
រាជធានីបាងកក៖ រថយន្តយោធាថៃ ដែលទើបតែធ្វើដំណើរត្រឡប់ពីព្រំដែនវិញ បានក្រឡាប់ផ្ងារឡើងលើ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះនៅខេត្តរយ៉ង បណ្ដាលឱ្យទាហានចំនួន២១នាក់ ផ្លោងខ្ទាតចេញពីរថយន្ត និងរងរបួសយ៉ាងធ្ងន់ធ្ងរ។

នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលមានរថយន្តជាច្រើនគ្រឿងបុកបន្តកន្ទុយគ្នា នៅលើដងផ្លូវស្ថិតក្នុងឃុំធុងក្វៃគីន(Thung Khwai Kin) ស្រុកខ្លែង (Klaeng) ខេត្តរយ៉ង ចំពេលមានភ្លៀងធ្លាក់រលឹម។ គ្រោះថ្នាក់នេះ បានបណ្ដាលឱ្យទាហានថៃ២១នាក់រងរបួស និងដេករេលពេញផ្លូវ។ ភ្លាមៗ កម្លាំងនគរបាល និងក្រុមជួយសង្គ្រោះ បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ហើយបានរកឃើញរថយន្តយោធាប្រភេទកង់៦ មួយគ្រឿងបានក្រឡាប់ផ្ងារជើង នៅលើទ្រូងផ្លូវ ដោយមានសម្ភារៈ និងបរិក្ខារសឹកយោធារាយប៉ាយពេញផ្លូវ។ យោងតាមសម្តីរបស់ទាហានម្នាក់ ពួកគេបានធ្វើដំណើរត្រឡប់មកពីបំពេញបេសកកម្មនៅតាមព្រំដែនក្នុងខេត្តចន្ទបុរី ដើម្បីឆ្ពោះទៅកាន់បន្ទាយនៅក្នុងខេត្តឈុនបុរីវិញ។ ពួកគេបានធ្វើដំណើរជាក្បួន ដែលមានរថយន្តចំនួន៣គ្រឿង។

ហេតុការណ៍ដែលមិននឹកស្មានដល់មួយទៀត បានកើតឡើងជាលើកទី២ ដោយរថយន្តយោធាមួយគ្រឿងទៀត បើកមកពីក្រោយ រួចក៏រអិលផ្លូវហើយជ្រុលចង្កូតទៅបុកនឹងរថយន្តកង់៦ មួយគ្រឿងទៀតដែលកំពុងចត។ កម្លាំងបុកនោះ បានបណ្ដាលឱ្យទាហាន ២នាក់ខ្ទាតចេញពីរថយន្ត ធ្វើឱ្យម្នាក់រងរបួសធ្ងន់ធ្ងរ។ សរុប មានទាហានចំនួន២១នាក់ ដែលបានរងរបួសធ្ងន់ធ្ងរ។ សូមជម្រាបថា រថយន្តទាំង៣គ្រឿងនេះបានដឹកទាហានសរុបចំនួន៦៤នាក់ ដើម្បីត្រឡប់ទៅបន្ទាយខេត្តឈុនបុរីវិញ។ សាក្សីបានអះអាងថា ហេតុការណ៍នេះផ្តើមចេញពីរថយន្តភីកអាប់មួយគ្រឿង បន្ថយល្បឿនត្រៀមបត់ចូលបន្ទាយយោធា ធ្វើឱ្យរថយន្តយោធាខាងក្រោយជាន់ហ្វ្រាំងមិនស៊ី រួចរេទៅបុករថយន្តដឹកទំនិញប្រអប់បិទជិតមួយ ទើបធ្វើឱ្យរថយន្តយោធារអិលផ្លូវ បុករបាំងពុះចែកផ្លូវ រួចក្រឡាប់ផ្ងារ។ ក្រោយមករថយន្តយោធាមួយគ្រឿងទៀតជ្រុលចង្កូតទៅបុករថយន្តយោធាមួយគ្រឿងផ្សេងទៀត ដែលកំពុងចតនៅកន្លែងកើតហេតុ៕





