបស់គោលដៅភ្នំគូលែន, ពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពទេសចរណ៍, អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាគាំទ្រប្រកបដោយគុណភាព, ធ្វើពិពិធកម្មផលិតផល និងបទពិសោធទេសចរណ៍, អភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ធម្មជាតិ, បង្កើនការចូលរួមនិងអត្ថប្រយោជន៍របស់សហគមន៍មូលដ្ឋាន, ជំរុញការអភិវឌ្ឍគោលដៅទេសចរណ៍បៃតង ឆ្លាតវៃ និងមានភាពធន់ និងពង្រឹងអភិបាលកិច្ច ភាពជាដៃគូ និងវិនិយោគក្នុងវិស័យទេសចរណ៍៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត