
រដ្ឋធានីប៉េកាំង៖ ហេតុការណ៍ដ៏រន្ធត់ និងគួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីយប់ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ គឺមានយន្តហោះធុនតូចមួយគ្រឿង មានទំហំប៉ុនរថយន្តបានហោះទៅបុកចំអគារ CITIC Tower ដែលជាអគារកប់ពពកកម្ពស់ ១០៨ជាន់ និងខ្ពស់ជាងគេបំផុតប្រចាំនៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

អ្នកស្ថិតនៅកន្លែងកើតហេតុដែលបានឃើញផ្ទាល់ភ្នែក បានរៀបរាប់ថា ពួកគេបានឮសំឡេងផ្ទុះបោកទង្គិចខ្លាំងជាងសូរផាវទៅទៀត ដោយបន្សល់ទុកការខូចខាតផ្ទាំងកញ្ចក់នៅជាន់ខាងលើ និងមានកម្ទេចកម្ទីធ្លាក់មកលើផ្លូវថ្នល់។ ក្រោយកើតហេតុ កម្លាំងប៉ូលិស និងរថយន្តពន្លត់អគ្គិភ័យរាប់សិបគ្រឿង បានចុះអន្តរាគមន៍បិទផ្លូវជុំវិញអគារកើតហេតុភ្លាមៗ ដោយមានការយកតង់កៅស៊ូពណ៌ខៀវទៅគ្របបិទបាំងវត្ថុធំមួយនៅលើផ្លូវ។ លើសពីនេះ អាជ្ញាធរចិនបានហាមឃាត់មិនឱ្យប្រជាពលរដ្ឋថតរូប ឬវីដេអូឡើយ ហើយថែមទាំងបង្ខំឱ្យអ្នកថតរួច លុបចេញវិញទៀតផង។ ស្របពេលជាមួយគ្នានេះ រាល់ការបង្ហោះជុំវិញហេតុការណ៍នេះនៅលើបណ្តាញសង្គមចិន ត្រូវបានលុបបំបាត់ចោលស្ទើរតែទាំងស្រុងភ្លាមៗ។

មកទល់ពេលនេះ គេនៅមិនទាន់ដឹងថា ហេតុការណ៍នេះជាគ្រោះថ្នាក់អចេតនា ឬជាការប៉ុនប៉ងធ្វើអ្វីមួយឡើយ ខណៈតំបន់អាកាសកណ្តាលរដ្ឋធានីប៉េកាំង គឺជាតំបន់ហាមឃាត់និងរឹតបន្តឹងខ្លាំងបំផុត។ គួរបញ្ជាក់ថា រដ្ឋធានីប៉េកាំង មិនទាន់ចេញសេចក្តីថ្លែងការណ៍ផ្លូវការណាមួយជុំវិញរឿងនេះនៅឡើយទេ៕




