
រដ្ឋធានីហាណូយ៖ ក្រុមហ៊ុនយក្ស Vingroup របស់វៀតណាម កំពុងពន្លឿនការសាងសង់កីឡដ្ឋានមួយដែលមានឈ្មោះថា «ត្រុងដុង ឬ Trong Dong Stadium» ក្នុងតំបន់ជាយនៃរដ្ឋធានីហាណូយ ហើយវានឹងក្លាយជាកីឡដ្ឋានធំបំផុតនៅលើពិភពលោក ដោយអាចផ្ទុកទស្សនិកជនបានចំនួន១៣៥០០០នាក់។ យ៉ាងណា អ្នកជំនាញមើលឃើញថា វាមិនសមហេតុផលទាល់តែសោះ ក្នុងការសាងសង់ពហុកីឡដ្ឋានដ៏ធំសម្បើមបែបនេះ ព្រោះអ្នកមើលតិចណាស់។

តំណាងក្រុមហ៊ុន Vingroup បានប្រាប់ភ្នាក់ងារព័ត៌មានរ៉យទ័រថា កម្មកររាប់ពាន់នាក់កំពុងធ្វើការងារទាំងយប់ទាំងថ្ងៃនៅទីតាំងសាងសង់ ដែលមានចម្ងាយប្រហែល ២៥គីឡូម៉ែត្រពីរដ្ឋធានីក្រុងហាណូយ។ ការសម្រុកសាងសង់នេះ គឺដើម្បីបញ្ចប់គម្រោងនេះឱ្យបានត្រឹមខែកក្កដា ឆ្នាំ២០២៧។ ក្រុមហ៊ុន Vingroup គឺជាក្រុមហ៊ុនមានតម្លៃមូលធននីយកម្មទីផ្សារធំបំផុតនៅក្នុងប្រទេសវៀតណាម ហើយកំពុងដំណើរការគម្រោងជាច្រើនក្នុងពេលដំណាលគ្នា រួមមាន ផ្លូវរថភ្លើងល្បឿនលឿន ការអភិវឌ្ឍទីក្រុង និងរោងចក្រថាមពលខ្យល់ជាដើម។ ជាមួយគ្នា ក្រុមហ៊ុនយក្សមួយនេះ អះអាងថា កីឡដ្ឋាននេះ នឹងមានសមត្ថភាពផ្ទុកកៅអីបានច្រើនបំផុតនៅលើពិភពលោក ហើយក៏នឹងមានដំបូលបើកបិទបានផងដែរ។ ក្រុមហ៊ុន Vingroup បានបញ្ជាក់បន្ថែមថា ទំហំនៃគម្រោងនេះឆ្លុះបញ្ចាំងពីផែនការក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា និងវប្បធម៌ខ្នាតធំ រួមទាំងការប្រគំតន្ត្រីកម្រិតពិភពលោកផងដែរ។

ជុំវិញការសាងសង់នេះ លោក ជេម វាល់តុន (James Walton) ប្រធានក្រុមអាជីវកម្មកីឡានៃក្រុមហ៊ុន Deloitte អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា៖«ទោះបីជាកីឡាបាល់ទាត់ពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាមក៏ដោយ ប៉ុន្តែវាហាក់ដូចជាមិនសមហេតុផលទេដែលថា កីឡដ្ឋានដែលអាចផ្ទុកមនុស្ស១៣៥០០០នាក់ អាចរស់បានដោយពឹងផ្អែកតែលើតម្រូវការបាល់ទាត់ក្នុងស្រុកតែមួយមុខនោះ»។ ជាចុងក្រោយ លោកក៏បានកត់សម្គាល់ថា លីគកំពូលរបស់វៀតណាម (ឬ V.League 1) មានអ្នកទស្សនាជាមធ្យមតិចជាង៦០០០នាក់ក្នុងមួយប្រកួត សម្រាប់រដូវកាល២០២៣-២០២៤៕





