សោកនាដកម្មនៅប៉ាគីស្ថាន៖ មនុស្ស៤០ស្លា.ប់យ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍រថយន្តធ្លាក់ពីភ្នំចូលជ្រោះ
Mao Sopha
18 ម៉ោងមុន

ប៉ាគីស្ថាន៖ រថយន្តក្រុង១គ្រឿង ដឹកមនុស្សជិត៥០នាក់ បានធ្វើដំណើរតាមផ្លូវឆ្លងកាត់ភ្នំ តែជាអកុសល រថយន្តនោះ បានបាត់បង់ការគ្រប់គ្រង ហើយក៏រេចង្កូតធ្លាក់ពីលើភ្នំចូលទៅក្នុងជ្រោះថ្ម ស្ថិតនៅភាគនិរតី ប្រទេសប៉ាគីស្ថាន នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ។ អាជ្ញាធរប៉ាគីស្ថាន អះអាងថា មនុស្ស៤០នាក់ បានបាត់បង់ជីវិត និង៨នាក់រងរបួស។  

អាជ្ញាធរ បន្តថា រថយន្តនោះ បើកក្នុងល្បឿនលឿន តែមិនទាន់រកឃើញមូលហេតុច្បាស់លាស់ និងលម្អិតនោះទេ ថាហេតុអ្វីបានជារថយន្ត បាត់បង់ការគ្រប់គ្រង។ រថយន្តនោះ បានធ្លាក់ចូលជ្រោះនៅតំបន់ភ្នំ ដាណា សា (Dana Sar) ជាតំបន់ដាច់ស្រយាល។ 

លោក សារ៉ូឡាហ៍ ហ្សេរ៉ានី (Sanaullah Sherani) ប្រធានមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់នៃស្រុកហ្សូប (Zhob) បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា រថយន្តក្រុងនោះ ធ្វើដំណើរពីទីក្រុង កេតា (Quetta) ទៅកាន់ទីក្រុង ផេហ្សាវ៉ា (Peshawar)។

ការធ្លាក់រថយន្តចូលជ្រោះ ដែលបណ្តាលឱ្យបាត់បង់ជីវិតមនុស្សដល់ទៅ៤០នាក់យ៉ាងអាណោចអាធ័មនេះ គឺជាសោកនាដកម្មមួយបន្ថែមទៀតសម្រាប់ប៉ាគីស្ថាន ស្របពេលកំពុងមានប្រជាជនស្លាប់ ដោយសារសង្គ្រាមជាមួយអាហ្វហ្កានីស្ថានស្រាប់ទៅហើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត