
រាជធានីភ្នំពេញ៖ រយៈពេល៦ខែ ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថាន បានដើរល្បាតជិត៦០០០លើក ហើយបង្ក្រាបបទល្មើសធនធានធម្មជាតិជាង៩៦០ករណី នៅទូទាំងប្រទេស។ ក្នុងនោះ បទល្មើសព្រៃឈើជាង៣០០ករណី បទល្មើសបរបាញ់សត្វព្រៃជាង២៤០ករណី បទល្មើសធនធានរ៉ែ១២ករណី បទល្មើសឈូសរានដីព្រៃជាង២៦០ករណី និងបទល្មើសនេសាទជាង១៣០ករណី។

របាយការណ៍នៃការបង្ក្រាបបទល្មើសធនធានធម្មជាតិនេះ ត្រូវបានក្រសួងបរិស្ថាន ផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងការបង្ក្រាបនេះ មន្រ្តីជំនាញបានដកហូតវត្ថុតាងជាច្រើន រួមមាន គ្រឿងចក្រអេស្កា២គ្រឿង ត្រាក់ទ័រ៥គ្រឿង រថយន្ត៥គ្រឿង រថយន្តកែច្នៃ២គ្រឿង គោយន្ត២១គ្រឿង ម៉ូតូ៣៥គ្រឿង ទូក៥គ្រឿង រណារយន្ត២៤១គ្រឿង អាវុធ៥ដើម គ្រាប់កាំភ្លើង៥១គ្រាប់ និងអាវុធកែច្នៃ៩៤ដើម ។ល។ ជាមួយគ្នា មន្រ្តីឧទ្យានុរក្ស បានដោះអន្ទាក់ឆក់ជាង១៣០០គ្រឿង និងអន្ទាក់ខ្សែជាង១,១ម៉ឺនខ្សែ។ មន្រ្តីជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន៧៤ករណី និងចាប់ជនសង្ស័យ៤៤នាក់។

ការបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះ ថយចុះ១៩ករណី បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ក្រសួងបរិស្ថាន អះអាងថា ការថយចុះនេះ ឆ្លុះបញ្ចាំងពីការយល់ដឹងកាន់តែប្រសើរ និងការចូលរួមទប់ស្កាត់បទល្មើសពីភាគីពាក់ព័ន្ធ ជាពិសេសការចូលរួមពីប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន។ ក្រសួងបរិស្ថាន កំពុងលើកកម្ពស់ភាពជាម្ចាស់លើធនធានធម្មជាតិ ដោយធ្វើឱ្យប្រជាពលរដ្ឋយល់ដឹងថា ធនធានធម្មជាតិ ជាទ្រព្យសម្បត្តិរួម ដែលត្រូវថែរក្សាសម្រាប់កូនចៅជំនាន់ក្រោយ៕





