
ខេត្តសៀមរាប៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានរៀបចំពិព័រណ៍ដាក់តាំងវត្ថុបុរាណចំនួន២១ ដូចជាបដិមាព្រះលោកេស្វរៈ និងគ្រឿងសម្គាល់ផ្សេងៗ ដែលទើបរកឃើញពីការកំណាយបុរាណវិទ្យានៅប្រាសាទតាព្រហ្ម។ ពិព័រណ៍នេះ ប្រព្រឹត្តទៅរយៈពេល៦ខែ គឺចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។

លោក ភួយ សាវឿត នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លើកឡើងថា វត្ថុបុរាណទាំងនេះ ត្រូវបានអ្នកជំនាញជួសជុល សម្អាត និងអភិរក្សយ៉ាងប្រុងប្រយ័ត្ន មុននឹងយកមកដាក់តាំងជូនសាធារណជនទស្សនា។ លោកបន្តថា គោលបំណងនៃការរៀបចំពិព័រណ៍នេះ គឺដើម្បីផ្សព្វផ្សាយរបកគំហើញថ្មីៗពីការស្រាវជ្រាវបុរាណវិទ្យានៅតំបន់អង្គរ ដែលជាកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ព្រមទាំងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន សិស្ស និស្សិត និងភ្ញៀវទេសចរ អំពីការងារអភិរក្ស ប្រវត្តិសាស្ត្រ ជំនឿសាសនា និងសិល្បៈខ្មែរបុរាណ។

ពិព័រណ៍នេះក៏នឹងជួយឱ្យអ្នកទស្សនាស្វែងយល់កាន់តែច្បាស់អំពីការគោរពប្រតិបត្តិព្រះពុទ្ធសាសនាមហាយាន និងព្រះពុទ្ធសាសនាថេរវាទក្នុងសម័យអង្គរ។ ជាពិសេស ព្រះលោកេស្វរៈ ត្រូវបានចាត់ទុកជាព្រះពោធិសត្វតំណាងឱ្យសេចក្តីមេត្តាករុណាគ្មានព្រំដែន និងជាព្រះពោធិសត្វដែលមានការគោរពបំផុតក្នុងព្រះពុទ្ធសាសនាមហាយាន ដែលបានរីកចម្រើនខ្លាំងក្នុងរាជ្យព្រះបាទជយវរ្ម័នទី៧ នាសតវត្សរ៍ទី១២ និងទី១៣៕







