អ្នកនេសាទម្នាក់ លួចគ្រឿងញៀន៣គីឡូក្រាម កំលុងពេលសមត្ថកិច្ចបង្រ្កាបលើដង​ទន្លេមេគង្គ​
ហាក់ អ៊ីឌី
11 ម៉ោងមុន

ខេត្តស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថ ចាប់បុរសជាអ្នកនេសាទម្នាក់ ក្រោយលួចគ្រឿងញៀន៣គីឡូក្រាម ក្នុងចំណោមគ្រឿងញៀនជាង៤០គីឡូក្រាម ពីទូកជនល្មើស ដែលត្រូវកងកម្លាំងដេញបង្រ្កាបនាពេលថ្មីៗនេះ នៅលើដងទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ នេះបើតាមរបាយការណ៍ពីមន្រ្តីជំនាញ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។ 

កាលពីពេលកន្លងទៅ មន្ត្រីបរិស្ថានអភិរក្សតំបន់រ៉ាមសារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ បានចុះល្បាតតាមដងទន្លេមេគង្គលើ ហើយក៏ប្រទះឃើញទូកមួយគ្រឿងបើកក្នុងល្បឿនលឿន។ ពេលនោះ មន្រ្តីជំនាញ ក៏បានសហការគ្នាដេញតាម ដោយសង្ស័យជាករណីលួចឆក់ត្រី។ ជនសង្ស័យ ប្រឹងបើកទូករត់ដោយមិនព្រមឈប់នោះទេ រហូតទាល់តែទៅបុកទូកអ្នកនេសាទបណ្ដាលឱ្យលិច ហើយក៏រត់គេចខ្លួនបាត់ស្រមោលតែម្ដង បន្សល់ទុកគ្រឿងញៀនជាង៣៧គីឡូក្រាម (តាមពិត គ្រឿងញៀនទាំងអស់ ជាង៤០គីឡូក្រាម តែត្រូវអ្នកនេសាទលួចអស់៣គីឡូក្រាម)។  

ក្រោយចប់ប្រតិបត្តិការ សមត្ថកិច្ច​ជំនាញ​ បាន​ដាក់​ការ​សង្ស័យ​ថា វត្ថុ​តាង​អាច​នឹង​មានការ​ប៉ះពាល់ ឬ​បាត់​បង់​ដោយសារ​មាន​មនុស្ស​​ចូល​ទៅ​ជិត​។ បន្ទាប់មក សមត្ថកិច្ច ក៏សម្រេចបើកការស៊ើបអង្កេតសាជាថ្មី ស្រាប់តែ​ធ្លាយ​តម្រុយ​ថា ជនសង្ស័យ ឈ្មោះ ឡេ​ង ណាត ជាអ្នកនេសាទបាន​លួច​យក​គ្រឿងញៀន​មួយចំនួន​ប្រមាណ៣គីឡូក្រាមចេញពីទូកនោះ។ បច្ចុប្បន្ន គ្រឿងញៀនសរុបជាង៤០គីឡូក្រាម ​ត្រូវ​បាន​រក្សាទុកជា​បណ្តោះអាសន្ន​។ រីឯជនល្មើសដែលលួចគ្រឿងញៀន ត្រូវកម្លាំងកងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង កសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ និង​បន្ត​ស្វែងរក​មេខ្លោងជួញដូរគ្រឿងញៀនជាង៤០គីឡូក្រាមនេះ៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត