ចូលដល់រដូវកាលបៃតង! កុំរំលង«ស្រះដំរី»ជាគោលដៅទេសចរណ៍អស្ចារ្យនៅខេត្តសៀមរាប
អុន សម្ផស្ស
10 ម៉ោងមុន

ខេត្តសៀមរាប៖ ស្របពេលរដូវកាលបៃតង (Green Season) កំពុងចាប់ផ្តើមក្រសួងទេសចរណ៍ ណែនាំភ្ញៀវទេសចរឱ្យទៅទស្សនា«ស្រះដំរី»ដែលជារមណីយដ្ឋានប្រវត្តិសាស្ត្រ និងធម្មជាតិដ៏លាក់កំបាំង ស្ថិតនៅកណ្តាលព្រៃជ្រៅនៃភ្នំគូលែន ខេត្តសៀមរាប...។

នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ បង្ហោះរូបភាពភ្ជាប់ជាមួយសំណេរ​ពិពណ៌នាថា ក្រៅពីតំបន់ទេសចរណ៍ល្បីៗ ដូចជា ទឹកធ្លាក់ភ្នំគូលែន ព្រះអង្គធំ និងស្ទឹងលិង្គមួយពាន់ «ស្រះដំរី» ក៏ជាទីតាំងដ៏មានតម្លៃសម្រាប់អ្នកស្រឡាញ់ការផ្សងព្រេង និងស្វែងយល់ពីបេតិកភណ្ឌវប្បធម៌ខ្មែរ។ អ្វីដែលធ្វើឱ្យស្រះដំរីមានភាពលេចធ្លោ គឺរូបចម្លាក់ដំរីថ្មភក់ដ៏ធំ ដែលមានកម្ពស់ជិត៣ម៉ែត្រ និងប្រវែងជិត៤ម៉ែត្រ។ រូបចម្លាក់នេះត្រូវបានឆ្លាក់ចេញពីផ្ទាំងថ្មភក់ធម្មជាតិដែលដុះចេញពីដីនៅទីតាំងផ្ទាល់ ដោយបង្ហាញពីស្នាដៃវិស្វកម្ម និងសិល្បៈដ៏ប៉ិនប្រសប់របស់បុព្វបុរសខ្មែរ។ រូបដំរីដែលបែរមុខទៅទិសខាងលិច ឆ្ពោះទៅកាន់ទីក្រុងអង្គរ ត្រូវបានគេចាត់ទុកថា ជានិមិត្តរូបនៃការការពារទឹកដីដ៏ពិសិដ្ឋ។

ក្រៅតែពីរូបដំរីនោះ នៅជុំវិញទីតាំងក៏មានចម្លាក់ថ្មសត្វផ្សេងៗទៀត រួមមាន សត្វតោ សត្វខ្លា និងសត្វគោ ដែលសុទ្ធសឹងតែឆ្លាក់ចេញពីផ្ទាំងថ្មភ្នំដូចគ្នា។ ជាមួយសភាពព្រៃឈើដ៏ស្រស់បំព្រង អាកាសធាតុបរិសុទ្ធ និងបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏កម្រ ស្រះដំរី ត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍មួយ ដែលគួរទៅទស្សនាក្នុងរដូវកាលបៃតង សម្រាប់អ្នកដែលចង់ស្វែងរកបទពិសោធថ្មី និងស្វែងយល់ពីអរិយធម៌ខ្មែរ។ គួរជ្រាបថា ស្រះ​ដំរី​ គឺជា​អតីត​ដែនដី​រាជធានី​បុរាណ«​ម​ហិ​ន្ទ្រ​បព៌ត​» ដែល​ស្ថិតនៅខាងត្បូងភូមិថ្មីប្រហែល៤គីឡូម៉ែត្រ ក្នុង​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ ​អ្នកដំណើរអាចទៅដល់ទីនោះបាន តាមរយៈការធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ឆ្លងកាត់​ព្រៃ ថ្ម និង​ទីវាល​នៅលើ​ខ្នងភ្នំ​គូលែន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត