
រដ្ឋធានីញូវដេលី៖ ឥណ្ឌា បាននិងកំពុងឈានទៅរកការអនុវត្តកំណែទម្រង់ប្រព័ន្ធយោធាដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីទទួលបានឯករាជ្យភាព ដោយកងទ័ពជើងគោក ជើងទឹក និងជើងអាកាស នឹងត្រូវដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់មេបញ្ជាការ ដែលត្រួតពិនិត្យលើសមរភូមិជម្លោះជាក់លាក់នីមួយៗ ចំពេលមានការព្រួយបារម្ភថា តើការរៀបចំរចនាសម្ព័ន្ធយោធាបែបនេះ អាចទប់ទល់នឹងនាគរាជចិន និងខ្លាកំណាចប៉ាគីស្ថាន ក្នុងពេលដំណាលគ្នាដែរឬទេ...?

ក្រុមអ្នកវិភាគអះអាងថា ការពិភាក្សាដេញដោលលើការបង្កើតបញ្ជាការដ្ឋានយោធារួមបញ្ចូលគ្នា ដែលត្រូវបានស្នើឡើងនេះ មិនមែនគ្រាន់តែជាការធ្វើឱ្យរចនាសម្ព័ន្ធយោធាដំណើរការដោយរលូននោះទេ ប៉ុន្តែវាគឺដើម្បីចង់ដឹងច្បាស់ថា តើយោធារបស់ឥណ្ឌាអាចមានសាមគ្គីភាពគ្រប់គ្រាន់ ដើម្បីដោះស្រាយវិវាទព្រំដែន និងការគំរាមកំហែងដែលកំពុងវិវត្តដែរឬយ៉ាងណា..? ផែនការដែលបានពន្យារពេលជាយូរមកហើយនេះ ត្រូវបានដាក់ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក រជ្ជនាថ សិង្ហ (Rajnath Singh) កាលពីខែមុន ហើយឥឡូវនេះកំពុងរង់ចាំការអនុម័តពីក្រសួងការពារជាតិ និងគណៈកម្មាធិការគណៈរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសន្តិសុខ។ ផែនការនេះ នឹងធ្វើឱ្យប្រព័ន្ធបញ្ជាការយោធាបច្ចុប្បន្នរបស់ឥណ្ឌាចំនួន១៧ រួមមានផ្នែកកងទ័ពជើងគោក ជើងទឹក និងជើងអាកាស ដែលភាគច្រើនដំណើរការដាច់ដោយឡែកពីគ្នា ក្នុងរចនាសម្ព័ន្ធរៀងៗខ្លួន ត្រូវជំនួសមកវិញដោយបញ្ជាការដ្ឋានរួម បង្កើតឡើងផ្អែកលើកត្តាភូមិសាស្ត្រ និងការគំរាមកំហែង។

បញ្ជាការដ្ឋានយោធាភាគខាងជើង ផ្តោតលើប្រទេសចិន នឹងមានមូលដ្ឋាននៅទីក្រុងឡាក់ណាវ (Lucknow) ខណៈបញ្ជាការដ្ឋានយោធាភាគខាងលិច ទទួលខុសត្រូវលើប្រទេសប៉ាគីស្ថាន នឹងមានមូលដ្ឋាននៅទីក្រុងចៃពួរ (Jaipur)។ ចំណែកឯបញ្ជាការដ្ឋានយោធាដែនសមុទ្ទនៅក្នុងទីក្រុងទិរុវៈនន្នធរៈបុរៈ (Thiruvananthapuram) នឹងទទួលបន្ទុកលើផលប្រយោជន៍របស់ឥណ្ឌា នៅទូទាំងមហាសមុទ្ទឥណ្ឌា។ បញ្ជាការដ្ឋានយោធាទាំង៣នេះ ត្រូវបានរំពឹងថា នឹងត្រូវដឹកនាំដោយមន្ត្រីកងទ័ពជើងគោក កងទ័ពជើងអាកាស និងកងទ័ពជើងទឹករៀងៗខ្លួន។ យ៉ាងណា អ្នកជំនាញបានបញ្ជាក់ថា ៖«ការព្រួយបារម្ភរបស់ឥណ្ឌា នាពេលបច្ចុប្បន្ន គឺយោធាប្រហែលជាលែងមានឱកាសសម្រាក ដើម្បីដោះស្រាយបញ្ហាប្រឈមម្ដងមួយៗទៀតហើយ។ កាលពីមុន ចិន និងប៉ាគីស្ថាន ត្រូវបានគេមើលឃើញថា ជាបញ្ហាសន្តិសុខដាច់ដោយឡែកពីគ្នា។ ប៉ុន្តែឥឡូវនេះ កាន់តែមានអារម្មណ៍ខ្លាំងឡើងថា វិបត្តិនាពេលអនាគតអាចនឹងមានសម្ពាធមកពីទិសដៅទាំង២ មិនថាក្នុងពេលដំណាលគ្នា ឬផ្សេងគ្នាឡើយ»៕





