
(សៀមរាប)៖ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម ភ្នំគូលែន ស្ថិតនៅក្នុងខេត្តសៀមរាប មិនត្រឹមតែមានតួនាទីសំខាន់ក្នុងការជួយថែរក្សាលំនឹងបរិស្ថាននៅតំបន់អង្គរ តាមរយៈប្រភពធនធានធម្មជាតិដ៏សម្បូរបែប ដូចជា ព្រៃឈើ ប្រភពទឹក និងជីវចម្រុះ នោះទេ ប៉ុន្តែវាមានអត្ថប្រយោជន៍ជ្រៅជ្រះ និងមានតម្លៃជាប្រវត្តិសាស្ត្រផងដែរ ដោយសារនៅទីនោះក៏មានសំណង់ប្រវត្តិសាស្ត្រ រូបសំណាកលិង្គមួយពាន់ ទឹកជ្រោះ និងមានរូបសំណាកព្រះពុទ្ធរូបដ៏ធំ រួមនឹងស្ថានីយបុរាណជាច្រើនកន្លែងដែលត្រូវបានគេរកឃើញ។

ប៉ុន្មានឆ្នាំចុងក្រោយ ពិសេសនៅមុនឆ្នាំ២០១៨ ប្រជាពលរដ្ឋមួយចំនួនបានសម្រុកឆ្ការព្រៃរាប់រយហិកតាដើម្បីដាំដើមស្វាយចន្ទី និងនិយមឆ្ការព្រៃសម្រាប់ធ្វើចម្ការពនេចរ។ តែដោយសារមានការទប់ស្កាត់និងការអប់រំពីសំណាក់អាជ្ញាធរ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ ប្រជាពលរដ្ឋរស់នៅតំបន់នោះហាក់មានការយល់ដឹងច្រើនពីសារៈប្រយោជន៍ព្រៃឈើ ហើយបែរមកចងក្រងគ្នាជាសហគមន៍ ដើម្បីថែរក្សានិងទាញយកប្រយោជន៍ពីធនធានធម្មជាតិក្នុងមូលដ្ឋានរបស់ខ្លួន។
ធ្លាប់ជាអ្នកកាប់ឆ្ការព្រៃដើម្បីធ្វើចម្ការ លោក ធី ធេន បាននិយាយថា រូបលោកបានបោះបង់ចោលមហិច្ឆតាដែលចង់វាទីដីព្រៃយកមកធ្វើចម្ការតាំងពីឆ្នាំ២០១៨មក ដោយសារតែលោកមើលឃើញពីផលលំបាកដែលកើតចេញពីវិនាសកម្មព្រៃឈើ។ គ្រួសាររបស់លោកបានងាកមកចិញ្ចឹមសត្វជាលក្ខណៈគ្រួសារបន្ថែមលើការងារចម្ការលើដីដែលបានកាន់កាប់ជាក់ស្តែង ក្រោយពីអាជ្ញាធរបង្កើតសហគមន៍តំបន់ការពារព្រៃឈើមក។

លោក ធី ធេន បានរៀបរាប់ពីសារសំខាន់នៃធនធានព្រៃឈើដូច្នេះថា «ព្រៃឈើផ្តល់សារសំខាន់ ដូចជាផ្គត់ផ្គង់ប្រភពទឹក ម្លប់ ជម្រកសត្វ ទាក់ទាញទេសចរណ៍។ វិស័យទេសចរណ៍រួមចំណែកជួយលើកកម្ពស់ជីវភាពអ្នកភូមិ ដូចខ្ញុំជាដើមដែលខ្ញុំជាគណៈកម្មការសហគមន៍ ខ្ញុំមើលឃើញជាក់ស្ដែង អ្នកភូមិទៅថ្ងៃខាងមុខ គាត់ពិតជាបានចំណូលច្រើនពីវិស័យទេសចរណ៍»។
ប្រធានសហគមន៍ការពារធម្មជាតិព្រៃធំអន្លង់ធំ លោក ផាន់ ផុន បានពន្យល់ពីសារសំខាន់នៃការអភិរក្សធនធានធម្មជាតិយ៉ាងដូច្នេះថា «ធម្មជាតិសំខាន់ទប់ស្កាត ការបម្រែបម្រួលអាកាសធាតុ កុំឱ្យវាក្ដៅខ្លាំង! បើសិនយើងការពារធនធានធម្មជាតិបានល្អ ទឹកភ្លៀងក៏យើងទទួលផលបានល្អ ប្រើបានយូរ ដូចថា មានទឹកប្រើខួប មិនដាច់! មានទឹកភ្លៀងទាំងប្រាំង ទាំងវស្សា។ បើយើងអត់ជួយថែរក្សាការពារទាំងអស់គ្នា ធនធានយើងនឹងប្រែប្រួល កម្ដៅក៏ឡើងខ្លាំង ភ្លៀងអត់ទៀងទាត់»។

លោក ផាន់ ផុន បាននិយាយថា៖ «ឥឡូវគាត់ការពារព្រៃដើម្បីរកចំណូលម្ដង ប្រែខុសពីមុន! ព្រោះពីមុន កាប់ព្រៃរកចំណូល ឥឡូវគាត់ការពារព្រៃ ដើម្បីរកចំណូលវិញ។ ហើយមួយទៀត ទាក់ទងនឹងក្បាលទឹក ឬប្រភពទឹក បើយើងអត់ថែរក្សា ធនធានធម្មជាតិ យើងនឹងបាត់បង់ទឹកប្រើខ្លួនយើង ហើយនឹងបាត់បង់ធនធានទឹកទាំងអស់នៅក្នុងខេត្តសៀមរាបយើង ព្រោះប្រភពទឹកនៅលើតែភ្នំគូលែនហ្នឹងមួយទេ»។
បច្ចុប្បន្ន ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន មានសហគមន៍តំបន់ការពារធម្មជាតិចំនួន៥ ដូចជា «សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ» ស្ថិតក្នុងភូមិអន្លង់ធំនេះ «សហគមន៍ព្រៃធំពពេល» «សហគមន៍ព្រៃភ្នំក្ដួច» «សហគមន៍ព្រៃភ្នំម្នាស់» និង «សហគមន៍ជប់តាសុខ» បូករួមនឹង «ចម្ការអភិរក្សដើមគ្រញូង» ដែលគិតជាផ្ទៃដីសរុបចំនួន១ ៧២៨ហិកតា។ សម្រាប់សហគមន៍ការពារធម្មជាតិព្រៃធំអន្លង់ធំ បានបង្កើតឡើងនៅឆ្នាំ២០០១ ដែលមកដល់ពេលនេះមានសមាជិកជាង២០០គ្រួសារ និងមានផ្ទៃដីអភិរក្សសរុប៣៦៥ហិកតា។

គួរបញ្ជាក់ថា ក្រសួងបរិស្ថាន រួមនឹងក្រសួងពាក់ព័ន្ធ និងអង្គការដៃគូ បានរៀបចំដំណើរទស្សនកិច្ចទៅកាន់ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែន និងបឹងទន្លេសាប ដើម្បីស្វែងយល់ពី គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (ន.ទ.ទ.ក) រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ។ សម្រាប់គោលបំណងសំខាន់ ក្នុងដំណើរទស្សនកិច្ចនេះ មានដូចជា: ១)បង្ហាញពីវឌ្ឍនភាព និងផែនការសកម្មភាពគម្រោង – ២)ពិនិត្យទិដ្ឋភាពជាក់ស្ដែង លើអនុសាសន៍នានា ដែលជាលទ្ធផល នៃការសិក្សារៀបចំចក្ខុវិស័យ និងផែនការវិនិយោគ អេកូទេសចរណ៍ ៣)បង្ហាញសក្តានុពល សម្រាប់ការវិនិយោគអេកូទេសចរណ៍ ប្រកបដោយ និរន្តរភាព និង៤)ស្វែងយល់ពីជីវភាពរស់នៅ របស់ប្រជាសហគមន៍ នៅតំបន់ឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម ” ភ្នំគូលែន ” និងបឹងទន្លេសាប៕













