ឥណ្ឌា-បង់ក្លាដែស ចាប់ដៃគ្នាពង្រឹងសន្តិសុខព្រំដែន
ហៀប ស៊ីថេត
8 ម៉ោងមុន

ញូវដេលី-ដាកា៖ ប្រទេសបង់ក្លាដែស និងឥណ្ឌា បានព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ តាមបណ្តោយព្រំដែនរួមរបស់ពួកគេ តាមរយៈការចែករំលែកព័ត៌មានសម្ងាត់ និងការល្បាតរួមគ្នា ចំពេលមានភាពតានតឹងយ៉ាងស្មុគស្មាញលើបញ្ហានៃការចោទប្រកាន់ជនចំណាកស្រុកខុសច្បាប់ ឬគ្មានឯកសារច្បាប់។

កងឆ្មាំព្រំដែនបង់ក្លាដែស​ និងកងកម្លាំងសន្តិសុខព្រំដែនឥណ្ឌា លើកឡើងអំពីកិច្ចពិភាក្សារួមគ្នាថា មានលក្ខណៈស្និទ្ធស្នាល វិជ្ជមាន និងមើលទៅមុខជានិច្ច។ កិច្ចពិភាក្សានេះ ក៏បានគ្របដណ្ដប់លើបញ្ហាការឆ្លងដែនខុសច្បាប់ ដោយអចេតនា និងដោយបង្ខំនៅតាមតំបន់ព្រំដែន ដែលជាបញ្ហាដ៏ចម្រូងចម្រាស់ខ្លាំងនៅក្នុងប៉ុន្មានខែថ្មីៗនេះ។ សូមជម្រាបថា ប្រទេសបង់ក្លាដែស និងឥណ្ឌា មានព្រំដែនរួមគ្នាប្រវែងជាង ៤០០០គីឡូម៉ែត្រ ជាព្រំដែនវែងជាងគេបំផុតមួយនៅលើពិភពលោក។

តាមពិតទៅ បង់ក្លាដែស ធ្លាប់បានចោទប្រកាន់អាជ្ញាធរឥណ្ឌាថា បានព្យាយាមបង្ខំជនចំណាកស្រុកឱ្យឆ្លងកាត់ព្រំដែនដោយគ្មាននីតិវិធីច្បាប់ត្រឹមត្រូវ ខណៈបញ្ហានេះបានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាស្ថិរភាពទំនាក់ទំនងទ្វេភាគី កាន់តែមានភាពស្មុគស្មាញ គិតចាប់តាំងពីការទម្លាក់ លោកស្រី សេក ហាស៊ីណា (Sheikh Hasina) ឱ្យខ្ទាតចេញពីតំណែងកាលពីឆ្នាំ២០២៤ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ឥណ្ឌា ក្នុងការបណ្តេញជនចំណាកស្រុកខុសច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត