អាងទឹកដងកាំបិតនៅខេត្តកំពង់ធំ សាងសង់បានជាង៩០ភាគរយ
S
Sreyleak Yith
16 ម៉ោងមុន

ក្រុងស្ទឹងសែន៖ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៦ វឌ្ឍនភាពការងារនៃការសាងសង់អាងទឹកដងកាំបិត ដែលស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ សម្រេចបានប្រមាណ៩៣ភាគរយហើយ។ នេះបើតាមការឱ្យដឹងពីមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៤កក្កដា...។

មន្ត្រីធនធានទឹក គូសបញ្ជាក់ថា ការងារសំខាន់ៗរបស់គម្រោងមានដូចជា៖ សាងសង់ទំនប់សរុបប្រវែង២៦៨០ម៉ែត្រ ក្នុងនោះទំនប់ដីខាងឆ្វេងប្រវែង១១៣៦ម៉ែត្រ ទំនប់បង្ហៀរទឹកប្រវែង៣០៦ម៉ែត្រ ទំនប់បេតុងប្រវែង៥០ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង១១៨៨ ម៉ែត្រ។ លើសពីនេះ មន្ត្រីជំនាញបានសាងសង់ផ្លូវចូលទីតាំងទំនប់សរុបប្រវែង១៦,៦គីឡូម៉ែត្រ ទទឹង៧ម៉ែត្រ សង់ផ្លូវថ្មីចូលទីតាំងទំនប់ខាងឆ្វេងប្រវែង៣,១គីឡូម៉ែត្រ ពង្រីកផ្លូវចូលទំនប់ប្រវែង១០,៥គីឡូម៉ែត្រ និងសង់ផ្លូវថ្មីចូលទីតាំងទំនប់ខាងស្តាំប្រវែង៣គីឡូម៉ែត្រ។

មន្ត្រីធនធានទឹកបន្ថែមថា ក្រោយសាងសង់រួច គម្រោងនឹងអាចស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំ នៅផ្នែកខាងក្រោមបានប្រមាណ១៣១៣២៣ហិកតា និងបង្កើនទិន្នផលស្រូវពី៤ទៅ៥,៤តោនក្នុងមួយហិកតា ដល់ប្រជាកសិករចំនួន២៥០០០គ្រួសារ ក្នុងស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ គួរជ្រាបថា គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ត្រូវប្រើរយៈពេលសាងសង់ចំនួន៤៨ខែ ហើយគ្រោងបញ្ចប់ការងារក្នុងខែតុលា ឆ្នាំ២០២៧ខាងមុខ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត