ប៉ូលិសវៀតណាមបង្ក្រាបឧក្រិដ្ឋជនមួយក្រុម បម្រុងបើកមជ្ឈមណ្ឌលឆបោកខ្នាតធំ
ហៀប ស៊ីថេត
11 ម៉ោងមុន

រដ្ឋធានីហាណូយ៖ ប៉ូលិសវៀតណាម បានបង្ក្រាបក្រុមសង្ស័យមួយក្រុម ដែលបានព្យាយាមបង្កើតមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញខ្នាតធំមួយនៅក្នុងប្រទេសប្រកាន់របបកុម្មុយនីស្ដមួយនេះ ខណៈបណ្តាញឧក្រិដ្ឋកម្មនេះ កំពុងពង្រីកខ្លួនប្រតិបត្តិការពាសពេញតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមអាជ្ញាធរវៀតណាមប្រកាសនៅថ្ងៃសុក្រទី១២ ខែមិថុនា។

ប៉ូលិសវៀតណាម បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ូលិសនៅក្នុងខេត្តភូថូ (Phu Tho) បានស្រាវជ្រាវរកឃើញ និងបោសសម្អាតក្រុមឧក្រិដ្ឋជនឆ្លងដែនមួយ ដែលមានទំនាក់ទំនងជាមួយក្រុមជម្រិតទារប្រាក់តាមអនឡាញ ដែលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា។ សកម្មភាពបង្ក្រាបនេះ បានទប់ស្កាត់ទាន់ពេលវេលានូវការប៉ុនប៉ងបង្កើតមជ្ឈមណ្ឌលឆបោកដ៏ធំនៅក្នុងប្រទេសវៀតណាម។ មនុស្សចំនួន៤នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះរួមមាន៖ ជនជាតិចិនម្នាក់ និងជនជាតិវៀតណាម៣នាក់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ខាងលើ។

ក្រុមអ្នកស៊ើបអង្កេតបញ្ជាក់ថា ក្រុមនេះបានជួលរមណីយដ្ឋាន ផ្ទះលំហែកាយតាមចម្ការ និងវីឡាជាច្រើនកន្លែងនៅក្នុងរដ្ឋធានីហាណូយ ខេត្តឡាវខៃ(Lao Cai) និងខេត្តភូថូ ដើម្បីទុកជាកន្លែងស្នាក់នៅសម្រាប់មនុស្សរាប់សិបនាក់ ក្នុងដំណាក់កាលរៀបចំដំបូង។ ប្រភពដដែលបន្ថែមថា មនុស្សភាគច្រើនធ្លាប់ធ្វើការនៅក្នុងមជ្ឈមណ្ឌលឆបោកនៃប្រទេសកម្ពុជា ដែលបានរត់ភាសខ្លួនទៅ។ ប៉ូលិសក៏បានដកហូតកុំព្យូទ័ររាប់សិបគ្រឿង ទូរសព្ទដៃរាប់រយគ្រឿង និងឧបករណ៍អ៊ីនធឺណិតជាច្រើន ដែលប្រើប្រាស់សម្រាប់សកម្មភាពឆបោកតាមអនឡាញ ខណៈទីតាំងដែលពួកគេរៀបចំ គឺជិតឈានដល់ដំណាក់កាលបើកដំណើរការទៅហើយ។ ជាមួយគ្នា ប៉ូលិសវៀតណាមបានបញ្ជាក់ថា ប្រតិបត្តិការចុះឆ្មក់បង្ក្រាបនេះ បានទប់ស្កាត់ការកកើតឡើងនៃមជ្ឈមណ្ឌលឆបោកបច្ចេកវិទ្យាខ្ពស់ឆ្លងដែនខ្នាតធំមួយនៅក្នុងប្រទេសវៀតណាម ហើយក៏បានជួយការពារសន្តិសុខជាតិ ក៏ដូចជាការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត