
រដ្ឋធានីការ៉ាកាស៖ មនុស្សម្នាក់ ដែលអត់បាយអត់ទឹកក្នុងរយៈពេលដ៏យូរដល់ទៅ៧ថ្ងៃ ឬ១សប្តាហ៍ បើទោះជាគ្មានជំងឺ ឬមិនត្រូវរបួសអ្វីក៏ដោយ ក៏ពិបាកនៅរស់ដែរ។ ប៉ុន្តែបុរសអច្ឆរិយៈម្នាក់នេះ នៅអាចរស់រានមានជីវិត ទាំងដែលត្រូវរបួសទ្រោមខ្លួន និងកប់ក្នុងគំនរអគារបែកបាក់ធ្ងន់ៗដល់ទៅ៨ថ្ងៃ ដោយគ្មានបាយគ្មានទឹកអ្វីទាំងអស់។

បុរសម្នាក់នេះ ឈ្មោះ ហ៊ើនាន់ អាល់ប៊ើតូ ហ្គិល ហ្វ្លរ៉េស (Hernán Alberto Gil Flores ) ជាបុគ្គលិកសន្តិសុខពេលយប់ មានវ័យ៤៣ឆ្នាំ។ គាត់ ជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះរាប់ម៉ឺននាក់ផ្សេងទៀត ដែលត្រូវអគារបាក់រលំលើ ពេលមានគ្រោះរញ្ជួយដីកើតឡើងផ្ទួនៗគ្នា២ដង នៅប្រទេសវ៉េណេស៊ុយអេឡា តាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

មុនដំបូង ក្រុមអ្នកជួយសង្គ្រោះ បានឮសំឡេងតិចៗចេញពីគំនរអគារ ហើយក៏ប្រឹងផ្ទៀងស្តាប់ និងយកកាមេរ៉ាឆ្លុះមើលតាមរន្ធតូចៗនៃគំនរអគារនោះ ដើម្បីស្វែងរកម្ចាស់សំឡេង។ ពេលនោះ ក្រុមអ្នកជួយសង្គ្រោះ ក៏ឃើញលោក ហ្គិល ហ្វ្លរ៉េស ហើយក៏ប្រឹងស្រែកហៅទៅលោកវិញ និងប្រាប់គាត់ឱ្យងាកមករកកាមេរ៉ា ដើម្បីដឹងច្បាស់ថា គាត់ជាម្ចាស់សំឡេង និងពិតជានៅរស់រានមានជីវិត។

ពេលត្រូវបានយកចេញពីគំនរអគារ លោក ហ្គិល ហ្វ្លរ៉េស នៅមានដង្ហើម តែស្ទើរតែលែងដឹងខ្លួនទៅហើយ សូម្បីតែកម្រើកដៃជើងស្ទើរតែមិនរួចផង។ ក្រុមជួយសង្គ្រោះ បានព្យាយាមសង្គ្រោះបឋម ដោយឱ្យគាត់ពិសាទឹក និងអាហារតិចៗ ហើយក៏ដាក់អុកស៊ីសែន និងបញ្ជូនគាត់ទៅមន្ទីរពេទ្យ។

មុនរកឃើញបុរសសន្តិសុខម្នាក់នេះ ក៏មានហេតុការណ៍អច្ឆរិយៈបែបនេះរួចហើយដែរ នោះគឺការរកឃើញឪពុក និងកូនប្រុសវ័យជំទង់ ដែលនៅរស់រានមានជីវិត បន្ទាប់ពីកប់ជាប់ក្នុងគំនរអគារបែកបាក់អស់៤ថ្ងៃ និងការរកឃើញគ្រួសារមួយដាច់ដោយឡែកផ្សេងទៀត ដែលមានម្តាយ និងកូនស្រីតូចអាយុមិនទាន់១ឆ្នាំ នៅរស់រានមានជីវិត បន្ទាប់ពីជាប់ក្នុងគំនរអគារបែកបាក់អស់៣ថ្ងៃ។

គិតមកដល់ថ្ងៃទី៣ ខែកក្កដានេះ ការបាក់រលំអគារ នៅវ៉េណេស៊ុយអេឡា មានរយៈពេល១០ថ្ងៃហើយ ដោយអ្នកស្លាប់កើនឡើងជាង២ពាន់នាក់ អ្នករបួសកើនឡើងជាង១ម៉ឺននាក់ និងអ្នកបាត់ខ្លួនអាចមានលើសពី៥ម៉ឺននាក់។ ទោះជារយៈពេលកន្លងទៅច្រើនថ្ងៃ ដែលមនុស្សពិបាកនៅរស់រានមានជីវិតក្តី តែក្រុមសង្គ្រោះដែលមកពីបណ្តាប្រទេសនានា នៅមិនទាន់បង់បោះចោលនោះទេ ដោយពួកគេនៅតែប្រឹងរុករកជនរងគ្រោះ។ ការរកឃើញអ្នកនៅរស់រានមានជីវិត ដែលជាប់ក្នុងអគារអស់ច្រើនថ្ងៃ ពិសេសករណីបុរសសន្តិសុខនេះតែម្តង បានជំរុញទឹកចិត្ដដ៏ខ្លាំងក្លាដល់ក្រុមជួយសង្គ្រោះបន្ថែមទៀត៕



