ទម្លាយល្បិចកលអបលក្ខណ៍៣យ៉ាង បង្កប់ក្នុងព្រះរាជដំណើរទស្សនកិច្ចរបស់ស្តេចថៃទៅបារាំង
ហៀប ស៊ីថេត
9 ម៉ោងមុន

បទបរិយាយ៖ រយៈពេល៥ថ្ងៃនៃព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រថៃ មហាវិជ្ជរ៉ាលង្ករ៍ រាមាទី១០ ទៅកាន់ប្រទេសបារាំង នាពេលនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិចុះផ្សាយព្រោងព្រាត អំពីការបន្តរឹតចំណងមិត្តភាពដ៏យូរអង្វែងរយៈពេល១៧០ឆ្នាំ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំង២។ ប៉ុន្តែ បើពិនិត្យមើលតាមខ្សែញាក់នៃភូមិសាស្ត្រនយោបាយក្នុងតំបន់ និងប្រវត្តិសាស្ត្រដ៏ចាក់ស្រែះរវាងប្រទេសទាំងបី ថៃ-បារាំង-កម្ពុជា ព្រះរាជដំណើរទស្សនកិច្ចនេះ មិនមែនជាផ្លូវការទូតធម្មតាៗនោះទេ ពោលគឺវាបានបង្កប់នូវសញ្ញាព្រមានដ៏គ្រោះថ្នាក់ និងជាការគំរាមកំហែងដោយប្រយោលលើសន្តិសុខជាតិរបស់កម្ពុជា ដែលក្រុមអាមាត្យថៃមិនសរសេរចូលទៅក្នុងរបៀបវារៈព្រះបរមរាជវាំងឡើយ ព្រោះអាចនឹងខ្លាចបែកការ...។ 

ថ្វីបើមិនមានការបញ្ជាក់ជាសាធារណៈនៅក្នុងរបៀបវារៈផ្លូវការរបស់ព្រះបរមរាជវាំងថៃក៏ដោយ ប៉ុន្តែព្រះរាជដំណើរទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថា ជា«អន្ទាក់ការទូតប្រវត្តិសាស្ត្រ» និងជារឿងសំខាន់បំផុត ដែលកម្ពុជាត្រូវតែតាមដានដោយប្រុងប្រយ័ត្ន។ ការដែលភាគីថៃលើកតម្កើងព្រះរាជដំណើរទស្សនកិច្ចរបស់ស្តេចជូឡាលង្ករ៍ ឬរាមាទី៥ យាងទៅកាន់ប្រទេសបារាំង កាលពីឆ្នាំ១៨៩៧ ធ្វើជាប្រធានបទស្នូលនៃព្រឹត្តិការណ៍ឆ្នាំ២០២៦ នេះ បានដាស់រំលឹកនូវស្រមោលអតីតកាលដ៏ខ្មៅងងឹតនាសម័យអាណានិគម ដែលសៀមធ្លាប់បានប្រើល្បិចការទូត ឆ្កឹះឆ្កៀលឆ្វៀលដីខ្មែរឱ្យបារាំងត្រួតត្រា ដើម្បូីឯករាជ្យភាពរបស់ខ្លួន។ ដោយឡែក នៅក្នុងបរិបទបច្ចុប្បន្ន ក្នុង ដំណើរទស្សនកិច្ចកម្រិតកំពូលនេះ បានកើតឡើងម្ដងទៀត ពោលគឺចំពេលស្ថានភាពព្រំដែនកម្ពុជា-ថៃ កម្រើកឡើងវិញ ជុំវិញការសាងសង់របងព្រំដែន, ការលុចចោល MoU44 តាមទំនើងចិត្ត, ការទាញទ្វារព្រំដែនបិទ ជាឯកតោភាគី, ការបោះបង្គោលព្រំដែន, និងការកាន់កាប់ជ្រៅលើដែនខណ្ឌសីមាទឹកដីកម្ពុជា ដោយខុសច្បាប់។

ដូចនេះ ព្រះរាជដំណើរទស្សនកិច្ចរបស់ស្តេចរាមាទី១០ អាចជាការបង្កប់នូវល្បិចកលយុទ្ធសាស្ត្រក្នុងការស្វែងរកខ្នងបង្អែកការពារផ្លូវច្បាប់ តាមរយៈការលួចចាក់ចង្កេះ និងអែបអបបារាំង ខណៈដែលថៃដឹងក្នុងចិត្តយ៉ាងច្បាស់ថា បារាំង គឺអតីតអាណាព្យាបាលកម្ពុជា និងជាអ្នកខណ្ឌចែកកំណត់ព្រំដែនរវាងប្រទេសកម្ពុជា-ថៃ ដោយផ្ទាល់ដៃ ដូច្នេះ រឿងអីដែលបារាំងមិនមានឯកសារយោង និងជាសាក្សីដ៏សំខាន់មិនអាចខ្វះបាន លើសំណុំរឿងព្រំដែនប្រទេសកម្ពុជា-ថៃដ៏រសើបមួយនេះ? ទោះចង់មិនចង់ ស្តេចថៃ ត្រូវតែប្រើឱកាសនៃព្រះរាជដំណើរទស្សនកិច្ចនេះ ធ្វើជាឈ្លាន់ការពារផលប្រយោជន៍នៃសារនយោបាយការទូត ដូចដែលស្តេចរាមាទី៥ ធ្លាប់បានធ្វើមកលើកម្ពុជាពីសម័យអតីតកាលយ៉ាងដូច្នោះដែរ។ ក្រៅពីអន្ទាក់ការទូតប្រវត្តិសាស្ត្រ «បច្ចេកវិទ្យាយោធា» នៅតែជារឿងរសើប ដែលកម្ពុជាមិនអាចមើលរំលងបាន។ មិនអាចមើលរំលង នោះក៏ព្រោះតែបារាំង គឺជាមហាអំណាចនុយក្លេអ៊ែរមួយដែរ ដែលមានសមត្ថភាពផលិតសព្វាវុធទំនើបជាច្រើន ដែលថៃអាចនឹងបញ្ជាទិញដើម្បីលួងចិត្តបារាំង។

អាចនឹងមានភាគរយច្រើនណាស់ ដែលស្តេចថៃទំនងជាឆ្លៀតឱកាសចរចាជាមួយបារាំងដោយសម្ងាត់ លើកិច្ចព្រមព្រៀងយោធា បន្ទាប់ពីសហរដ្ឋអាម៉េរិកមិនព្រមលក់យន្តហោះចម្បាំង F-35 ឱ្យទៅប្រទេសឈ្លានពានកម្ពុជាមួយនេះ។ តាមរយៈការចាប់ដៃជាមួយបារាំង ដែលជាកំពូលមហាអំណាចបច្ចេកវិទ្យាអឺរ៉ុបមួយ យោធាថៃ អាចនឹងទទួលបានបច្ចេកវិទ្យាផ្កាយរណបផែនដីកម្រិតយុទ្ធសាស្ត្រ និងប្រព័ន្ធរ៉ាដាឈ្លបយកការណ៍ អនុញ្ញាតឱ្យយោធាឈ្លានពានមួយនេះ អាចឈ្លបមើលចលនាកងទ័ព និងទីតាំងឈរជើងរបស់យោធិនកម្ពុជា បានយ៉ាងងាយស្រួលពីលើអាកាសា។ លើសពីនេះ ការពង្រឹងសម្ព័ន្ធភាពដើម្បីធ្វើទំនើបកម្មអាវុធធុនធ្ងន់ ដូចជា ឧទ្ធម្ភាគចក្រយោធា Airbus ឬយន្តហោះចម្បាំងទំនើបៗ ដូចជា ពេជ្ឈឃាតលើមេឃ Rafale អាចនឹងដាក់សម្ពាធឱ្យកម្ពុជា ស្ថិតក្នុងស្ថានភាពចាញ់ប្រៀប និងហានភ័យជានិច្ច មិនថាលើសមរភូមិដីគោក លើអាកាស ឬតំបន់ទាមទារត្រួតស៊ីគ្នានៅក្នុងសមុទ្ទ។ ព្រោះផលប្រយោជន៍ វាមានកម្រិតធំ និងស្អិតល្មួតជាងការរាប់អាន។

បន្ថែមលើនេះ ផែនការទុច្ចរិតដែលកំពុងបង្កប់ខ្លួនក្នុងព្រះរាជដំណើរទស្សនកិច្ចរបស់ស្តេចថៃអាចជា«យុទ្ធសាស្ត្រយកបេះដូងអឺរ៉ុប និងរុញច្រានកម្ពុជាឱ្យខ្ទាតចេញ ហើយធ្លាក់ក្នុងភាពឯកោនៃល្បែងការទូតដ៏រសើបបំផុត»។ តាមរយៈការប្រើប្រាស់ឋានៈខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ ទៅចាប់ដៃមហាអំណាចដល់ក្នុងផ្ទះនេះ វាបានបញ្ជាក់ឱ្យឃើញថា ថៃកំពុងបង្វែរទិសដៅផលប្រយោជន៍នយោបាយ និងសេដ្ឋកិច្ចរបស់លោកខាងលិច ឱ្យផ្អៀងទៅរកខាងខ្លួនវិញ។ នៅពេលដែលបារាំងផ្ដោតលើផលប្រយោជន៍ជាមួយថៃ ដែលជាទីផ្សារសេដ្ឋកិច្ចធំជាង វាអាចនឹងធ្វើឱ្យកម្ពុជាបាត់បង់បង្អែកដ៏រឹងមាំមួយនៅប៉ែកអឺរ៉ុប ហើយរាល់សំឡេងតវ៉ារបស់ខ្មែរប្រឆាំងនឹងការរំលោភបំពានពីភាគីថៃ អាចត្រូវធូរស្រាលជាងមុន ឬត្រូវគេមើលរំលងតែម្ដង។ យុទ្ធសាស្ត្រការទូតនេះ មិនត្រឹមតែធ្វើឱ្យកម្ពុជាឯកោនៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ខំឱ្យខ្មែរត្រូវពឹងផ្អែកលើមហាអំណាចផ្សេងទៀត ដែលជាហានិភ័យភូមិសាស្ត្រនយោបាយដ៏គ្រោះថ្នាក់ ងាយនឹងទាញដៃកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមសាជាថ្មី។

សរុបសេចក្ដីមក ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រថៃ មហាវិជ្ជរ៉ាលង្ករ៍ ទៅកាន់ប្រទេសបារាំងនៅឆ្នាំ២០២៦ នេះ មើលពីសំបកក្រៅហាក់ដូចជាការ សម្ដែងការគួរសម និងការទូតកម្រិតខ្ពស់ធម្មតាៗ ប៉ុន្តែធាតុពិតវាជាល្បិចយុទ្ធសាស្ត្រពិសពុលរបស់ក្រុមអាមាត្យថៃ ដែលបានរៀបចំដណ្តើមយកប្រៀបឈ្នះលើកម្ពុជា ជាពិសេសលើសំណុំរឿងផ្លូវច្បាប់អន្តរជាតិ។ នេះមានន័យថា ថៃបានរៀបចំផែនការយ៉ាងល្អិតល្អន់ ក្នុងការខ្ចីដៃឥទ្ធិពលមហាអំណាចអឺរ៉ុប[បារាំង] ទាំងលើផ្លូវច្បាប់អន្តរជាតិ ព្រំដែន បច្ចេកវិទ្យាយោធា និងឥទ្ធិពលការទូតអន្តរជាតិ ដើម្បីជាផលប្រយោជន៍ក្នុងការដាក់សម្ពាធដោយប្រយោល មកលើប្រទេសជិតខាង ពិសេសគឺប្រទេសកម្ពុជាតែម្ដង។ ប៉ុន្តែថ្វីបើយ៉ាងនេះក្ដី បារាំងទំនងជាដឹងច្បាស់រួចទៅហើយ អំពីល្បិចកិច្ចកលដ៏ពិសពុលរបស់យោធាថៃ ដែលបានបើកការឈ្លានពានកម្ពុជា និងថែមទាំងហ៊ានលុបកិច្ចព្រមព្រៀងអន្តរជាតិស្រេចតែចិត្ត រួចទៅរលាស់អណ្តាតបំភ្លៃការពិតប្រាប់អន្តរជាតិសព្វបែបសព្វយ៉ាង ដ្បិតថៃស្មានតែពួកអឺរ៉ុបត្រចៀក-ស ងាយជឿពាក្យភូតភររបស់ខ្លួន សមនឹងពាក្យចាស់មួយឃ្លាពោលថា «ភូតច្រើនចាញ់អាត្មា!»។ យ៉ាងណា យើងក៏មិនត្រូវភ្លេចខ្លួនដែរ ទោះបីមិត្តភាពកម្ពុជា-បារាំង មានទំនាក់ទំនងស្អិតល្មួតជាប្រវត្តិសាស្ត្រជាមួយគ្នាខ្លាំងក៏ដោយ ក៏មិនត្រូវប្រាកដនឹងជំនឿ «ប្រពន្ធមិនផិត មិត្តមិនក្បត់នោះដែរ»..៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត