ថៃបន្តរាយបន្លាលួសនៅតំបន់មុំបី និងតំបន់ជប់រុនក្នុងទឹកដីកម្ពុជា
អុន សម្ផស្ស
13 ម៉ោងមុន

រាជធានីភ្នំពេញ៖ កម្ពុជា បន្តដាក់លិខិតតវ៉ាជាផ្លូវការចំពោះ សកម្មភាពកងកម្លាំងប្រដាប់អាវុធថៃ ដែលរាយបន្លាលួសនៅតំបន់មុំបី ខេត្តព្រះវិហារ និងតំបន់ជប់រុន ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦...។

តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងការបរទេសកម្ពុជា លើកឡើងថា សកម្មភាពទាំងនេះរបស់ថៃ គឺផ្ទុយនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលចែងក្នុងសេចក្តីប្រកាសរួមនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយក៏ជាការរំលោភបំពានលើមាត្រា៥ នៃអនុស្សរណៈការយោគយល់គ្នារវាងរាជរដ្ឋាភិបាលប្រទេសទាំង២ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក (MOU 2000)។ រាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពទាំងនេះ មិនត្រឹមតែនៅក្នុងតំបន់ ដែលបានរៀបរាប់ខាងលើនោះទេ ប៉ុន្តែថែមទាំងនៅទីតាំងផ្សេងទៀត ដែលកងកម្លាំងប្រដាប់អាវុធថៃបានកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំមុនមក

កម្ពុជាបញ្ជាក់ជាថ្មីថា ការបន្ថយភាពតានតឹង គឺជាកត្តាចាំបាច់ ដើម្បីជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក និងជួយសម្រួលដល់ដំណោះស្រាយប្រកបដោយសន្តិវិធី។ កម្ពុជានៅតែប្តេជ្ញាដោះស្រាយជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរថា បន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្ដូរដោយប្រើកម្លាំងនោះឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត