ទីលម្ហែបៃតង១០កន្លែងលើភ្នំគូលែន បានសាងសង់រួចរាល់ កំពុងរង់ចាំភ្ញៀវទៅកម្សាន្ត
S
Soriya Sou
11 ឧសភា 2025 04:00 PM

ក្រុងសៀមរាប៖ ទីលម្ហែបៃតងរបស់សហគមនាគមន៍ ចំនួន១០កន្លែង នៅលើខ្នងភ្នំនៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» ក្នុងខេត្តសៀមរាប បានបញ្ចប់ការសាងសង់ជាស្ថាពរ និងកំពុងរង់ចាំទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលនិយមចូលចិត្តធម្មជាតិបៃតង អញ្ជើញទៅកម្សាន្ត...។ 

រូបភាពពី៖ ក្រសួងបរិស្ថាន
រូបភាពពី៖ ក្រសួងបរិស្ថាន

ទីលម្ហែបៃតងរបស់ប្រជាសហគមន៍ នៅទីតាំងខាងលើ ស្ថិតនៅក្នុងគម្រោងអភិវឌ្ឍគោលដៅ «លម្ហែបៃតង» របស់ក្រសួងបរិស្ថាន ដែល​ត្រូវបានសាងសង់ឡើងតាមរចនាប័ទ្មខ្មែរ និងមានលក្ខណៈទំនើប គ្រោងប្រគល់ជូនទៅសហគមន៍តំបន់ការពារធម្មជាតិ ព្រៃធំអន្លង់ ដើម្បីផ្ដល់ជូនសេវាកម្ម ការលម្ហែកម្សាន្តប្រកបដោយសុខុដុមរមនាជាមួយធម្មជាតិដល់ភ្ញៀវជាតិ អន្តរជាតិ ដែលមកសម្រាកលម្ហែ បោះតង់ ឬទស្សនាជុំវិញតំបន់ភ្នំគូលែន។ លោក អ៊ាង សុផល្លែត ​រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងថា ​ក្រសួងបរិស្ថាន បានបង្កើតការអភិវឌ្ឍគោលដៅ «លម្ហែបៃតង» ដើម្បីជួយលើកកម្ពស់ជីវភាពសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ដើម្បីពង្រឹងការអភិរក្សព្រៃឈើ ស្របតាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល។

លោកថា នៅក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ក្រសួងបរិស្ថាន បានបង្កើតជារបៀងគោលដៅលម្ហែបៃតង ដោយមានសហគមន៍តំបន់ការពារធម្មជាតិចំនួន៥ ដែលមានសក្តានុពលធម្មជាតិខុសៗគ្នា។ ក្នុងនោះ ក្រសួងបរិស្ថានបានរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ អភិវឌ្ឍការទាក់ទាញទេសចរ ទៅទស្សនាកន្លែងធម្មជាតិ, ប្រវត្ដិសាស្ត្រ, វប្បធម៌, ប្រាសាទបុរាណ, តំបន់ទេសភាព, ព្រៃឈើ, ទស្សនាសត្វព្រៃ, ទឹកធ្លាក់, និងការសម្រាកកម្សាន្ត។ ចំណែក ទីលម្ហែបៃតងរបស់សហគមនាគមន៍ ជាគម្រោងមួយទើបតែចាប់ផ្តើមជាមួយសហគមន៍តំបន់ការពារធម្មជាតិ លើខ្នងភ្នំគូលែន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ដែលក្នុងនោះការកសាងភាពស្អាត ភាពបៃតង ដែលបានចែងក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្ពោះទៅការរស់នៅប្រកបដោយចីរភាព។

ទីលម្ហែបៃតងរបស់សហគមនាគមន៍នៅលើភ្នំគូលែន នឹងមិនមានត្រឹមតែ១០កន្លែងនោះទេ ពោលក្រសួងនឹងពង្រីកគម្រោងនេះបន្ថែមជាបន្តបន្ទាប់ទៀត ជូនប្រជាសហគមន៍ ដើម្បីបង្កើនជីវភាពប្រជាសហគមន៍កាន់តែប្រសើរឡើង។ យ៉ាងណា លោក អ៊ាង សុផល្លែត បានជំរុញឱ្យសហគមន៍មានការអភិវឌ្ឍជីវភាពប្រកបដោយនិរន្តរភាព ដោយធ្វើយ៉ាងណា ត្រូវថែរក្សាបរិស្ថានឱ្យស្អាត បម្រើសេវាកម្មដោយភាពស្មោះត្រង់ រៀបចំម្ហូបអាហារត្រូវមានអនាម័យ និងមានតម្លៃសមរម្យ ជាទីទាក់ទាញនៃអ្នកទេសចរ មកកម្សាន្តបានច្រើនជាប្រចាំ។​ សូមជម្រាបថា ក្រៅពីនៅលើខ្នងភ្នំគូលែន ខេត្តសៀមរាប ក្រសួងបរិស្ថាន ក៏បានកំពុងពង្រីកគម្រោង គោលដៅលម្ហែបៃតង នៅតំបន់ទេទឹកពុះ និងតំបន់ខ្នងផ្សារនៃតំបន់ជួរភ្នំក្រវាញ ខេត្តកំពង់ស្ពឺ និងតាមតំបន់ការពារធម្មជាតិមួយចំនួនទៀត ដើម្បីបង្កើនជីវភាពប្រជាសហគមន៍ និងពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត