មន្ត្រីជំនាញ បន្តចុះពិនិត្យ និងវាយតម្លៃការខូចខាតផ្លូវកៅស៊ូ៨ខ្សែ រងផលប៉ះពាល់ដោយទឹកជំនន់
អ
អុន សម្ផស្ស
•
13 ម៉ោងមុន

អន្តរខេត្ត៖ ផ្លូវកៅស៊ូពីរជាន់ (DBST) ចំនួន៨ខ្សែ ស្ថិតក្នុងក្របខណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) បានរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ក្នុងនោះ មានផ្លូវមួយចំនួនត្រូវបានទឹកហូរច្រោះស៊ីដាច់ជើងទេរ និងផ្លូវមួយចំនួនទៀតត្រូវបានទឹកហូរកាត់ផ្តាច់តួផ្លូវ បណ្ដាលឱ្យផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន...។

លោក នួន ដាញ៉ិល រដ្ឋលេខាធិការ និងជានាយកកម្មវិធី RID4CAM ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែង កាលពីថ្ងៃទី៥ និងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅខេត្តបាត់ដំបង និងខេត្តកំពង់ធំ ដើម្បីវាយតម្លៃពីផលប៉ះពាល់ និងកំណត់វិធានការជួសជុលស្តារឡើងវិញ។ របាយការណ៍ពីក្រសួងអភិវឌ្ឍន៍ជនបទ បញ្ហាញថា នៅខេត្តបាត់ដំបង មានផ្លូវចំនួន២ខ្សែបានរងការខូចខាតរួមមាន៖ ផ្លូវដំបូកខ្ពស់-វត្តកណ្ដាល ប្រវែងជាង១៤គីឡូម៉ែត្រ ត្រូវបានទឹកហូរច្រោះ និងបាក់ជើងទេរប្រវែងប្រមាណ ២គីឡូម៉ែត្រ ព្រមទាំងមានការហូរកាត់ផ្តាច់តួផ្លូវមួយកន្លែង បណ្ដាលឱ្យផ្អាកការធ្វើចរាចរណ៍ដោយរថយន្តជាបណ្តោះអាសន្ន។ ចំណែកផ្លូវ រ៉ា-ស្ពាន ក៏ត្រូវបានទឹកជន់លិចប្រមាណ៦គីឡូម៉ែត្រ និងរងការហូរច្រោះស៊ីដាច់ជើងទេរជាអន្លើរ ប្រវែងប្រមាណ២គីឡូម៉ែត្រ ព្រមទាំងមានការហូរកាត់ផ្តាច់តួផ្លូវចំនួន២កន្លែង ធ្វើឱ្យការធ្វើចរាចរណ៍ត្រូវបានផ្អាកជាបណ្តោះអាសន្ន។

ដោយឡែក នៅខេត្តកំពង់ធំ ផ្លូវកៅស៊ូចំនួន៦ខ្សែ ក៏បានរងការខូចខាតដោយសារទឹកជំនន់ រួមមាន៖ ផ្លូវឥន្ទកុមារ-តាប៉ោង ប្រវែង៩,៥គីឡូម៉ែត្រ, កំពង់ឈើទាល-គោកស្រុក ប្រវែង៦,៨គីឡូម៉ែត្រ, តាំងក្រសៅ-ប្រឡាយ ប្រវែង៥,៣គីឡូម៉ែត្រ, ប្រឡាយ-តាប៉ោង ប្រវែង៤,៨គីឡូម៉ែត្រ, កំពង់ឈើទាល-ប្រឡាយ ប្រវែង១៤,៦គីឡូម៉ែត្រ និង តាអោក-កំពីងតាគង់ ប្រវែង៤,៧គីឡូម៉ែត្រ។ យោងតាមមន្ត្រីក្រសួង ផ្លូវទាំង៦ខ្សែនេះ ត្រូវបានទឹកជំនន់ហូរច្រោះ និងស៊ីដាច់ជើងទេរជាអន្លើរ ដោយក្នុងនោះ ផ្លូវឥន្ទកុមារ-តាប៉ោង រងការខូចខាតជើងទេរប្រវែងសរុបជាង២គីឡូម៉ែត្រ ខណៈផ្លូវកំពង់ឈើទាល-គោកស្រុក រងការខូចខាតជើងទេរប្រវែងសរុបជាង២គីឡូម៉ែត្រ។ ផ្លូវតាំងក្រសៅ-ប្រឡាយ និងប្រឡាយ-តាប៉ោង រងការខូចខាតជើងទេរប្រវែងសរុបជាង១គីឡូម៉ែត្ររៀងៗខ្លួន។ ចំណែកផ្លូវកំពង់ឈើទាល-ប្រឡាយ និងតាអោក-កំពីងតាគង់ រងការខូចខាតដោយទឹកជំនន់ និងមានការស៊ីដាច់ជើងទេរបន្តិចបន្តួច។

ក្រោយពីពិនិត្យស្ថានភាពផ្លូវដែលរងការខូចខាត លោក នួន ដាញ៉ិល បានណែនាំឱ្យក្រុមទីប្រឹក្សាបច្ចេកទេស (PIC) សហការជាមួយក្រុមហ៊ុន ចុះសិក្សា និងវាយតម្លៃលម្អិតអំពីការខូចខាត ដើម្បីរៀបចំរបាយការណ៍បច្ចេកទេស និងស្នើសុំការគាំទ្រពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) សម្រាប់ជួសជុល និងស្តារផ្លូវទាំង៨ខ្សែឡើងវិញ។ គួរបញ្ជាក់ថា ផ្លូវទាំង៨ខ្សែ គឺជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ដែលត្រូវបានសាងសង់ក្នុងក្របខណ្ឌកម្មវិធី RID4CAM។ ផ្លូវចំនួន២ខ្សែនៅខេត្តបាត់ដំបង បានបញ្ចប់ការសាងសង់តាំងពីខែសីហា ឆ្នាំ២០២៥ ខណៈផ្លូវចំនួន៦ខ្សែនៅខេត្តកំពង់ធំ បានបញ្ចប់ការសាងសង់ក្នុងខែកញ្ញា ឆ្នាំ២០២៦ ប៉ុន្តែមិនទាន់បានប្រគល់-ទទួលជាផ្លូវការនៅឡើយ។ ការជួសជុលស្តារផ្លូវទាំងនេះ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព ដើម្បីធានាឱ្យបណ្តាញផ្លូវជនបទ ដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង អាចដំណើរការប្រើប្រាស់បានឡើងវិញ និងសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត