ក្រសួងសុខាភិបាលកម្ពុជា ចាប់ដៃជាមួយមូលនិធិ GX Foundation របស់ចិន ប្រឆាំងជំងឺគ្រុនឈាមតាមខេត្តគោលដៅ
អុន សម្ផស្ស
15 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល និងមូលនិធិ GX Foundation របស់ចិន បានចាប់ដៃគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មី ដើម្បីពង្រីកវិសាលភាពគម្រោងមនុស្សធម៌ទៅកាន់ខេត្តគោលដៅថ្មី ដោយផ្តោតលើការបង្ការ និងឆ្លើយតបនឹងជំងឺគ្រុនឈាម ការបណ្ដុះបណ្ដាលបច្ចេកទេសបុគ្គលិកសុខាភិបាល និងការនាំយកនវានុវត្តន៍វេជ្ជសាស្ត្រថ្មីៗមកកម្ពុជា...។

ពិធីចុះហត្ថលេខាបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ក្រោមវត្តមានរបស់លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក លាង ឆុនយីង (LEUNG Chun Ying) ប្រធានមូលនិធិ GX Foundation និងជាអនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន។ រដ្ឋមន្ត្រីសុខាភិបាល បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់មូលនិធិ GX Foundation ដែលបានរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា តាមរយៈគម្រោងមនុស្សធម៌ជាច្រើន ជាពិសេសកម្មវិធីវះកាត់ជំងឺភ្នែកឡើងបាយនៅខេត្តព្រៃវែង និងខេត្តកំពង់ស្ពឺ ដែលបានជួយព្យាបាលភ្នែកប្រជាពលរដ្ឋជាង៦០០០នាក់ ប្រកបដោយសុវត្ថិភាពខ្ពស់។

ក្រៅពីនេះ មូលនិធិក៏បានអនុវត្តគម្រោងបង្ការជំងឺគ្រុនឈាមដោយផ្តល់ឧបករណ៍តេស្តរហ័ស (RDTs) ជាង១,៣ម៉ឺនឈុត រួមជាមួយចង្កៀងសម្លាប់មូស មុងជ្រលក់ថ្នាំ និងសម្ភារអប់រំសុខភាព ដល់មូលដ្ឋានសុខាភិបាលចំនួន៦៤កន្លែងក្នុងខេត្តកំពង់ស្ពឺ។ ឧបករណ៍បង្ការជំងឺ ត្រូវបានដាក់ពង្រាយនៅតាមហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រជាតិសំខាន់ៗ រួមមាន៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, ការដ្ឋានព្រែកជីកហ្វូណនតេជោ និងអាកាសយានដ្ឋានអន្តរជាតិតេជោ។ តាមរយៈកិច្ចព្រមព្រៀងថ្មីនេះ ភាគីទាំងពីរបានប្តេជ្ញាបន្តពង្រីកគម្រោងទៅកាន់ខេត្តកំពត ឬខេត្តកំពង់ធំ ដោយផ្តោតលើការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល បង្ការ និងគ្រប់គ្រងជំងឺគ្រុនឈាម ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍វេជ្ជសាស្ត្រថ្មីៗ ដើម្បីសម្រេចបាននូវគោលដៅគ្របដណ្ដប់សុខភាពជាសកល (UHC) នៅកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត