
រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថាន គ្រោងបង្កើតរបៀងគោលដៅលំហែបៃតងនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដើម្បីលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងឧទ្យានជាតិនេះឱ្យក្លាយជាពាណិជ្ជករខ្នាតតូច ដែលជម្រើសតែមុខរបរសមស្រប នៅក្នុងតំបន់ដែលកាត់បន្ថយការដាក់សម្ពាធលើធនធានធម្មជាតិ។

ថ្លែងក្នុងកិច្ចប្រជុំស្តីពីការអភិវឌ្ឍគោលដៅលំហែបៃតងនៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១៨មេសា ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា៖«របៀងគោលដៅលំហែបៃតងផ្តោតលើមានការរៀបចំសម្បទាទេសចរណ៍ ដូចជាការសាសង់កន្លែងបោះតង់ស្នាក់នៅតាមរចនាបទខ្មែរ ការរៀបចំផ្លូវ គោលដៅដើរកម្សាន្ត ភ្ជាប់ពីសហគមន៍មួយទៅសហគមន៍មួយទៀត ដោយថ្មើរជើង ឬអាចជិះកង់កម្សាន្ត ហើយសហគមន៍នីមួយៗ អាចផ្តល់សេវាកម្មទេសចរណ៍ (ការដឹកជញ្ជូន ម្ហូបអាហារ មគ្គុទេសក៏សហគមន៍ ។ល។) ប្លែកពីគ្នា ការកែច្នៃអនុផលព្រៃឈើ បង្កើតការងារនៅមូលដ្ឋាន និងសកម្មភាពសេដ្ឋកិច្ច ដែលមានមេត្រីភាពជាមួយនឹងបរិស្ថាន»។ ស្របជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត បានជំរុញឱ្យមន្រ្តីជំនាញក្រសួងបរិស្ថាន រៀបចំកម្មវិធីចុះសិក្សាស្វែងយល់ព័ត៌មានជាមូលដ្ឋានសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍របៀងគោលដៅលំហែបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» សំដៅលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការអភិរក្សប្រព័ន្ធជីវៈចម្រុះ និងវប្បធម៌ប្រពៃណី ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ជំនាន់។

ដោយឡែក ការរៀបចំគោលដៅលំហែបៃតងសំដៅលើតំបន់សក្តានុពលទេសចរណ៍ធម្មជាតិ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិ ត្រូវបានសិក្សាដោយរក្សាបាននូវគោលការណ៍ចំនួន៣ គឺ៖ ភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីធានាបានការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពសហគមន៍ប្រកបដោយនិរន្តភាព ការរក្សា និងបង្កើនគម្របព្រៃឈើជាអតិបរិមា និងឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រិត្យកាបូននៅឆ្នាំ២០៥០។ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» មានទឹកជ្រោះ ប្រាសាទបុរាណ បុរាណស្ថាន និងពើងធម្មជាតិ ដែលមានភាពទាក់ទាញទេសចរមកកម្សាន្តសរុបចំនួន៨៥កន្លែង ព្រមទាំងមានប្រជាពលរដ្ឋរស់នៅសរុបចំនួន១២៤៦គ្រួសារ ប្រជាជនសរុបចំនួន៥០៣៦នាក់ ក្នុងនោះស្ត្រី២៤៤៦នាក់ ស្ថិតក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប មានប្រជាពលរដ្ឋ។

បន្ថែមពីនេះ នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ក្រសួងបរិស្ថាន បានរៀបចំជាសហគមន៍តំបន់ការពារធម្មជាតិសរុបចំនួន៥ រួមមាន៖ ១.សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ២.សហគមន៍តំបន់ការពារធម្មជាតិព្រៃធំពពេល ៣.សហគមន៍តំបន់ការពារធម្មជាតិព្រៃភ្នំក្ដួច ៤.សហគមន៍តំបន់ការពារធម្មជាតិព្រៃភ្នំម្នាស់ និង៥.សហគមន៍តំបន់ការពារធម្មជាតិជប់តាសុខ...៕





