ក្រុមឆបោកអនឡាញ ជម្លៀសខ្លួនពីក្រុងប៉ោយប៉ែត ទៅបោះទីតាំងថ្មីនៅក្រុងសិរីសោភ័ណ តែនៅតែមិនផុតពីដៃប៉ូលិស
ហាក់ អ៊ីឌី
14 ម៉ោងមុន

ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់មានជនបរទេស១៨០នាក់ ត្រូវអាជ្ញាធរចាប់ខ្លួន ពាក់ព័ន្ធការលួចប្រព្រឹត្តបទល្មើសអនឡាញាស្កេមចចំនួន៥ទីតាំងផ្សេងគ្នា ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។ 

ការបង្រ្កាបនេះ ធ្វើឡើងដោយគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលផ្នែកច្បាប់ពីព្រៈរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត។ កងកម្លាំងសមត្ថកិច្ចចម្រុះ បានឆ្មក់ចូលទីតាំងចំនួន៥ផ្សេងគ្នាក្នុងថ្ងៃតែមួយ ហើយរកឃើញជនបរទេសចម្រុះជាតិសាសន៍ចំនួន១៨០នាក់ ដែលកំពុងពួនសម្ងំប្រព្រឹត្តបទល្មើសអនឡាញាស្កេម។ ជាមួយគ្នា អាជ្ញាធរបានដកហូតគ្រឿងអេឡិចត្រូនិកជាច្រើនប្រភេទ ដែលបម្រើឱ្យការប្រព្រឹត្តបទល្មើស។ បច្ចុប្បន្ន ជនល្មើសទាំងនោះ រួមទាំងវត្ថុតាងត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់។ 

ជុំវិញប្រតិបត្តិការបង្ក្រាបខាងលើនេះ ត្រូវបានមហាជនមើលឃើញថា ជាចរន្តនៃការផ្លាស់ប្ដូរទីតាំងរបស់ក្រុមជនល្មើស ដែលបានដាក់គោលដៅឈរជើងថ្មីនៅក្រុងសិរីសោភ័ណ្ឌ បន្ទាប់ពីរត់គេចពីក្រុងប៉ោយប៉ែត។ កាលពីពេលកន្លងទៅ មានការបង្ក្រាបជាបន្តបន្ទាប់ពីសំណាក់សមត្ថកិច្ច ទៅលើទីតាំងឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងក្រុងប៉ោយប៉ែត ដែលធ្វើឱ្យក្រុមជនល្មើសទាំងនោះ ចាប់ផ្តើមបាត់បង់សុវត្ថិភាព និងពិបាកដំណើរការអំពើឆបោករបស់ខ្លួន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត